មហាឧត្តមប្រីយជា ចាប ពិន
សូមថ្វាយបង្គំព្រះពុទ្ធថ្លៃ ព្រះធម៌ព្រះសង្ឃប្រសើរក្រៃ
សូមសុខរាល់ថ្ងៃកុំវិបត្តិ។
ហើយសូមថ្លែងគុណដ៏ថ្លៃថ្លា គឺជាតិ សាសនា មហាក្សត្រីយ៍
ជាគុណគឺជនគួរដុសខាត់ គោរពប្រយ័ត្នជាប្រក្រតី។
ទុកឲ្យកូនចៅជាតិខេមរៈ សិក្សាគោរវៈគុណទាំងបី
ឲ្យកើតចម្រើនសុខសិរី សួស្តីមង្គលគ្រប់ៗគ្នា។
១.អំពីជាតិ
ទី១សូមថ្លែងពាក្យថាជាតិ តាមវាទមានគោលជាដើមឃ្លា
តឿនខ្មែរក្នុងដែនកម្ពុជា ឲ្យរាប់អានគ្នាជាតិផងខ្លួន។
ឯពាក្យថាជាតិគឺកំណើត នៃមនុស្សដែលកើតច្រើនក្រាស់ក្រួន
រួមគ្នាជាពួកធំមាំមួន តាំងពីចំនួនពាន់ម៉ឺនសែន។
រាបដល់ច្រើនរាប់រយលាន តាំងស្រុកភូមិមានជាខែត្រដែន
រួបរួមគ្នានៅច្រើនណាន់ណែន បែបផែនពាក្យពេចន៍ត្រូវៗគ្នា។
ដូចខេមរជនដែលកំណត់ ឋិតនៅក្នុងរដ្ឋកម្ពុជា
នៅក្នុងទីផងនានា ក៏ឈ្មោះហៅជាខ្មែរស៊ប់សួន។
មានជាតិផ្សេងៗក្រៅពីនេះ ប្លែកៗជ្រិះៗច្រើនចំនួន
ជាតិលាវសៀមចាមចិនយួន មានក្បួនទំនៀមផ្សេងៗគ្នា។
ម្មតាតាក់តែងជាជាតិអ្វី តែងមានមេត្រីចិត្តសោភា
មួយជាតិជាមួយឲ្យល្អជា ជាងជាតិនានាក្រៅជាតិខ្លួន។
រមែងស្រឡាញ់ស្នេហាស្និទ្ធ ទំនុកទុកចិត្តគ្នាស៊ប់សួន
ឆ្ពោះជនរួមជាតិយ៉ាងមាំមួន តាមក្បួនហៅថាស្នេហាញាតិ។
ដែលហៅថាខ្មែរកុំសំដៅ ត្រង់រូបសខ្មៅឬត្រង់មាត្រ
សំដៅតែមានបញ្ជីជាតិ មិនឃ្លាតពីខ្មែរកុំកង្ខា។
ទោះបីជាកូនកាត់ចិនយួន បញ្ជីប្រជួនហៅខេមរា
ព្រោះរួមបញ្ជីក្នុងអត្រា នុកូលថានថាខ្មែររួមជាតិ។
បើបានរួមជាតិជាខ្មែរហើយ ចូរកុំតោះតើយគួរខ្មីឃ្មាត
ឃើញគ្នាគួររាប់កុំរវាត កុំឲ្យឃ្លៀងឃ្លាតជាតិខេមរា។
កុំឲ្យថាខ្មែរតែត្រឹមមាត់ ចិត្តមិនទៀងទាត់ដូចវាចា
បើជាតិជាខ្មែរត្រូវកាន់ថា ខ្មែរទាំងចិន្តាដោយស្មោះស្មាន។
ទោះបីមិនមែនជាប់លោហិត គួរស្និទ្ធកុំឲ្យរឱសឋាន
គួរជួយឈឺឆ្អាលជាតិឲ្យចាន សុខសាន្តសប្បាយកុំឲ្យហ្មង។
ពួកខ្មែរចាស់ៗគួរអាណិត ខ្មែរក្មេងយ៉ាងស្និទ្ធពេកកន្លង
ឲ្យខ្មែរក្មេងៗបានដឹងផង ដោយប៉ងប្រយោជន៍ធំទូលាយ។
ខ្មែរធំគួររាប់ខ្មែរតូចទាប ដោយចិត្តសុភាពកុំមើលងាយ
បើជួបប្រទះត្រូវរួសរាយ និយាយរកគ្នាដោយស្រួលបួល។
កែខៃលៃលករកទំនួល ទំនងស្រួលបួលគ្រាន់គ្នាជ្រក។
ខ្មែរធ្វើនាម៉ឺនគួរឧបត្ថម្ភ ខ្មែររាស្ត្រឲ្យខំគិតលៃលក
រកស៊ីធ្វើការប្រមូលយក សម្បត្តិទ្រព្យមកទុករក្សា។
ខ្មែរមានទ្រព្យធនគួរស្មោះស្មាន រាប់អានខ្មែរក្រឲ្យណាស់ណា
ត្បិតជាតិជាមួយគួរស្នេហា មេត្តាគ្នាទៅកុំទន្ទ្រាន។
កុំមានគំនិតគិតតែល្មោភ រំលោភលើគ្នាធ្វើបំពាន
ដោយអាងតែខ្លួនជាអ្នកមាន សម្បត្តិធធានប្រើជាងគ្នា។
ខ្មែរប្រាជ្ញគួរប្រឹងប្រាប់ចំណេះ ខ្មែរពាលឲ្យចេះមានវិរិយា
សាងនគរកម្ពុជា ឲ្យល្អសោភាដូចបំណង។
លាក់គំនួចនឹងខ្មែរឯង គួរតែសំដែងផ្តិតចម្លង
ឲ្យខ្មែរដែលល្ងង់បានចេះផង គ្រប់កងវិជ្ជាមានក្នុងលោក។
ខ្មែរគ្រូគួរប្រឹតប្រៀនចំណេះ ខ្មែរសិស្សឲ្យចេះគ្រប់ប្រយោគ
ឲ្យស្ទាត់ចំណានបានប្រាជ្ញព្រោក ឲ្យឈ្ងោកឃើញសព្វគ្រប់បុណ្យបាប។
បង្ហាត់អក្សរលេខនព្វន្ត ឲ្យចេះគិតគន់ថ្លឹងនាឡឹហាប
ឲ្យចេះជំនួញជួញដរាប ចេះសាបចេះព្រោះបណ្តុះដាំ។
ខ្មែរសង្ឃគួរតឿនខ្មែរបាសក កុំឲ្យចិត្តល្អក់ធ្វើបាបកម្ម
ឲ្យខំរៀនសូត្របានចេះចាំ ចំណាំផ្លូវលោកផ្លូវធម៌អាថ៌។
ឲ្យរកប្រយោជន៍ក្នុងបច្ចុប្បន្ន មានបានគ្រប់គ្រាន់សព្វប្រការ
ឲ្យរកប្រយោជន៍មានខ្លឹមសារ បង្ការក្តីសុខសាន្តក្នុងលោក។
នេះហៅថាជួយខេមរជាតិ មិនឲ្យឃ្លៀងឃ្លាតពីជ័យជោគ
ឲ្យថ្កើងមាំមួនមិនឲ្យស្ទោក ស្មោកគ្រោកជាជាតិគេដទៃ។
ខ្មែរក្មេងត្រូវកោតខ្លាចខ្មែរចាស់ គួរសមឲ្យណាស់ត្រូវតាមវ័យ
តាមភាពតូចធំកុំមោះមៃ ឲ្យល្អប្រពៃយ៉ាងសោភា។
ខ្មែរក្រគួរយកចិត្តខ្មែរមាន ចងស្ពានមេត្រីមិត្តនឹងគ្នា
ដើម្បីជាផ្លូវរកទ្រព្យា ឲ្យកម្ពុជាសុខសប្បាយ។
ខ្មែរល្ងង់គួររៀនយកចំណេះ ពីខ្មែរដែលចេះផងទាំងឡាយ
សាកសរដំណឹងឲ្យដឹងសាយ ដឹងសព្វបរិយាយគ្រឿងរកភោគ។
ខ្មែរសិស្សគួរមើលយកគំរូ តាមខ្មែរជាគ្រូគ្រប់ប្រយោគ
រៀនទាំងផ្លូវធម៌នឹងផ្លូវលោក ឲ្យចេះប្រាជ្ញព្រោកកុំនៅពាល។
បើរៀនចំណេះវិជ្ជាអ្វី គួរតែឃ្មាតខ្មីកុំទញ់ទាល
កុំធ្វើបែបទុំមុនស្រគាល គឺនៅព្រាំព្រាលកុំធ្វើចេះ។
រៀនអ្វីគួររៀនឲ្យមាំមួន ឲ្យដល់សំនួនអស់ចំណេះ
ចំណាំកុំបីឲ្យរបេះ រលគ់រលេះនឹងខូចឈ្មោះ។
បើបានជារៀនអក្សរណា លុះត្រាតែចេះអក្សរនោះ
ចេះធ្វើសំបុត្រយ៉ាងពិរោះ ដូចនោះទើបហៅចេះអក្សរ។
ខ្មែរក្មេងប្រុសៗគួរខំប្រឹង កុំផឹកស្រវឹងដើរអួតអរ
ខ្មែរក្មេងស្រីៗគួរស្មោះសរ ឈូឆររៀនសូត្រតាមសម័យ។
វិជ្ជាអក្សរនៅក្នុងលោក មានច្រើនគរគោកហួសវិស័យ
យុវជនជាតិខ្មែរគួរគិតច្នៃ កែខៃប្រិតប្រៀនរៀនគ្រប់ប្រាណ។
ដូចជាអក្សរបារាំងចិនយួន ដែលនៅជិតខ្លួនគួរហាត់អាន
គួររៀនឲ្យចេះស្ទាត់ចំណាន គ្រាន់បានជាផ្លូវចិញ្ចឹមខ្លួន។
បើបានសិក្សាអក្សរសាស្ត្រ ដូចបានប្រកាសប្រាប់ចំនួន
នោះហើយត្រូវរិះគិតថែថួន ព្យាយាមមាំមួនតទៅទៀត។
ត្រូវរៀនចំណេះវិជ្ជាផ្សេង ទាន់ខ្លួននៅក្មេងខំជ្រែកជ្រៀត
ចេះអក្សរចោលបង់សៀត ខំឆ្លៀតរៀនអ្វីថែមកុំខាន។
ភាសាក្នុងលោកយើងសព្វថ្ងៃ ច្រើនហួសវិស័យពន់ប្រមាណ
មានអាចនាំយកមកពោលអាន ឲ្យបានសព្វគ្រប់ចប់វិទ្យា។
មៈពាលបំព្រួញដោយសង្ខេប ទុកគ្រាន់ជាបែបប្រាប់គ្នីគ្នា
បណ្តុះចិត្តខ្មែរកម្ពុជា ឲ្យមានវីរិយាគ្រប់រូបអង្គ។
វិជ្ជាជាងមានឬជាងប្រាក់ ជាងគូរជាងឆ្លាក់ជាងស៊ីម៉ង់ត៍
ជាងឥដ្ឋកំបោរជាងធ្វើកង់ បើចង់បែបណាក៏រៀនបាន។
ជាងដែកម៉ាស៊ីនឬជាងឈើ ជាងធ្វើត្បាល់កិនផ្តិលថាសចាន
ជាងធ្វើកប៉ាល់ជាងធ្វើឡាន ជាងទូកសំប៉ានជាងសំពៅ។
ជាំងជុលប៉ាក់គ្រីបដេរសំពត់ ធ្វើតាមគេមត់សន្មត់ទៅ
ជាងដេរខោអាវយ៉ាងត្រឹមត្រូវ តម្រូវតាមចិត្តអ្នកចង់បាន។
ឬមួយក៏ជាងធ្វើខ្សែភ្លើង ជាងធ្វើស្បែកជើងយ៉ាងចំណាន
ធ្វើល្អចំណាប់គ្រប់សណ្ឋាន ដូចបានពណ៌នាគួរចងចាំ។
វិជ្ជាជំនួញច្រើនប្រការ វិជ្ជាចម្ការច្បារដំណាំ
វិជ្ជាធ្វើស្រែសាបព្រោះដាំ គួរយើងឧបត្ថម្ភគ្រប់លំអាន។
វិជ្ជាគ្រូពេទ្យមើលព្យាធី វិជ្ជាផែនទីវាស់ភូមិឋាន
វិជ្ជាខ្សែលួសរៀនឲ្យបាន យ៉ាងស្ទាត់ចំណានសព្វគ្រប់មុខ។
វិជ្ជាទាំងនេះគួរខេមរា សិក្សាឲ្យចេះហើយទំនុក
បម្រុងខ្លួនប្រាណឲ្យក្សាន្តទុក្ខ ដោយខំប្រឹងរុករកការធ្វើ។
វិជ្ជានេះឯងខ្មែរច្រើឆ្មើង យល់ថាមិនថ្កើងមិនអើពើ
ពួកជាតិចិនយួនគេខំរើ រៀនសព្វអន្លើដោយយល់ច្បាស់។
គេរៀនចេះដឹងស្ទើរសព្វបែប មកអែបនៅស្រុកខ្មែរច្រើនណាស់។
ធ្វើការតាមចេះដោយរហ័ស កាត់មុខយើងម្ចាស់ស្រុកជាក់ស្តែង។
តទៅបើខ្មែរស៊ែសពព្លែស នៅតែប្រហែលមិនខ្នះខ្នែង
មុខជាជាតិគេយកកន្លែង ការងារស្រុកឯងអស់ពុំខចាន។
ហេតុនេះក្មេងៗខ្មែរជាន់ក្រោយ គួរកុំបណ្តោយឲ្យគេបាន
គួររៀនគួររករាល់រូបប្រាណ ឲ្យខ្មែរក្សេមក្សាន្តបានថ្កុំថ្កើន។
អស់លោកដែលជាមុខមន្ត្រី គប្បីនាំរាស្ត្រកុំឲ្យឆ្មើង
បង្ខំឲ្យរៀនឲ្យរកឡើង ដ៏កើងស្រុកខ្មែរឲ្យប្រពៃ។
ពួករាស្ត្រអ្នករកទទួលទាន ចូរមានព្យាយាមនឹងឈ្លាសវៃ
កុំខ្ជិលច្រអូសខំគិតគៃ លកលៃសាងជាតិឲ្យសោភា។
កិច្ចការដែលរកទទួលទាន សឹងមានច្រើនបែបលើសព្វពណ៌នា
ដូចបានពោលហើយខាងដើមឃ្លា អ្នកនាងរាល់គ្នាចូរចាំទុក។
តែជាតិខ្មែរយើងច្រើនរកស៊ី កកាយធរណីតែមួយមុខ
មិនហ៊ានលះចោលក្រែងកល្លីយុគ ទំនុកបម្រុងស្រែស៊ប់សួន។
មិនចូលចិត្តរកខាងជំនួញ ទោះជួញក៏តិចមិនមាំមួន
ទើបបើកឱកាសឲ្យចិនយួន ប្រថួនជំនួញឥតរួញរា។
ស្រុកខ្មែរគង់មានអ្ននមានទ្រព្យ គួរគាប់គ្រាន់បើជាច្រើនគ្នា
ប្រសិនបើមានសមគ្គា ចំណាយទ្រព្យជួញក៏បាន។
ប្រទេសធំៗដែលស៊ីវិល័យ លឿនទាន់សម័យសុខក្សេមក្សាន្ត
ដោយជនពីរក្រុមខំគិតអាន កសាងភូមិឋានរដ្ឋបុរី។
ជនទាំងពីរនោះគឺពួករាស្ត្រ ពេញពាសទាំងដែននិងមន្ត្រី
រាស្ត្ររៀនចេះដឹងសព្វសេចក្តី ឃ្មាតខ្មីធ្វើការបានទ្រព្យច្រើន។
មន្ត្រីខំរកនយោបាយ មកផ្សាយជួយរាស្ត្រឲ្យក្រវើន
ដើម្បីធ្វើស្រុកឲ្យបានកើន ចម្រើនដោយទ្រព្យសព្វភូមិឋាន។
នាម៉ឺនតម្រង់ដៃចង្កូត រាស្ត្រខំប្រឹងសូត្រតាមលំអាន
ស្វែងរកទ្រព្យធនគ្រប់ៗប្រាណ ធ្វើស្រុកឲ្យបានប្រសើរលន់។
ហេតុនេះខ្មែរៗរាស្ត្រប្រជា គួរតែនាំគ្នាគិតចងពន្ធ
ព្រួតគ្នារៀនរកកុំទម្រន់ មន្ត្រីគួរគន់គិតយោបល់។
រកការឲ្យរាស្ត្រក្នុងភារា បានធ្វើរាល់គ្នាកុំឲ្យសល់
កុំឲ្យជាតិខ្មែរនៅសំណល់ ដូចកល់សព្វថ្ងៃដល់ម្នាក់ឡើយ។
បើជនពីរក្រុមក្នុងប្រទេស ឥតធ្វេសបានធ្វើដូចពោលហើយ
ដែនកម្ពុជានឹងដល់ត្រើយ សះស្បើយចាកទុក្ខសុខថ្កុំថ្កើង។
មួយទៀតបើមានខ្មែរតាំងហាង លក់អ្វីមួយយ៉ាងនឹងគេឡើង
ពួកខ្មែរគួរកុំគិតរើសអើង គួរជួយដម្កើងឲ្យណាស់ណា។
ទោះបីខុសថ្ងៃពីចិនយួន បើគិតតាមក្បួនជាតិស្នេហា
គួរទិញខ្មែរឯងដោយជ្រះថ្លា កុំបីពោលថាដូចម្តេចមិញ។
អ្នកលក់គួរធ្វើមុខស្រស់ស្រាយ អធិប្បាយផ្អែមល្ហែមរកអ្នកទិញ
ដើម្បីឲ្យគេចង់មកវិញ ត្រូវការទំនិញទៀតគ្រប់ទី។
យ៉ាងនេះទើបហៅស្រឡាញ់ជាតិ ខ្មីឃ្មាតជ្រៀតជ្រករកវុឌ្ឍី
ឲ្យជាតិខ្មែរយើងចេះសម្តី រកស៊ីលក់ដូរចម្រើនឡើង។
ខ្មែរគួរបូជាជាតិខេមរា ខ្មែរគួរស្នេហាជាតិកុំឆ្លើង
កុំថាតែមាត់ត្រូវដម្កើង ជាតិខ្មែរឲ្យថ្កើងណាខ្មែរអើយ។
សេចក្តីពណ៌នាគុណប្រថម ខ្ញុំខំអធិប្បាយច្រើនដែរហើយ
ដើម្បីជួយជាតិខ្មែរឲ្យស្បើយ ដល់ត្រើយនៃសុខសព្វគ្រប់យ៉ាង។
សង្ខេបរឿងជាតិប៉ុណ្ណេះឯង ដើម្បីសំដែងយកទីអាង
ពោលគឺសាសនាមកត្រដាង ទកខាងទីពីរនៃមាតិកា។
ក្នុងទីសង្ខេបចប់រឿងជាតិ យើងត្រូវខ្មីឃ្មាតទន្ទេញថា
«ខ្មែរគួរគោរពជាតិ សាសនា និងមហាក្សត្រាឲ្យណាស់អឺយ!»។
២.អំពីសាសនា
ទី២សូមថ្លែងពីសាសនា
ជាទីពឹងផ្អែកដ៏ថ្លៃថ្លា មនុស្សក្នុងលោកាធ្លាប់រាប់អាន។
ទោះស្រុកតូចធំគ្រប់ភាសា តែងយកសាសនាជាប្រមាណ
សម្រាប់ជាតិគេពីបុរាណ កាន់តាមលំអានគ្រប់អាត្មា។
ដូចខេមរជនយើងនេះឯង សុទ្ធតែសំដែងកាយវាចា
នឹងចិត្តគួចកាន់ពុទ្ធសាសនា រក្សាអស់ជាងពីរពាន់ឆ្នាំ។
សាសនាប្រែថាពាក្យទូន្មាន ច្បាប់ធម៌ជាយានឬបណ្តាំ
ពុទ្ធៈ ប្រែសព្ទតាមចំណាំ ថាលោកអ្នកចាំចេះលើសលុប។
រួមពាក្យពុទ្ធៈ និងសាសនា ប្រែថាវាចាប្រដៅគ្រប់
របស់ព្រះពុទ្ធម្ចាស់ត្រៃភព ជាទីគោរពពុទ្ធបរិស័ទ។
ជាព្រះសាសនាប្រដៅច្បាប់ យ៉ាងល្អចំណាប់ពន់ពេកក្តាត់
ឲ្យជនកាន់តាមដោយមធ្យ័ត កំចាត់ទុក្ខសោកសុខក្សេមក្សាន្ត។
ព្រះពុទ្ធជាម្ចាស់ព្រះសានសា ទ្រង់ព្រះមេត្តានឹងប្រោសប្រាណ
ព្រះធម៌ជាច្បាប់ដ៏ថ្កើងថ្កាន តាមឋានតាមថ្នាក់តាមសំនួន។
ជនណាដែលមានសន្តានជោក ជាប់នៅក្នុងលោកខ្លាំងក្រាស់ក្រួន
ជ្រុលជ្រប់ងប់ចិត្តមិនគិតខ្លួន អង្រួនមិនញ័រមិនរង្គោះ។
ទង់ប្រោសប្រដៅធម៌ជាន់ទាប ត្រូវតាមសភាពបែបជននោះ
តិចៗល្មមៗយ៉ាងពិរោះ សង្គ្រោះតាមមនុស្សឥន្ទ្រិយអន់។
ទ្រង់ប្រដៅឲ្យប្រកប របបការងារក្នុងបច្ចុប្បន្ន
ដែលជាប្រយោជន៍ឃើញទាន់ហន់ ឲ្យបានស្រាកស្រាន្តសុខគ្រប់ប្រាណ។
ប្រយោជន៍បច្ចុប្បន្ន៤ប្រការ មានអត្ថពិស្តារពន់ប្រមាណ
ប៉ុន្តែទីនេះគ្រាន់តែអាន ឲ្យបានឃើញច្បាស់ដោយខ្លីៗ។
ទី១ឧដ្ឋានសប្បទា កប់ដោយវីរិយាខំឃ្មាតខ្មី
សិក្សាចំណេះល្អពិសី ក្នុងផ្លូវលោកិយជៀងជាក់ស្តែង។
ធ្វើស្រែចម្ការឬធ្វើជាង វៃវាងជំនួញដោយប្រឹងប្រែង
ឬធ្វើរាជការតាមតំណែង ស្វះស្វែងរកទ្រព្យសព្វគ្រប់ស្ថាន។
ទី២អារក្ខសម្បទា ថែទាំទ្រព្យាតាមលំអាន
ដែលខ្លួនខំប្រឹងស្វែងរកបាន មកទាំងប៉ុន្មានឲ្យគង់នៅ។
ទី៣កល្យាណមិត្តតា យកមនុស្សថ្លៃថ្លាស្គាល់រាក់ជ្រៅ
មានចិត្តអំណត់មិនឃោរឃៅ ជមិត្តតទៅយ៉ាងសុខសាន្ត។
ទី៤សមជីវិតា ពិចារណាចាយទ្រព្យល្មមប្រមាណ
សមតាមកម្លាំងដែលរកបាន តាមស្ថានមិនឲ្យស៊ុកគ្រលុក។
មួយទៀតព្រះអង្គសំដែងប្រាប់ ជាច្បាប់ឲ្យបានរួចចាកទុក្ខ
ថាកុំប្រព្រឹត្តអបាយមុខ ព្រោះកើតកល្លិយុគដ៏ខ្លាំងក្លា។
អបាយមុខនោះមាន៤ ដូចរាប់ចំនួនតទៅថា
ពោលគឺ លេងស្រី,លេងសុរា, បាស្កាល្បែងភ្នាល់,គប់មិត្តខ្លៅ។
អ្នកប៉ងប្រយោជន៍ក្នុងបច្ចុប្បន្ន ត្រូវតែបង្អន់កុំមួម៉ៅ
ទើបបានសុខសាន្តដូចសំដៅ កក់ក្តៅក្នុងចិត្តរាល់យប់ថ្ងៃ។
ពួកជនណាមានគំនិតជ្រៅ ឃើញនូវបរលោកប្រសើរក្រៃ
ហើយមានប្រាជ្ញាអធ្យាស្រ័យ ចេះគិតកៃខៃយ៉ាងក្លៀវក្លា។
ព្រះអង្គទ្រង់ប្រោសប្រទានច្បាប់ សម្រាប់ពួកជនទាំងនោះណា
ឲ្យរកប្រយោជន៍ដ៏ថ្លៃថ្លា ហៅថាប្រយោជន៍លោកខាងមុខ។
យ៉ាងខ្ពស់បន្តិចជាងបច្ចុប្បន្ន បើជនឯណាសន្សំទុក
ជននោះឈ្មោះថាបានទំនុក មិនឲ្យកល្លិយុគដល់ខ្លួនឯង។
ប្រយោជន៍បរលោក៤ប្រការ មានអត្ថពិស្តារច្រើនក្រៃលែង
ប៉ុន្តែទីនេះគ្រាន់តែថ្លែង សំដែងមេៗឲ្យងាយចាំ។
ទី១សទ្ធាសម្បទា ជំនឿល្អជាត្រូវផ្លូវស្តាំ
គឺជឿបុណ្យបាបនឹងផលកម្ម ចំណាំក្នុងចិត្តគិតកៃខៃ។
នឹងជឿចំពោះគុណត្រៃរ័ត្ន ថាល្អប្រាកដក្នុងភពត្រៃ
ជាកែវប្រសើរមានដម្លៃ ឥតមានសង្ស័យបន្តិចសោះ។
ទី២សីលសម្បទា មានកាយសោភាឥតមានខ្ចោះ
នឹងមានវាចាត្រឹមត្រង់ស្មោះ មិនបោះបង់សីលតាមថ្នាក់ខ្លួន។
យ៉ាងតិចហោចណាស់ត្រឹមសីល៥ ចងចាំរក្សាល្អខ្ជាប់ខ្ជួន
ទាំង៥ចំណែកគ្រប់ចំនួន មាំមួនមិនមានឲ្យខុសឆ្ងាយ។
ទី៣ចាកសម្បទា បរិច្ចាគទ្រព្យាចេញចំណាយ
ឲ្យទានដល់ជនផងទាំងឡាយ ឬបូជាម្តាយអាពុកឯង។
ទី៤បញ្ញាសម្បទា កបដោយប្រីជាញាណជាក់ស្តែង
យល់ធម៌យល់អាថ៌ច្រើនកន្លែង ច្បាស់ទែងក្នុងចិត្តឥតកង្ខា។
ឃើញការកើតស្លាប់ក្នុងត្រៃលោក គិតយោគដល់ខ្លួនហើយឧស្សាហ៍
ចម្រើនសមថៈវិបស្សនា ពិចារណាឃើញពិតចិត្តធុញទ្រាន់។
សាសនាព្រះសម្ពុទ្ធជិនស្រី មានដល់ប្រាំបីម៉ឺនបួនពាន់
មិនអាចសំដែងឲ្យគ្រប់គ្រាន់ ថ្លែងតែមួយជាន់គ្រាន់ជាន័យ។
យើងជាតិជាខ្មែរគួរឧស្សាហ៍ រៀនពុទ្ធសាសនាដោយប្រពៃ
ចេះហើយគួរជឿកុំមោះមៃ គិតគៃលៃលកកាន់រក្សា។
ព្រោះជាប្រវេណីចំណាប់ សម្រាប់ស្រុកយើងជាតិខេមរា
យើងគួរកុំលះចោលសាសនា ដ្បិតល្អថ្លៃថ្លាពន់ប្រមាណ។
មានពាក្យប្រដៅឥតឃ្លៀងឃ្លាត ត្រូវគោលធម្មជាតិល្អកល្យាណ
ផ្លូវលោកផ្លូវធម៌សព្វគ្រប់ស្ថាន ក៏បានប្រដៅច្រើនណាស់ណា។
ជាគ្រឿងបណ្តុះអារ្យធម៌ ឲ្យជនស្មោះសរកាន់រក្សា
អារ្យធម៌នោះលោកប្រែថា សេចក្តីថ្លៃថ្លាគឺសុវិល័យ។
ឯអារ្យធម៌មាន៤បទ ប្រាជ្ញលោកកំណត់វិនិច្ឆ័យ
ថាគឺសីល, ធម៌ល្អពេកក្រៃ, វិជ្ជាថ្លាថ្លៃនឹងប្រតិបត្តិ។
ព្រះពុទ្ធជាម្ចាស់យើងនេះឯង សំដែងអារ្យធម៌ល្អក្តាត់
បើខ្មែរគោរពដោយមធ្យ័ត នឹងខ្ចាត់អស់ទុក្ខបានសុខា។
យើងខ្មែរគួរតែខំពិនិត្យ រិះគិតឲ្យដល់កុំយល់ថា
អ្នកកាន់ព្រះពុទ្ធសានសា មិនបានសង្ហាមិនស៊ីវិល័យ។
កុំគិតកោសរូបថ្កោលទោសថា ព្រះពុទ្ធសាសនាហួសសម័យ
មិ្នជួយផ្លូវលោកឲ្យថ្កើងក្រៃ វិស័យដូចសាសន៍ឯទៀតឡើយ។
ពីព្រោះព្រះពុទ្ធសាសនា ស្រោចស្រង់លោកាដាក់ដល់ត្រើយ
មិនបាច់ពោលច្រើនទេអ្នកអើយ ស្រេចហើយតែសីលនឹងកម្មបថ។
ប្រសិនបើសត្ថពេញទាំងលោក គិតយោគរក្សាឲ្យហ្មត់ចត់
តាមពុទ្ធសាសនាលោកកំណត់ ប្រាកដជាបានសុខណាស់ណា។
ព្រះធម៌ព្រះពុទ្ធសព្វគ្រប់ស្ថាន ឲ្យតាំងសន្តានចិត្តមេត្តា
ព្រះទ្រង់ប្រដៅឲ្យក្លៀវក្លា សិក្សាចំណេះវិសេសថ្លៃ។
ទោះបីផ្លូវលោកឬផ្លូវធម៌ ក៏ទ្រង់ព្យាករឲ្យកែខៃ
កាន់តាមប្រទេសតាមសម័យ និស្ស័យភូមិភេទយ៉ាងសមសួន។
ចេះហើយទ្រង់ប្រោសឲ្យខំប្រិត តាមដោយកម្រិតគ្រប់ចំនួន
ដើម្បីប្រយោជន៍នឹងតាំងខ្លួន មាំមួនដោយយសនឹងសម្បត្តិ។
ដូចទ្រង់ប្រដៅថា«អ្នកប្រាជ្ញ តែងអាចតាំងខ្លួនឲ្យមធ្យ័ត
ដោយដើមទុនតិចប្រុងប្រយ័ត្ន ដូចបង្កាត់ភ្លើងតូចឲ្យធំបាន»។
ច្បាប់នេះបើកាន់ឲ្យមាំមួន មុខជាតាំងខ្លួនឲ្យដល់ឋាន
ជាអ្នកមានទ្រព្យយ៉ាងកល្យាណ សមតាមសន្តានចិត្តខ្វល់ខ្វាយ។
សេចក្តីពណ៌នាពីសាសនា សង្ខេបកថាចប់បរិយាយ
នឹងយកមហាក្សត្រិយ៍មកដោះស្រាយ អធិប្បាយទីបីនៃមាតិកា។
ក្នុងទីសង្ខេបចប់រឿងសាសន៍ គួរណាស់តែយើងទន្ទេញថា
«ខ្មែរគួរគោរពជាតិ,សាសនា និងមហាក្សត្រាឲ្យណាស់អើយ!»។
៣.អំពីមហាក្សត្រិយ៍
ទី៣សូមថ្លែងពីមហាក្សត្រិយ៍ ដើម្បីឲ្យខ្មែរប្រុងប្រយ័ត្ន
គោរពប្រតិបត្តិល្អសោភា។
មហាក្សត្រិយ៍គឺអង្គទ្រង់មានយស ស័ក្តិធំខ្ពង់ខ្ពស់ជារាជា
សោយរាជ្យជាច្បងក្នុងភារា គ្រងរាស្ត្រគ្រប់គ្នាឲ្យក្សេមក្សាន្ត។
មហាក្សត្រិយ៍ជាគ្រឿងច្បាស់ប្រាកដ នៃរាស្ត្រក្នុងរដ្ឋសព្វភូមិឋាន
ប្រៀបដូចរទេះទាំងប៉ុន្មាន ដែលបានចន្ទោលទុកជាខ្នាត។
មហាក្សត្រិយ៍ជាទង់ដ៏ឧត្តម ជាអ្នកឧបត្ថម្ភពួកអមាត្យ
នឹងរាស្ត្រក្នុងដែនឲ្យសង្វាត ឱហាតកាន់ច្បាប់ល្អពីសី។
ក្នុងដែនណាៗមានមហាក្សត្រិយ៍ ប្រតិបត្តិតាមច្បាប់ដោយឃ្មាតខ្មី
ដែននោះពួករាស្ត្រទាំងប្រុសស្រី សឹងមានសេចក្តីសុខក្សេមក្សាន្ត។
កម្ពុជាជាស្រុកខ្មែរសុទ្ធសាត មានភ័ព្វលើសខ្នាតពន់ប្រមាណ
ព្រោះមានមហាក្សត្រិយ៍ល្អកល្យាណ ទ្រង់បានគ្រងរាជ្យយ៉ាងថ្លៃថ្លា។
ទ្រង់មានព្រះញាណឈ្លាសវាងវៃ ព្រះទ័យសន្តោសប្រោសមេត្តា
ទ្រង់ថែទាំរាស្ត្រដោយករុណា ដូចកល់បិតារក្សាបុត្រ។
ហេតុនេះខ្មែរយើងគួរជ្រះថ្លា នឹងមហាក្សត្រាជមង្កុដ
ដំកល់រាជវង្សឲ្យបរិសុទ្ធ បំផុតដល់ពេលកប្បប្រល័យ។
យើងគួរសង្ឃឹមឲ្យច្រើណាស់ ដោយយល់ឃើញច្បាស់ថាសព្វថ្ងៃ
យើងមានមហាក្សត្រិយ៍ប្រសើរក្រៃ ទ្រង់មានតេជដៃពេកកន្លង។
យើងមានមហាក្សត្រិយ៍ជាតិខេមរៈ យើងគួរគារវៈកុំឲ្យហ្មង
ដម្កើងព្រះយសខ្ពស់ចម្បង ក្រៃលែងរាស្ត្រផងជាប្រាកដ។
យើងកុំប្រទូស្តនឹងព្រះអង្គ គួរផ្ចង់ចិត្តស្តាប់រាជកំណត់
នឹងរាជបញ្ញត្តិឲ្យហ្មត់ចត់ តាមបទមាត្រាច្បាប់គ្រប់ក្រម។
មហាក្សត្រិយ៍បុរាណដ៏ទ្រង់គុណ តែងទ្រង់ការុណ្យជួយឧបត្ថម្ភ
ពួកពលនគរឲ្យឧត្តម ស័ក្តិសមដោយសុខនឹងទ្រព្យា។
ដោយមានព្រះទ័យអនុគ្រោះ ចំពោះរាស្ត្ររដ្ឋក្នុងភារា
ផ្លូវលោកផ្លូវធម៌ស្មើភាគគ្នា ធានាប្រទេសឲ្យសាន្តត្រាណ។
ទ្រង់ណែនាំរាស្ត្រក្នុងផែនដី ទាំងប្រុសទាំងស្រីឲ្យហាត់អាន
រៀនអស់វិជ្ជាទាំងប៉ុន្មាន ឲ្យបានចេះដឹងឲ្យស្លូតត្រង់។
ឲ្យខំធ្វើការខំរកស៊ី សម្ភីជួញប្រែរាល់រូបអង្គ
ឲ្យមានសន្តានចិត្តផូរផង់ ឲ្យលខំលះបង់ពុតសាមាន្យ។
ដូចកល់រាជកិច្ចរាជពិធី នៃស្តេចលិច្ឆវីពីបុរាណ
ឬធម្មាសោកមហាក្សត្រិយ៍ក្សាន្ត ដែលបានកត់ក្នុងពង្សាវតារ។
រាជការទាំងពីរដែននោះឯង ជ្រោមជ្រែងប្រទេសយ៉ាងឧឡារ
ធ្វើរាស្ត្រឲ្យសុខសាន្តអស្ចារ្យ ក្រៃលែងរាជការដែនទាំងឡាយ។
ពុំនោះដូចកល់រាជកិច្ច នៃស្តេចស្រុកខ្មែរបុរាណឆ្ងាយ
សម័យអង្គរមានឫទ្ធិសាយ សប្បាយដោយទ្រង់មានបារមី។
ព្រះនាមជ៍យវរ្ម័ន ទី៧ដូចចន្ទរឿងរង្សី
ទ្រង់បានកសាងរាជបុរី ដោយក្តីសង្គ្រោះរាស្ត្រក្នុងរដ្ឋ។
មានដើមថាទ្រង់សាងសាលា ជាទីសិក្សាគ្រប់បែបបទ
នឹងសាងមន្ទីរដ៏ហ្មត់ចត់ ជាទីកំណត់ព្យាបាលរោគ។
ស្រុកខ្មែរជាន់នោះសុខសប្បាយ ល្បីឮសុះសាយស្ទើរពេញលោក
ថាជាប្រទេសមិនស្មោកគ្រោក មានជោគមានជ័យច្រើនណាស់ណា។
ដោយព្រះមហាក្សត្រិយ៍ទ្រង់ពិនិត្យ ទសពិធរាជធម៌ដ៏ថ្លៃថ្លា
ពួករាស្ត្រជាន់នោះបានសុខា ក្លៀវក្លាជាងស្រុកផងទាំងឡាយ។
ឯទសពិធរាជធម៌នោះ មួយឲ្យទានស្មោះពុំគិតស្តាយ្
ពីររក្សាសីលដោយស្រស់ស្រាយ បីបាយរាជទ្រព្យសាងធានី។
ទៀងត្រង់ស្មោះរាល់យប់ថ្ងៃ ប្រាំអធ្យាស្រ័យទន់សោភី
មួយកំចាត់បាបគ្រប់ទី ប្រាំពីរញាំញីក្តីក្រោធា។
បីមិនបៀតបៀនរាស្ត្ររដ្ឋ ប្រាំបួនអំណត់ល្អសោភា
មិនកម្រើកព្រះទ័យា ដោយក្តីនិន្ទាសរសើរឡើយ។
ធម៌នេះតែងមានពីមុនមក មហាក្សត្រិយ៍តែងយកជាកោះត្រើយ
រាស្ត្រប្រជាតែងបានស្បើយ រហើយក្តីទុក្ខសព្វភូមិឋាន។
ហេតុនេះបានជាប្រាជ្ញលោកចាត់ មហាក្សត្រិយ៍ជាគុណអវសាន
ជនជាតិខ្មែរទាំងប៉ុន្មាន គោរពឲ្យបានគ្រប់រូបា។
ក្នុងទីបញ្ចប់រឿងមហាក្សត្រិយ៍ ខេមរបរិស័ទត្រូវរៀនថា
ខ្មែរគួរគោរពជាតិ,សាសនា និងមហាក្សត្រាឲ្យណាស់អើយ។
និគមវចនៈ
ឯជាតិ សាសនា ព្រះមហាក្សត្រិយ៍ នេះបើប្រទេសណាប្រយ័ត្ន
គោរពប្រតិបត្តិមាំមួនហើយ។
ប្រទេសនោះបានសុខចម្រើន សប្បាយយ៉ាងច្រើនឥតទុក្ខឡើយ
អស់កូនចៅខ្មែរទាំងឡាយអើយ ចូរកុំកន្តើយត្រូវខ្មីឃ្មាត។
ធ្វើជាតិ សាសនា មហាក្សត្រិយ៍ ឲ្យថ្កើងមធ្យ័តកុំបីឃ្លាត
គឺត្រូវប្រឹងជ្រោងខេមរជាតិ ឲ្យខ្ទាតចាកទាបឡើយខ្ពស់អើយ៕
No comments:
Post a Comment