Tuesday, May 31, 2011

អាត្មានិយម

by Tararith 

អ្នកដោះលែងចាប           ប្រាថ្នាគេចបាប            ចង់បានសេរី
ដូចរងទុក្ខយូរ                  ថ្ងៃណាផុតភ័យ            បើតាមសម្ដី
គ្មានសោះសុខសាន្ដ
ចាបអើយហើរទៅ            ទៅរកលំនៅ               ទីសុខក្សេមក្សាន្ដ
សូមជួបមង្គល                ចាកផុតពីឋាន             ទុក្ខទោសដល់ប្រាណ
ខ្ញុំបានសង្រ្គោះ។
ឯទុក្ខទោសខ្ញុំ                   ប្រាកដពឹងសុំ              ចាបជួយលាងលោះ
នាំទៅជាមួយ                  ទម្លាក់ចូលជ្រោះ          កុំឲ្យមានគ្រោះ
គ្រាំគ្រាថ្ងៃក្រោយ។
ធ្លាប់ពុករលួយ                ស៊ីសព្វជំនួយ              ដែលគេផ្ដល់ឲ្យ
អង្គុយលើច្បាប់               បណ្ដែតបណ្ដោយ        ខុសត្រូវក៏ដោយ
ខ្ញុំជាអ្នកឈ្នះ។
ដណ្ដើមដីធ្លី                     ប្រវ័ញ្ចវក់វី                  រឹបយកទាំងផ្ទះ
អំណាចដែលមាន            កុំថាឡើយព្រះ             កំទេចវិនាស
បើរំខានចិត្ត។
ខ្ញុំទើបដឹងខុស                 ចាបជួយសណ្ដោស     ឲ្យផុតងងឹត
សម្បត្តិដែលមាន             ទន្រ្ទានឲ្យគិត               ស្តាយក្រោយពេកពិត
ជីវិតមុននេះ។
មិនគួរនឹងធ្វើ                    ប្រព្រឹត្តអំពើ                ដើរលើជាន់ជិះ
ស៊ីញើសឈាមគេ           ខ្ញុំភ្ញាក់ពេលនេះ            យកមកត្រិះរិះ
សុំលែងតាមចាប។
ខ្ញុំបន់អស់ហើយ              ចាបកុំព្រងើយ             ជួយសង្រ្គោះបាប
ធនធានដែលមាន             លែងចាបដ៏រាប           កុំឲ្យដុនដាប
ដូចបណ្ដាសារ៕

No comments:

Post a Comment