Friday, October 28, 2011

ភូមិខ្មែរ


By C write
and Tararith

ស្នូរកាំភ្លើងលាន់            អ្នកស្រុករាប់ពាន់           រត់ជាន់ជើងគ្នា
កាំភ្លើងតូចធំ                បាញ់ជ្រុំផ្ដន្ទា                 ដល់ខ្មែរដូចគ្នា
នាភ្នំដងរែក។
ខ្មែរជាសត្រូវ                បែកបាក់គ្នាទៅ             គួរឲ្យសង្វេគ
ម្ខាងនៅក្នុងស្រុក           មិនសុខឆ្លៀតហែក         ម្ខាងទៀតគេចែក
ជាបច្ចាមិត្ត។
ចែកជាពួកបក្ស             ប្រលូកប្រឡាក់             មិនដែលឡើយគិត
ខ្មែរឈាមតែមួយ           សែនព្រួយជីវិត             សង្រ្គាមរួតរឹត
គិតតែអំណាច។
សត្រូវគ្នាឯង                ម្នាក់ៗសម្ដែង               ឲ្យប្រជាខ្លាច
នាំជនបរទេស              ដេសដាសមកបាច         វប្បធម៌កោងកាច
សម្លាប់ជាតិឯង។
ភូមិដ្ឋានធ្លាប់ស្ងប់           ឥឡូវត្រលប់                 ដណ្ដប់ដោយផ្សែង
ស៊ីអស់ឆ្កែឆ្មា                 ប្រហារឥតក្រែង            ដុតផ្ទះសម្បែង
ជាតិឯងអុជអាល។
គ្មានសល់សម្បត្តិ           ចោរលួចស្ងាត់ៗ            គ្មានអ្នកឈឺឆ្អាល
ភូមិកំណើតនេះ            នៅដាច់ស្រយាល          សង្រ្គាមរាលដាល
ថ្ងៃណារលត់។
យប់ថ្ងៃឮសូរ                 អ្នករបួសថ្ងូរ                  គួរឲ្យរន្ធត់
គ្មានអ្នកសង្រ្គោះ            គេឈ្លោះយើងរត់           ជីវិតទុរគត
នេះជាប្រវត្តិ។
ភូមិដាច់ស្រយាល          គ្មានអ្នកឈឺឆ្អាល           ជួយអភិវឌ្ឍន៍
ឮតែសំឡេង                វិទ្យុបស់រដ្ឋ                   ប្រកាសទៀងទាត់
ប្រយុទ្ធបានជ័យ។
មានទាហានច្រើន          ស្រុកមិនចម្រើន            បាត់ប្រពៃណី
សូរអាវុធផ្ទុះ                 ទម្លុះព្រឹក្សព្រៃ               មិនបានឲ្យន័យ
ដូចពាក្យប្រកាស។
ឃើញតែទឹកភ្នែក           អ្នកភូមិយំយែក             ស្ទើរបែកអាកាស
យំព្រោះតែព្រាត់           ញាតិគាត់ស្ដាយណាស់    ម្នាក់ៗបម្រះ
យករួចជីវិត។               
នៅជាប់ជើងភ្នំ              ផ្ទះតូចៗជុំ                   ក្បែរស្រះព្រលិត
យូរឆ្នាំមកហើយ            មិនស្បើយងងឹត            រំសេវរួមរឹត
គិតហើយស្រណោះ។
ស្រណោះស្រុកភូមិ        ស្រណោះកូនខ្ទម           ខ្យល់ផាត់យកអស់
សង់ថ្មីរឿយៗ               គ្មានឡើយរបស់            ជីវិតក្រៀមក្រោះ
អស់ភូមិកម្សត់។
ស្រណោះញាតិមិត្ត         ខ្លះបង់ជីវិត                  ខ្លះសែនក្រខ្សត់
ស្រឡាញ់ភូមិស្រុក         សម្រុកបែនបត់             វេលាកំណត់
រត់មកកសាង។
កសាងច្រើនដង            សូម្បីរបង                    បាក់ទាំងសង្ខាង
គ្មានទាហានណា           មេត្តាអ្នកសាង               តតាំងគ្រប់យ៉ាង
បំផ្លាញភូមិដ្ឋាន។
អាល័យស្រូវទុំ              អ្នកភូមិស្រែកយំ            ព្រោះច្រូតមិនបាន
គេចាប់បង្ខំ                   ជញ្ជូនឆ្នាំងចាន             រត់ប្រាសគេចប្រាណ
ខកខានច្រូតកាត់។
ខែណាឆ្នាំណា              ទើបផុតខ្លោចផ្សា           ទុក្ខារសាត់
សង្រ្គាមនៅមាន            ភូមិដ្ឋានវិបត្តិ                 មនុស្សម្នាព្រាត់ខ្ចាត់
ស្ងាត់បាត់ដំណឹង។
ភូមិអើយភូមិខ្មែរ            យូរមកហើយដែរ           នៅតែរំពឹង
ថាសន្ដិភាព                  នឹងមានលំនឹង               តែបែរជាទ្រឹង
ដឹងតែប្រយុទ្ធ៕

No comments:

Post a Comment