Saturday, November 5, 2011

សម្ភោធមណ្ឌលសុខភាព

By Tararith
        ខ្ញុំទើបតែមកដល់ស្រុកខ្មែរបានពីរបីថ្ងៃប៉ុណ្ណោះ... បន្ទាប់ពីព្រាត់ប្រាស់ពីស្រុកកំណើតជាទីស្រឡាញ់ជាងសាមសិបឆ្នាំមកហើយ។ នៅស្រុក ខ្មែរនេះខ្ញុំគ្មានសាច់ញាតិឯណាទៀតទេ ក្រៅពីសំអុលប្អូនប្រុសជីទួតមួយរបស់ខ្ញុំ ដែលទើប តែទទួលឋានៈជាឯកឧត្តមថ្មីៗ។ ខ្ញុំមិនដឹងពីប្រវត្តិការរៀនសូត្រ ឬការងាររបស់គេច្បាស់ លាស់ទេ កាលពីមុនខ្ញុំធ្លាប់បានផ្តល់ប្រាក់ផ្គត់ផ្គង់គេឲ្យបានរៀនរហូតដល់មហាវិទ្យាល័យ តែក្រោយមកគេបាន បោះបង់ការសិក្សារកណ្តាលទី ដោយមូលហេតុគេបានធ្វើការជាអ្នក មើលការខុសត្រូវ លើមុខជំនួញដីធ្លីឲ្យអ្នកធំម្នាក់ គ្មានពេលទំនេរសំរាប់រៀនបន្ត។
        តាំងពីចុះពីយន្តហោះមក ខ្ញុំត្រូវបានសំអុល និងប្រពន្ធទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ពួកគេបាននាំខ្ញុំ ដើរលេងពេញក្រុងភ្នំពេញ ខ្ញុំពិតជាប្លែកភ្នែកនឹងការរីកចំរើន របស់ក្រុង ភ្នំពេញខ្លាំងណាស់ ងាកទៅកន្លែងណា ក៏ឃើញតែកន្លែងកំសាន្តស្អេកស្កះ ពិសេសខារ៉ាអូខេ បៀរហ្គាឌិន និងបនល្បែង។ ទោះជាយ៉ាងណាខ្ញុំមិនចង់ ស្នាក់នៅទីនេះយូរទេ ខ្ញុំចង់ទៅ មើលភូមិកំណើតរបស់ ខ្ញុំនៅឯខេត្តឯណោះ។ សំអុល និងភរិយាសន្យាថា ចាំអាទិត្យក្រោយ នឹងនាំខ្ញុំទៅលេង  ព្រោះគេត្រូវទៅចូលរួមសម្ភោធអគារមណ្ឌលសុខភាពថ្មីនៅទីនោះផង។
        ពួកយើងបានទៅដល់មណ្ឌលសុខភាពម៉ោងជាង៨ព្រឹក ព្រោះយើងបានមកដល់ខេត្ត តាំងពីល្ងាចម្សិលម៉ិញម្ល៉េះ។ ពិធីសម្ភោធមណ្ឌលសុខភាពថ្មីក៏ចាប់ផ្តើមឡើងនៅវេលាម៉ោង ៩កន្លះ ក្រោមអធិបតីភាព របស់សម្តេច, អភិបាលខេត្ត, ប្រធានមន្ទីរពេទ្យខេត្ត និងអ្នកមុខ អ្នកការមួយចំនួនធំទៀត។  ខ្ញុំត្រូវបានប្រពន្ធសំអុលនាំទៅអង្គុយនៅរោងមួយឯជ្រុងម្ខាង ជាមួយនិង ស្រ្តីៗដែលជាភរិយារបស់អ្នកមាន មុខមាត់ក្នុងខេត្ត និងឧកញ្ញ៉ា ឯសំអុលអង្គុយ នៅក្នុងរោងវេទិកា តែគេអង្គុយនៅជួរក្រោយគេបង្អស់ ស្ទើរតែមើលមិនឃើញ។
សម្តេចបានឡើងថ្លែងសន្ទុរកថា សំណេះសំណាលបើកសម្ពោធអគារមណ្ឌលសុខ ភាពថ្មី ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង ដោយសារសំអុលគេមាន ក្បាលពោះធំ ពេលដែលសម្តេចមាន ប្រសាសន៍ដល់ឈ្មោះរបស់គេម្តងម្កាល គេតែងតែខំងើបទាំងទទីស ទទាស ញញឹមញញែម លើកដៃសំពះ យ៉ាងឱនលំទោន តបទៅសម្តេចវិញជាដរាប។ ក្នុង ឱកាសដែលសម្តេចកំពុងសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ លោកស្រីៗ ដែលអង្គុយ ក្បែរខ្ញុំនោះ ជជែកគ្នាវ៉ែ មិនដឹងទិសតំបន់ អ្នកខ្លះធ្លោយនិយាយពីប្តីខ្លួនឯង ដែលលួចមាន ស្រីកំណាន់ខាងក្រៅ បណ្តើរពួកគាត់តែពេលមានពិធីបែបនេះទេ ដើម្បីឲ្យជំទាវធំមើល ឃើញថា លោកប្តីជាមនុស្សស្មោះត្រង់ ឲ្យកិត្តិយសប្រពន្ធ ចេះគោរពតាមអនុសាសន៍ និង ទង្វើរបស់សម្តេច ដែលតែងតែស្រឡាញ់ ស្មោះត្រង់ នឹងលោកជំទាវធំអីចឹងដែរ រួចតែពី នោះទៅដេកអោបស្រីស្នេហ៍បាត់ៗ មិនដែលចូលផ្ទះ ខ្ញុំមិនបានចាំច្រើនពីប្រសាសន៍ដ៏ មានខ្លឹមសាររបស់សម្តេចនោះទេ គ្រាន់តែចាំសម្តេចបានបញ្ជាក់ថា ទឹកប្រាក់ចំណាយសរុប សំរាប់សាងសង់នោះគឺអស់ជាង២០ម៉ឺនដុល្លារ អ្នកឧបត្ថម្ភធំជាងគេ គឺសម្តេច។
        ក្រោយពីពិធីចប់ សំអុល និងប្រពន្ធបាននាំខ្ញុំដើរមើលជុំវិញមណ្ឌលសុខភាព។ ពួកគេ អួតប្រាប់ខ្ញុំក្តែងៗថា គេជាអ្នកចេញលុយសាងសងអគារ និងសំភារៈក្នុងអគារនេះទាំងអស់ សរុបជាប្រាក់មិនតិចជាង ១០ម៉ឺនដុល្លារទេ បើគិតទាំងថ្លៃរត់ការសុំឲ្យបានផ្តល់លុយជួយ ឧបត្ថមទៀត គឺប្រហែលជាជិត១២ម៉ឺនដុល្លារ ឯណោះ។
 ស្អីគេលុយថ្លៃរត់ការសុំឧបត្ថមប្រាក់?” ខ្ញុំសួរភ្លាមដោយឆ្ងល់។
ប្រពន្ធសំអុលញញឹមបែបហួសចិត្តបន្តិច មុននឹងឆ្លើយតបមកខ្ញុំ  មិនមែនបងមាន លុយម៉ាដុំហើយ យកទៅបោះឲ្យគេ បានស្រេចតែចិត្តទេ ស្រុកយើងមានច្បាប់ទំលាប់ណា បង។  បើបងចង់អោយម៉ូតូទៅមុខ មិនចាក់សាំង ធ្វើម៉េចវាឆេះបាន?”
ខ្ញុំដូចជាមិនសូវយល់
នៅយូរបន្តិចគង់តែយល់ទេបង(ប្រពន្ធសំអុលតប)
ដល់គេនិយាយអីចឹង ខ្ញុំក៏ឈប់មាត់ ខ្ញុំមើលឈ្មោះ ដែលសរសេរនៅលើជញ្ជាំងអគារ មិនឃើញ ឈ្មោះរបស់សំអុលទេ ឃើញតែឈ្មោះរបស់សម្តេចនេះ ឬសម្តេចនោះ ទៅវិញ។
ពួកគេនាំខ្ញុំទៅដល់អណ្តូងទឹកស្នប់ ដែលទើបនឹងសង់ថ្មីដែរ ខ្ញុំខំរកមើលឈ្មោះរបស់ ពួកគេ ក៏នៅតែមិនឃើញទៀត។ ព្រោះតែមេឃក្តៅ ខ្ញុំបានផឹកទឹកអស់ជាច្រើនដប ឥឡូវ ដល់ពេលត្រូវបត់ជើងតូច។ ខ្ញុំសុំចូលបន្ទប់ទឹកដែលនៅក្បែរនោះ។
ក្រោយពេលចាត់ការរួចរាល់ហើយ ពេលចេញមកវិញ ខ្ញុំបានឃើញអក្សរឆ្លាក់នៅលើ ជញ្ជាំងមុខបន្ទប់ទឹក ដាក់ថា អំណោយរបស់ឯកឧត្តម កុយ សំអុល និងលោកជំទាវខ្ញុំភ្ញាក់ ព្រើតលាន់មាត់ថា៖
ចេញលុយសង់អគារអ្នកជម្ងឺ ម៉េចបានជាមានឈ្មោះលើបង្គន់អាចម៍ទៅវិញ?”
សំអុលតបនឹងខ្ញុំបែបមានអំនូត៖ យើងជាអ្នកចេញប្រាក់ ឈ្មោះនៅកន្លែងណាមិន សំខាន់ទេ សំខាន់ ឈ្មោះរបស់យើង ដែលចុះក្នុងបញ្ជីសុំឧបត្ថមប្រាក់នោះទេតើ

2 comments:

  1. អ្នកមានខ្លួនខ្មាសស្លាប់ហើយ ដែលខំចំណាយប្រាក់គគោក តែមានឈ្មោះនៅឯបង្គន់។

    ReplyDelete
  2. បើពួកវាឈឺក្បាល មិនមែនសង្គមខ្មែររញរញៃដូចសព្វថ្ងៃទេ។

    ReplyDelete