Wednesday, November 23, 2011

ថ្ងៃណាមានពន្លឺ


By Prasat

ស្រុកខ្មែរហូរហែកើតសង្រ្គាម                 ច្បាំងបង្ហូរឈាមរាប់ជំនាន់
មានជាតិសៀមយួនមកជិះជាន់              ស្លាប់អស់រាប់ពាន់ច្បាំងម្ដងៗ។
ខ្មែរបាត់ទាំងមនុស្សបង់ទាំងដី                ដីធំរួញខ្លីគេនៅប៉ង
សង្រ្គប់បំបាត់យកទាំងសង                    ខាងគ្មានរបងណាទប់បាន។
ខាងលិចខាងកើតអើតមិនឈប់             ប៉ងទាំងថ្ងៃយប់ខ្មែរទប់ប្រាណ
ប្រឹងទប់ខ្លួនឯងមិនស្រាកស្រាន             គេនៅរំខានខាំយកដី។
ព្រំដែនទាំងឡាយឆ្ងាយអនែក                ប្រជាទឹកភ្នែកព្រោះក្រក្រី
ឆ្លងដែនចូលទៅរកចំណី                        គេឥតប្រណីបាញ់ប្រហារ។
ឪខ្មែរជាតិសាស្រ្តធ្លាប់រុងរឿង                 ម្ដេចមកជាប់គឿងដូច្នេះណា
ក្រទាំងប្រជាទាំងរដ្ឋា                             ហើយថែមផ្ដាច់ការលើជាតិឯង។
ដឹងដែរថាគេនឹងនឹងផ្ដន្ទា                        ស្ទុះស្ទាប្រឹងវាលូនឥតក្រែង
ធ្វើជាកម្មករហួសនឹងថ្លែង                       គេហៅអាងែងដាច់ទាំងសាច់។
គ្មានវិធីណាជួយសង្រ្គោះ                       ខ្មែរអ្នករងគ្រោះដ៏ចាំបាច់
ឬមួយទុកឲ្យគេច្របាច់                           ទាំងរាស្រ្តទាំងស្ដេចម្ចាស់ផែនដី៕

No comments:

Post a Comment