By Tararith
មានរឿងអភ័ព្វជាប់មន្ទិល ស្រអាប់ព្រាលព្រិលក្នុងសង្គម
ច្បាប់ចែងចងច្បាស់អ្នកខ្លះយំ ព្រោះគេចាប់ឃុំទាំងបំពាន។
ទាមទារសេរីភាពជាមនុស្ស ទង្វើទាំងនោះបែរជាគ្មាន
ច្បាប់អនុញាតក្រិតក្រមមាន តែប្រសិនហ៊ានធ្វើគេចាប់។
ច្បាប់ថាយើងមានសិទ្ធគ្រប់យ៉ាង បើហ៊ានសំអាងនោះនឹងស្លាប់
ច្បាប់ផ្សេងពីមនុស្សអ្នកត្រងត្រាប់ ដែលចេះរ៉ាយរ៉ាប់បំភាន់ប្រែ។
ច្បាប់ល្អតែខុសមកពីមនុស្ស ផ្លាស់ប្ដូររើរុះវៀចគេចគេ
តែងអនុគ្រោះជនពូកែ សូកប៉ាន់បង្វែបង្វែងដាន។
ជញ្ជីងយុត្តិធម៌រមៀលផ្អៀង អ្នកដែលខ្លាំងជាងទទួលបាន
សល្អត្រឹមត្រូវមិនដែលខាន អ្នកក្ររៀបប្រាណបរាជ័យ។
ពេលដែលសង្គមកាន់តែល្អក់ រលួយក្រខ្វក់ស្ទើគ្មានន័យ
យុត្តិធម៌មានដូចក្នុងព្រៃ អ្នកខ្សោយលកលៃចាំមរណា។
សង្គមទំនើបដូចសព្វថ្ងៃ គេទុកឲ្យក្ស័យសាវតា
ឬភាពត្រឹមត្រូវតុលាការ លែងស្គាល់អ្វីថាយុត្តិធម៌៕
No comments:
Post a Comment