Wednesday, May 25, 2011

ទទឹកស្លាប

by Prasat


បន្ទាប់ពីចាញ់ក្ដី                    អន់សម្ដីគួរអនិច្ចា
ឥឡូវទើបដឹងថា                   បុណ្យវាសនាជិតអស់ហើយ។
ប្រសិនអង្គជំនុំ                     ជម្រះជុំសួរចម្លើយ
ការពិតមិនឆ្ងាយឡើយ          ក្លាយជាឈ្លើយប្រជាជន។
ធ្លាប់ធ្វើជាមេគុក                  រស់ស្រណុកផុតទារុណ
ពារឆ្លងមកជោរជន់               ទោះយប់យន់យល់សុបិន្ដ។
មានឌុចជាមេរៀន                 ពីមុនហ៊ានជាន់សង្កិន
ខ្លាំងបានតែបង្ហិន                  ស៊ីឆៅឆ្អិនខ្មែរគ្នាឯង។
យុត្តិធម៌ពិតជាមាន               អ្នកបំពានហ៊ានសម្ដែង
ពើងទ្រូងឥតបើក្រែង            ស្រែកក្ដែងៗអាងអំណាច។
ប្រជាធ្លាប់រងគ្រោះ                មិនចង់ឈ្លោះជនកំណាច
សុខចិត្តសែនបើអាច            ព្រោះតែខ្លាចប្រវត្តិសាស្រ្ត។
សព្វថ្ងៃផ្សេងពីមុន                រាស្រ្តមានទុនចេះដឹងច្បាស់
ស្គាល់អ្នកក្លែងខ្លួនខ្លះ             ចង់ដឹងណាស់រកខុសត្រូវ។
ត្រូវប្ដឹងកុំទុកយូរ                  ហ៊ានតស៊ូបម្រះទៅ
យុត្តិធម៌នៅលើផ្លូវ               នាំគ្នាទៅតាមច្បាប់ក្រម។
ករណីសូន្យសូន្យបួន            ទាញយកខ្លួនមេវាយដំ
ទោះងារឯកត្តម                  ចាប់ឲ្យចំពួកក្រហម៕


No comments:

Post a Comment