Wednesday, May 18, 2011

មេឃចែកពណ៌

by Tararith

សង្គមដែលល្អ               ប្រជាបវរ                រស់នៅសុខសាន្ដ
មានសេរីភាព                    ផុតទុក្ខរំខាន               ជីវិតថ្កើងថ្កាន
ដោយសមភាព។
សង្គមគ្មានពណ៌                រាស្រ្តមានជំនឿ           លើសមត្ថភាព
នៃអ្នកដឹកនាំ                      ដឹកនាំមិនគាប             សង្កត់បន្ទាប
ប្រជាជនឯង។
តែនេះឃើញច្បាស់           លើដីពណ៌ខ្លះ              គួរឲ្យចំបែង
ខ្មៅក្រហមឆេះ                  បាញ់បោះបែកផ្សែង    សម្លាប់ជាតិឯង
យកតំណែងធំ។
លាបពណ៌ឲ្យរាស្រ្ត           លាបពណ៌តែពាស     លើមនុស្សដូចនំ
ពណ៌ចែកទឹកដី                  បក្ខពួកផ្សំផ្គុំ                បាត់អស់ឧត្តម
គតិជាមនុស្ស។
ឃើញមេឃចែកពណ៌      ចែកទាំងជំនឿ             ត្រូវទៅជាខុស
សទៅជាខ្មៅ                    រលួយសាយសុះ          នេះជាកំហុស
របស់មេឃា។
មេឃចែកពណ៌ខ្មៅ          ទៅឲ្យជនខ្លៅ               នាំទុក្ខវេទនា
ប្រវត្តិហូរហែ                    ខ្មែររងគ្រាំគ្រា              ព្រាត់ប្រាសផងគ្នា
កំព្រាសព្វថ្ងៃ។
មេឃឲ្យក្រហម               ខ្វះការថ្នាក់ថ្នម              ជីវិតគ្មានន័យ
ឃើញតែសម្លាប់              ចាប់ចងប្រល័យ          ពណ៌ខុសនិស្ស័យ
ខ្មែរក្ស័យរាប់លាន៕

No comments:

Post a Comment