Wednesday, May 25, 2011

រដូវវស្សា

by Tararith


សំឡេងផ្គលាន់ឮគ្រលួច               ខ្យល់អើយបក់គួចនាំភ្លៀងមក
ទាំងយប់ទាំងថ្ងៃដុំពពក                 ខ្មួលខ្មៅគគោកលើវាលស្រែ។
ទឹកដក់តាមវាលដ៏ធំធេង                រនាស់រាស់រេងស្មៅហូរហែ
ក្លិនម្អមភាយចេញតាមខ្យល់ដែរ      ក្ដាមខ្យងជួបស្នេហ៍ដើមរដូវ។
ឪសត្វលលកហើរទាំងហ្វូង            ចេញពីជ្រលងសំដៅទៅ
ទីវាលពង្រោះចឹកគ្រាប់ស្រូវ           តែត្រូវម្ចាស់ស្រែបង្កូកដេញ។
ឯគោក្របីកជាប់នឹម                      ផ្ដល់ក្ដីសង្ឃឹមខំបញ្ចេញ
កម្លាំងពលំលុះហូរចេញ                កាត់ភក់រលេញកណ្ដាលភ្លៀង។
ក្មេងខ្លះរើសខ្យងបេះត្រកួន             ខ្លះសូរក្រអួនបញ្ចេញសៀង
ស្រណោះម្ចាស់ស្រែខ្លះកាន់ឈ្នាង   ជញ្ជាត់វាត់វាងតាមកូនត្រី។
បាយប្រហុកដុតខ្ចប់ស្លឹកចេក          ត្រីកប់ឆ្ងាញ់ពេកអន្លក់ខ្ចី
ជីវិតអ្នកស្រែមានរសន័យ              មិនដែលព្រួយភ័យខ្លាចក្ដីក្រ។
មិនដែលគិតចង់បានអំណាច          មិនឲ្យគេខ្លាចកោតកុះករ
ប្រាថ្នាតែសុខសាន្ដបវរ                  បានរស់កំដរទ្វីបលោកិយ៕

No comments:

Post a Comment