Friday, November 18, 2011

រន្ទះ

By Prasat



ថ្ងៃមុនរន្ទះបាញ់ប្រហារ                  ដោយចេតនាចំវិទ្យុ
ដែលកំពុងផ្សាយត្អួញលំអុក          រ៉ាយរ៉ាប់នឹងមុខទុក្ខប្រជា។
វិទ្យុផ្សព្វផ្សាយពីរឿងពិត               រន្ទះចូលជិតចង់រាំងរា
ប៉ងផ្ដាច់អង់តែនតាមចិត្តវា             គម្រាមទាមទារឲ្យឈប់ផ្សាយ។
ស្នាមរន្ទះឆេះនៅក្រឡៅ                 ដានរោលរាលខ្មៅគួរឲ្យស្ដាយ
វិទ្យុនៅតែបើកកកាយ                   រឿងរ៉ាវទាំងឡាយដែលអាស្រូវ។
វិទ្យុផ្សព្វផ្សាយព័ត៌មានថ្មី               យុត្តិធម៌សេរីពិតត្រឹមត្រូវ
រន្ទះយ៉ាងណាក៏គ្មានផ្លូវ                  វិទ្យុនេះនូវផ្ដល់ព័ត៌មាន។
គំនុំរន្ទះមានពេញខ្លួន                     កម្លាំងមាំមួនលុកទន្រ្ទាន
បន្លាចវិទ្យុកុំឲ្យហ៊ាន                      ប្រហារព្រមានឲ្យខ្លាបខ្លាច។
ធម្មជាតិរន្ទះឥតវិញ្ញាណ                 តែងតែបំពានយ៉ាងកំណាច
លើលំនៅដ្ឋានរាស្រ្តតូចតាច          បាញ់ពន្លឺឆ្វាចសម្លាប់រាស្រ្ត។
ចង់បាញ់វិទ្យុឲ្យឈប់ផ្សាយ           កុំឲ្យកកាយរឿងតែពាស
រឿងខ្លះគួរស្ងាត់គួរតែចៀស            វាងកុំឲ្យរាស្រ្តបានដឹងឮ។
តែវិទ្យុនេះផ្សាយមិនឈប់              ព្រលឹមព្រលប់ស្ដាប់ទៅឈឺ
ដឹងការជិះជាន់ដ៏រន្ទឺ                        អាចជាពន្លឺរំលាយរដ្ឋ។
ទោះបីរន្ទះបាញ់យ៉ាងណា              ដូចបរិហារវិទ្យុវាត់
ផ្សាយឲ្យរាស្រ្តដឹងមិនដែលភ្លាត់      រន្ទះខំឃាត់អស់ថាមពល៕

No comments:

Post a Comment