Sunday, June 19, 2011

អនុស្សាវរីយ៍

by Tararith and C write

អនុស្សាវរីយ៍ពីកម្លោះ                   ស្រឡាញ់ស្ម័គ្រស្មោះទាំងអស់ស្រី
រហូតក្លាយខ្លួនជាកវី                      ចារកាព្យវែងខ្លីពីឱរ៉ា។
មានចិត្តប្រតិព័ទ្ធលើមាសមុំ            ធ្លាប់អង្វរសុំសាវតា
លន់តួគ្រប់ម៉ាត់សុំរៀបការ             នាងមិនស្ដីថាមិនប្រកែក។
រាប់ឆ្នាំខំតាមទាំងកាយចិត្ត              លនាងអាណិតជួយរំលែក
ផ្សះផ្សាដួងចិត្តដែលប្រេះបែក         ឲ្យឈប់សង្វេគនឹងស្នេហា។
ច្រើនឆ្នាំទ្រាំចាំនាងរៀនចប់             ព្រងើយបែរស្អប់ពេញនេត្រា
នាងមិនដែលមើលខ្ញុំម្ដងណា          សូម្បីវាចារក៏មិនឆ្លើយ។
ឬមួយដោយរូបស្រស់ប្រិមប្រីយ៍    មិនសមកវីចែងទៀតឡើយ
ឬក៏អូនប៉ងហួសពីត្រើយ               ដែលបងមានហើយអូនមិនស្កប់។
បានដឹងថាអូនទៅស្រុកគេ              បងមិនទំនេរប្រឹងគ្រប់សព្វ
ចុងក្រោយដឹងថាស្រីនាងកប់          ចិត្តមិនត្រលប់មកស្រុកខ្មែរ។
មនុស្សម្នាក់ឲ្យខ្ញុំគិតរៀបរៀង         តែងកាព្យចម្រៀងពីមាសស្នេហ៍
សរសេរមិនអស់កាលនៅក្បែរ       ឥឡូវបែកបែរឥតដំណឹង។
កាលមុនរៀមបងចងចិត្តបាន          តែងពីកល្យាណប្រាណសញ្ជឹង
គិតដល់រូបរាងនាងម្នាក់ហ្នឹង           គិតដល់ព្រលឹងជាងខ្លួនឯង។
គិតហើយគិតទៀតឆ្លៀតចងចារ      ប្រវត្តិសាវតាបងចម្បែង
ឥឡូវឆ្ងាយគ្នាទ្រូងសង្រែង             អស់ពាក្យនឹងថ្លែងតែងពីនាង។
បានត្រឹមតែគិតអាណិតខ្លួន             ប្រាថ្នាជួបជួនបែរជាវាង
ធ្វើអស់តែងកាព្យតែងចម្រៀង       ពីម្នាក់គឺនាងក្នុងចិត្តខ្ញុំ៕

No comments:

Post a Comment