Wednesday, May 25, 2011

ក្រៅក្រម

by C write
and Tararith


រៀនសូត្របានចេះ          គ្រប់គ្រាន់ចំណេះ       ក្លាយជាចៅក្រម
ព្រះរាជអាជ្ញា                 រៀបឫកហួនហំ          និយាយចំៗ
រឿងពុករលួយ។
ច្បាប់នៅលើអញ          បើមិនចង់ចាញ់          សួរឆ្លើយមួយៗ
បើហ៊ានចំណាយ           ម្ចាស់ប្រាក់កុំព្រួយ      ចៅក្រមជ្រោមជួយ
ខ្មៅប្រែទៅស។
ច្បាប់មនុស្សអ្នកសាង     ចៅក្រមសំអាង         សួរនាំលម្អ
បង្វែរសាច់រឿង             បន្លាចអ្នកក្រ             អាក្រក់ឬល្អ
លើមាត់អ្នកច្បាប់។
មិនចាំបាច់រៀន              បើមានធនធាន          ធ្វើចៅក្រមឆាប់
ច្បាប់ក្នុងសៀវភៅ         យកទៅទុកផ្កាប់         ព្រោះពិបាកត្រាប់
តាមសង្គមថ្មី។
បើមានខ្នងខ្សែរ              ជួយជ្រោមហូរហែ      ងាយដោះណាស់ក្ដី
បក្សពួកគ្នាយើង            កាន់ជើងបានឆី          ត្រូវតែចាញ់ក្ដី
អ្នកអត់បង្អែក។
បត់តាមវេលា               កាត់តាមបញ្ជា           មិនបាច់ទុកស្អែក
គុកមានដាក់មនុស្ស        មានអីចំឡែក            ចៅក្រមអ្នកចែក
ត្រូវទៅអ្នកមាន។
អ្នកក្រចាញ់ក្ដី                អស់ផ្ទះអស់ដី           គេរឹបបំពាន
មានតែទឹកភ្នែក              បង្ហូរជាទាន               វិចារណញាណ
ប្ដឹងទៅព្រះម្ដង៕

No comments:

Post a Comment