Saturday, December 3, 2011

តុណ្ហីភាពរាត្រី

លោកនូ ហាច

ធម្មជាតិនិទ្រាស្ងាត់ជ្រងំ                   មាន់រងាវយំឮល្វឹងល្វើយ
ខ្យល់បក់ធាងដូងយោលទន់ផើយ      រំភើយបក់ផាត់ក្លិនម្លិះលា។
ព្រះច័ន្ទឆៀងគងភ្នំខ្មៅវែង                 មេឃខ្ពស់ធំធេងរែងស្អាតថ្លា
សន្សើមប្រោះព្រំចុងព្រឹក្សា               ហៅសែនសុខាក្នុងរាត្រី។
តែក្នុងចិត្តខ្ញុំមានកង្វល់                     រួមរឹតគិតដល់ត្រួយនារី
រូបរាងឌូតតាមគ្រប់ទិសទី                 នាំឲ្យវក់វីអស់អង្គកាយ។
ព្រលឹងស្រមៃឃើញវរលក្ខណ៍           មានភ័ក្រញញឹមស្រស់ពព្រាយ
ថែមឮសម្តីនាងនិយាយ                   ឡែបខាយពិរោះជាប់ពិសម័យ។
ដូចឃ្មុំស្រវឹងក្លិនបុប្ផា                       ហើយហើរឆ្លៀវឆ្លាកណ្តាលថ្ងៃ
ខ្លួនបងស្រវឹងនឹងមាសថ្លៃ                 នឹករកមមៃគ្មានពេលលស់។
ជន្លេនម្តេចហ៊ានស្រឡាញ់ផ្កាយ        ខ្លួនតូចទាបឆ្ងាយម្តេចឈោងខ្ពស់
ម្តេចមិនមើលទ្រព្យមើលសក្តិយស     សញ្ជាតិទាំងអស់សុទ្ធខុសគ្នា។
គ្មានអ្វីគួរឲ្យសង្ឃឹមបាន                   ស្រឡាញ់បំពាននាំខ្លោចផ្សា
គប្បីខំប្រឹងតែសិក្សា                        សម្រេចកាលណាទើបហៅគាប់។
តែទោះគិតឃើញត្រូវដូចម្តេច            ស្នេហាពន្លិចសង្កត់ជាប់
ឱខ្លួនខ្ញុំអើយសែនអភ័ព្វ                   ទុក្ខច្រើនស្រទាប់អីម្ល៉េះទេ។
ធម្មជាតិដេកលក់ដោយសុខុម           មាត់មាន់រងំដូចបំពេ
ខ្យល់ច្រានធាងដូងឲ្យយោលទេរ       ជួយបក់បំបែរក្លិនចំប៉ា។
លោកខែលិចក្រោយភ្នំខ្មៅស្ពើង        ពពកមីរឡើងក្នុងមេឃា
សន្សើមស្រោចស្រពពសុធា             ហៅសែនវេទនាក្នុងចិន្តា៕

No comments:

Post a Comment