Wednesday, July 20, 2011

ស្នាម

by Tararith
ទួលស្លែងថ្លែងប្រាប់ភាពរន្ធត់            មិនអាចពន្លត់ប្រវត្តិសាស្រ្ដ
ខ្មែរគ្រប់គ្នាដឹងយ៉ាងជាក់ច្បាស់          ថានរណាខ្លះជាឃាតក។
រូបជនរងគ្រោះនៅជ្រ                     មិនអាចផ្លាស់ប្ដូរទៅជាស
សម័យខ្មៅនោះច្រើនតំណរ              ខ្មែរស្លាប់ខ្មែរក្រតកូចៅ។
ដំណើរកាត់ទោសមិនប្រក្រតី            ទោសច្រើនករណីត្រូវគេដៅ
ឲ្យនៅត្រឹមពីរចៀសកោះហៅ            អ្នកមកពីក្រៅប៉ះចៅហ្វាយ។
សម្លាប់ប្រជារាប់លាននាក់                ជាប់អន្ទាក់ត្រឹមអ្នកត្រួសត្រាយ
ដើរតាមពីក្រោយនយោបាយ            បរទេសខាងអាយកាច់ចង្កូត។
បើយុត្តិធម៌ពិតជាមាន                      ចរឹតឈ្លានពានពិតរបូត
អំណាចធំធេងត្រូវដកហូត                ខ្មែរសុខរហូតគ្មានអ្វីប្រៀប។
បើមេឃាតកគ្មានទោសទណ្ឌ            ទទួលរង្វាន់សន្ដិភាព
ខ្មែរពិតជារស់ជាប់គំនាប                  ជាតិគេមានប្រៀបគាបយកដី៕

1 comment:

  1. សុំ​ដក​ដង្ហើម​ធំមួយ :(

    ReplyDelete