Friday, October 28, 2011

ភ្លៀងមិនល្អ


 by Tararith

គ្រាប់ភ្លៀងដែលស្រក់    ស្រោចស្រពបឹងកក់
រំលាយលំនៅ                គ្រាប់ភ្លៀងគ្រាប់ខ្សាច់
លុបបឹងទឹកជ្រៅ            បង្កើតសត្រូវ
នឹងខ្មែរក្រីក្រ។
ទឹកភ្លៀងជោកជាំ           ធ្លាក់ពិបាកទ្រាំ
ទឹកមានកករ                 ដក់ពេញផ្ទៃបឹង
ទីអស់លម្អរ                   ទឹកភ្នែកឈូឆ
តវ៉ាផុលផុស។
ទឹកភ្លៀងទឹកប្រាក់         រំលាយសច្ចៈ
បង្កកំហុស                    យកជាតិសាសន៍ឯង
បំលែងជាឪស               ដុតរោលលាងដុស
ដោយពាក្យសម្ដី។
ទឹកភ្លៀងក្រខ្វក់             ច្រាលចូលបឹងកក់
ដោយសារមន្ដ្រី             ឲ្យខ្មែរឈឺចាប់
ធ្លាក់ខ្លួនក្រក្រី                បន់ម្ចាស់ទឹកដី
សុំអន្ដរាគមន៍។
សុំជួយទប់ទឹក               ភ្លៀងធ្លាក់គគ្រឹក
ធ្លាក់ឲ្យខ្មែរយំ                ព្រះក៏ព្រងើយ
ព្រះអង្គជាប់ឃុំ              ព្រះកេសគេឃ្លុំ
ដោយម្កុដដាំពេជ។
ភ្លៀងរំលាយស្រុក         រងកម្មចាប់ចុក
ពិបាកនឹងគេច               ប្ដឹងតុលាការ
គេក៏បំភ្លេច                    មានតែរត់គេច
ទាំងក្ដីសោកសៅ។
ភ្លៀងធ្លាក់មិនល្អ            បង្ហូរស្រៗ
បង្កដំបៅ                       របួសសព្វសាច់
ស្នាមដាមក្រឡៅ           ភ្លៀងធ្លាក់សំដៅ
បំផ្លាញក្ដីសុខ។
ទឹកភ្នែកយំយែក            ភ្លៀងបានខណ្ឌចែក
ទ្រូងខ្មែរចាប់ចុក            សាច់ឈាមតែមួយ
ម្ខាងព្រួយតត្រុក            ម្ខាងទៀតស្រណុក
លើទុក្ខប្រជា៕
សង្ឃឹមភ្លៀងថ្មី               ថ្លៃថ្លាប្រពៃ
ខ្មែរផុតវេទនា                បឹងកក់វិលមក
ម្ចាស់ដើមគ្រប់គ្នា           ច្បាប់នឹងផ្ដន្ទា
ដល់ឧក្រិដ្ឋជន៕          

No comments:

Post a Comment