Tuesday, August 2, 2011

ភ្លើង

by Tararith


ភ្លើងឆេះគុម្ពព្រាលរាលគុម្ពព្រេច       ពុករលួយតិចឈ្លេចដាក់គុក
ទៅជាឧកញ៉ាមិនជួបទុក្ខ                សម្ងំយកមុខមាត់កេរ្តិ៍ឈ្មោះ។
អាណិតទាហាននិងប៉ូលីស             គេប្រើឲ្យជិះជាន់មនុស្សរស់
វាយដំប្រជារហូតគ្រោះ                  បញ្ជាឲ្យឈ្លោះគេយកផល។
មន្រ្តីខ្លះមិនបម្រើជាតិ                    ចេញមុខឈ្លបឆ្លៀតប្រើល្បិចកល
កាប់ឈើកាប់ព្រៃមិនខ្វាយខ្វល់         មិនដែលគិតដល់សង្គមសោះ។
ខ្លះមានថានៈតំណាងខ្មែរ                ខ្ពង់ខ្ពស់ពូកែឥតចន្លោះ
ធាតុពិតរឹបលក់ដីស្រស់ៗ               អួតថាខ្លួនស្មោះត្រង់នឹងជាតិ។
សម្បត្តិហូរហៀរកៀរតាមចិត្ត          គ្មានក្ដីអាណិតមានកលស្នៀត
អភិវឌ្ឍន៍ឲ្យរាស្រ្តទោសច្រើនទៀត    បង្កើតវិវាទរៀងរាល់ថ្ងៃ។
ថ្ងៃមួយភ្លើងរាលដល់គុម្ពព្រេច          ភ្លើងឆេះកំទេចជនព្រៃផ្សៃ
ដែលប្រហារមនុស្សយកស្នាដៃ         ព្រេចនឹងឆេះក្ស័យដល់ឫសគល់៕

No comments:

Post a Comment