Thursday, December 8, 2011

ពុរ

By Tararith


ចាប់ធំមិនបាន         អាតូចកុំខាន            ចាប់យករង្វាន់
ឥឡូវអីចឹង             ផ្ដល់ប្ដឹងបំភាន់         ជួនក៏ជិះជាន់
ប្រវ័ញ្ចទាញផល។
ចាប់ធំមិនកើត         តូចតាចកុំអើត         ចាប់កុំឲ្យសល់
ដាក់គុកច្រវ៉ាក់         យកប្រាក់តម្កល់      ប្រមូលគ្មានសល់
ចោរលួចមាន់ទា។
អ្នកទន្រ្ទានដី            អ្នកលក់ឈើព្រៃ     គេហ៊ានធានា
មានច្បាប់មានក្រម   សក្ដិសមព្រមគ្នា      តាមបទបញ្ជា
លាយលក្ខអក្សរ។
អ្នកធំអ្នកមាន          ទោះគេឈ្លានពាន    បំពានកុះករ
ទាហានការពារ        មិនដូចអ្នកក្រ          មិនយល់ខ្មៅស
បង្កបញ្ហា។
ឈរខាងអ្នកធំ         សម័យនេះកុំ           ចង់សាកឡើយណា
បើគ្មានបក្ខពួក         ពិតគ្មានផ្លែផ្កា          ស្របច្បាប់យ៉ាងណា
ក៏ចូលគុកបាន។
បើចង់តវ៉ា               នោះមានន័យថា       ជាអ្នករំខាន
បើនៅស្ងៀមស្ងាត់   លិចបាត់សុខសាន្ដ   បើចេះប្រមាណ
ក្សេមក្សាន្ដជីវិត។
បើមិនស្រមតាម      ពិតជារហាម           ជួបតែងងឹត
គេធ្វើមានបាន         ឯងគ្មានអីលិទ         គេថាពាក្យពិត
ស្ដីទៅរែងស្លែង។
បណ្ឌិតបញ្ញាវន្ដ       ចំណេះគ្រប់គ្រាន់     គេនៅថ្លាថ្លែង
សរសើរលំទោន      បង្អោនកោតក្រែង    ប្រកាសក្ដែងៗ
ថាដឹកនាំត្រូវ។
អ្នកចេះអ្នកច្បាប់      ខ្លះងប់ងល់ផ្កាប់        ឃុបឃិតគ្នាទៅ
មិនដែលតវ៉ា           ទាមទាររកផ្លូវ          អាចប្រៀបដង្កូវ
ទៅមិនឆ្ងាយជ្រាំ។
បើដើរខុសគេ          ពិតមិនយូរទេ          គេនឹងតាមឃ្លាំ
តាមច្បាប់ខ្លាំងពេក   ដួលដេកគ្រាគ្រាំ       ណ្ហើយតាមលំនាំ
រៀមច្បងមុនៗ៕

1 comment:

  1. ពួកអាពុករលួយទាំងឡាយ ឈឺក្បាលខ្លះទេ?
    ឧត្តមគតិ សញ្ញាបត្រ័បណ្ឌិតរបស់ពួកអស់លោក ទុកនៅទីណា ម៉េចមិនយកមកប្រើ ដើម្បីដោះស្រាយបញ្ហាជាតិខ្លះផងទៅ?

    ReplyDelete