Wednesday, May 18, 2011

ផ្ការោយ

by Tararith

ស្រទាប់ផ្ការោយ            ក្រហមគួរឲ្យ
មានចេតនាក្រៃ              សន្លឹកស្រពោន
តាមកំដៅថ្ងៃ                 នឹងមានន័យអ្វី
បង់លម្អទៅ។
មុននេះរីកស្គុះ                ហេតុម្ដេចរោយរុះ
ជ្រុះពាសទ្រូងផ្លូវ            ក្លាយជាសម្រាម
អភ័ព្វអាស្រូវ                ព្រោះតែរដូវ
ព្យុះព្យោបោកបក់។
ស្រទាប់ផ្កាអើយ            ធ្លាក់ដល់ដីហើយ
ធម្មជាតិស្រូបឆក់           យកលម្អស្រស់
ចេញពីកញ្ចក់                ល្អ ឬអាក្រក់
បែងចែកមិនបាន។
លេចធ្លោឆើតឆាយ         រុងរឿងសប្បាយ
នៅឆ្ងាយពីឋាន              បើជ្រុះធ្លាក់ហើយ
សម្ភស្សដែលមាន          និងភាពថ្កើងថ្កាន
បានត្រឹមសាបសូន្យ៕

No comments:

Post a Comment