តែងដោយនាយ ខ.ប៊.ហ៊ាង
ប្រទេសជាតិនិមួយៗ នឹងចំរើនថ្កុំថ្កើងទៅបាន ក៏មកពីប្រជាជនក្នុងជាតិនោះៗមានសេចក្តី សាមគ្គីព្រមព្រៀងចេះរួបរួមកំលាំងជួយគ្នាសាងជាតិ ហើយប្រជាជននោះៗត្រូវមានការសិក្សាជ្រៅជ្រះ មិនល្ងង់ខ្លៅ ព្យាយាមប្រើកំលាំងចិត្តនិងកំលាំងកាយ បំរើប្រទេសជាតិមាតុភូមិដោយមិនមានគិតដល់ការនឿយហត់ទាំងពួង។
គ្រោងការណ៍កសាងជាតិមិនមែនការងាយដូចយើងនិយាយចេញពាក្យមកទេ តែការធ្ងន់បំផុត ហើយជាគុណធម៌ដែលប្រជាជនខ្មែរយើងត្រូវមានប្រចាំចិត្ត ប្រជាជនប្រៀបដូចរបងផ្ទះ បើប្រទេសជាតិ យើងមានរបងដែលមិនមាំទាំ ហើយមិនចំពោះតែចោរទេ ដែលហ៊ានចូលមកលុកលុយផ្ទះយើង សូម្បីតែ សត្វតិរិច្ឆានក៏ហ៊ានមើលងាយចូលមកជាន់ក្នុងផ្ទះយើងដែរ ក្នុងទំនងនេះបើប្រជាជនរបស់ជាតិយើង ជាប្រជាជនដែលខ្សត់ខ្សោយដូចរបងផ្ទះ សត្រូវក៏អាចចូលមកជិះជាន់ដូចគ្នាដែរ។
ម្យ៉ាងទៀតសេចក្តីចំរើនថ្កុំថ្កើងរបស់ជាតិនោះ យើងអាចទទួលផលបានដោយមិនមានភ្ញាក់ខ្លួនប៉ុន្មានទេ តែពេលកាលណាប្រទេសយើងពេញទៅដោយប្រជាជនដែលមានវឌ្ឍនៈធម៌ល្អ មានកំលាំង កាយនិងកំលាំងចិត្តក្លាហាន មានការកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មមាំទាំហើយ បរិបូណ៌ហើយ ពេលនោះស្តែងឲ្យឃើញថាជាតិយើងចំរើនហើយឈានជំហានទៅកាន់ឯករាជ្យបរិបូណ៌។
វេលានេះ ខ្ញុំបាទសូមនាំអ្នកអានទៅដល់កន្លែងរឿងនេះកើតឡើងមកហើយ។
វេលាកន្លងមកហើយ ៣០ឆ្នាំ នៅឃុំស្វាយប៉ោស្រុកបាត់ដំបង ជាឃុំមួយយ៉ាង ដែលនៅដាច់ឆ្ងាយពីគេ ឃុំនេះតាំងនៅកណ្តាលព្រៃ ដែលមានព្រៃឈើធំៗដុះព័ទ្ធជុំវិញ ហើយក្រៅអំពីព្រៃឈើដែល ធ្វើឲ្យឃុំនេះពួននៅក្នុងសេចក្តីងងឹត ហើយនៅមានបឹង និងអូជាច្រើនកន្លែងដែលមានមនុស្ស និងក្រពើ អាស្រ័យជាទីកំបាំង។
ចំណែកប្រជាជនក្នុងឃុំស្វាយប៉ោ មានភាគច្រើនដែលមិនមានការប្រកបរបររកទទួលឲ្យមាំទាំ ជាល័ក្ខថានទេ ក្រៅអំពីនាំគ្នាចាប់ក្រពើលក់បន្តិចបន្តួច ការចាប់ក្រពើនេះ អ្នកស្វាយប៉ោនិយមតាំងពីដើមរហូតមកដល់ពេលនេះ នៅតែដំណើរការរបរដដែលតរៀងមក ក្រៅអំពីចាប់ក្រពើលក់។
បើលោកអ្នកមើលភូមិប្រទេសស្វាយប៉ោឲ្យច្បាស់ ឃើញថាឃុំស្វាយប៉ោជាឃុំមួយដែលនៅដាច់ឆ្ងាយពីគេ ផ្លូវគមនាគមន៍ទៅមកក៏មិនស្រួល ម្យ៉ាងទៀតឃុំនេះមានល្បីឈ្មោះថាចាញ់ខ្លាំងណាស់។
ការដែលធ្វើឲ្យមានជម្ងឺគ្រុនចាញ់នេះ ក៏កើតអំពីមូសដែលអាស្រ័យនៅតាមបឹងតាមអូ ដែលមានទឹកស្អុយមិនហូរសោះ ហើយគ្របនឹងដើមឈើធំៗ ដុះព័ទ្ធជុំវិញធ្វើឲ្យទីដីសើមគ្មានស្ងួត ម្យ៉ាងទៀត អ្នកស្រុកមិនព្យាយាមរៀបចំទីភូមិលំនៅឲ្យស្អាតបាតត្រូវតាមវីធីរក្សារោគ។
នៅក្រោមដើមស្វាយធំមួយដើម ដែលមានមែក និងស្លឹកយ៉ាងក្រាស់ដុះនៅមាត់អូ មានខ្ទមមួយ ដែលសង់ដាច់ឆ្ងាយពីគេ ម្ចាស់ខ្ទមនេះប្រុសពោះម៉ាយអាយុប្រហែល៤០ឆ្នាំ ភរិយាគាត់ស្លាប់ចោលទៅរយៈវេលា៤ឆ្នាំហើយ។
តាខែមម្ចាស់ខ្ទមនេះ មានកូនពីរនាក់ប្រុសឈ្មោះវិទ្ធអាយុ១២ឆ្នាំ ជាបងនិងផានីអាយុ១០ឆ្នាំជាប្អូន តាខែមមានរបររកទទួលទានចាប់ក្រពើលក់ជាកិច្ចវត្ត របរបែបនេះមិនជួយឲ្យតាខែមកើតជាសេដ្ឋី ឬជាអ្នកមានទ្រព្យបរិបូណ៌ទេ គ្រាន់តែមានកម្រៃបន្តិចបន្តួចចិញ្ចឹមជីវិតទៅមួយថ្ងៃៗ។
ក្រៅអំពីតាខែមម្នាក់ហើយ មានអ្នកឯទៀតភាគច្រើនដែលមានរបរចាប់ក្រពើលក់ដូចគ្នាដែរ តែវិធី និងរបៀបដែលតាខែមប្រើចាប់ក្រពើនេះ ខុសចំលែកពីគេ គឺគាត់ប្រើកូនប្រុសគាត់ធ្វើនុយសំរាប់បញ្ឆោតក្រពើ គាត់យកអាវិទ្ធកូនគាត់ចងនឹងខ្សែពួ ហើយគាត់យកទៅត្រាំក្នុងទឹក ដើម្បីបញ្ឆោតឲ្យក្រពើដេញមករកស៊ី គាត់ប្រើឲ្យកូនស្រីគាត់អង្គុយចាំមើល បើឃើញក្រពើមកឲ្យស្រែកហៅគាត់ ដើម្បីគាត់ យកកាំភ្លើងមកបាញ់ក្រពើដែលចេញមករកស៊ីនុយ។
ថ្ងៃមួយនោះអាវិទ្ធកំពុងត្រាំក្នុងទឹកតាំងពីព្រលឹមមក ចំណែកផានីកូនស្រីអង្គុយចាំមាត់អូមើល ក្រែងមានក្រពើចេញមករកស៊ី នាងអស់កំលាំងក៏ផ្តេកខ្លួនទៅលើស្មៅមួយសន្ទុះមក តាខែមក៏ដើរដម្រង់ មករកកូនស្រីគាត់ ព្រមទាំងចេញវាចាថា៖
មីនី! មីនី! នាងឯងខ្ជិលណាស់ ឲ្យចាំក្រែងមានក្រពើវាចេញមករកស៊ីឯងត្រឡប់ជាមកដេកលេង។
ផានីស្ទុះក្រោកឡើងព្រោះខ្លាចឪពុកនិយាយជេស្តី ក៏និយាយទៅកាន់តាខែមថា៖
ពុក! ពុក! ថ្ងៃនេះគ្មានក្រពើចេញមករកស៊ីសោះ បងវិទ្ធស្រែកមកអំបាញ់មិញឲ្យខ្ញុំចុះស្រាយខ្សែចេញ បងវិទ្ធថារងារណាស់ស៊ូមិនបានទេពុក! ពុក! ខ្ញុំអាណិតបងវិទ្ធណាស់។
តាខែមស្តាប់កូនិយាយ ធ្វើមុខនឹងពាក្យសំដីគំហកទៅវិញថា៖
មីនី! កុំចេះសំដីច្រើនពេក អាវិទ្ធវាគ្មានថ្ងូរមួយម៉ាត់សោះ មីឯងចេះតែនិយាយឲ្យបានរឿងបានហេតុ។
ផានីមុខស្ងួតស្លាំងភ័យនឹងឪពុកជេស្តី ក៏មិនហ៊ាននិយាយតបអ្វីសោះ។
តាខែមដើរចុះទៅក្នុងទឹក សាកសួរកូនប្រុសគាត់៖ អាវិទ្ធ! កូនស៊ូទ្រាំបន្តិចទៀតទៅ! ក្រែងមានក្រពើណាវាចេញមក ថ្ងៃនេះបើយើងមិនបានក្រពើលក់ទេ មុខជាដាច់ពោះស្លាប់ហើយ ប្រាក់កាសក៏អស់រលើង។
១៥នាទីតមក ខណៈដែលឪពុក និងកូនសន្ទនាគ្នាទៅវិញទៅមក ស្រាប់ តែឮនាងផានីស្រែក យ៉ាងអស់ទំហឹងថា៖
ពុក! ពុក! ឆាប់ៗៗ នោះក្រពើធំណាស់ អូយ! កំពុងហែលដំរង់មកបងវិទ្ធ ឆាប់ៗពុក!
តាខែមឮកូនស្រីគាត់ស្រែកយ៉ាងភិតភ័យ ព្រោះឃើញក្រពើដេញមករកអាវិទ្ធ ក៏អត់សើចមិនបាន ឆ្លើយថា៖
មីនី! មីឯងកុំភ័យពេក ទាញខ្សែចូលបន្តិចម្តងៗ បញ្ឆោតឲ្យក្រពើវាឃើញនុយ ចាំវាចូលមកជិតបន្តិចសិន សុំអញបាញ់វា កុំទាញខ្សែខ្លាំងពេក។
អាវិទ្ធ! កូនកុំឲ្យភ័យ នៅស្ងៀមកុំកំរើកខ្លួនខ្លាំងពេក ចំណែកក្រពើក៏កាន់តែហែលមកជិតបន្តិច ព្រោះឃើញអាវិទ្ធ។
តាខែម និងកូនស្រីគាត់នាំគ្នាទាញខ្សែចូលមកកាន់តែជិតបន្តិចម្តងៗ ក្រពើក៏កាន់តែតាមចូលមកជិតបានរយៈប្រហែល៥ម៉ែត្រឆ្ងាយពីអាវិទ្ធ តាខេមក៏លើកកាំភ្លើងដំរង់ទៅរកក្រពើ មួយសន្ទុះតមក តាខែមបានបាញ់ក្រពើនោះស្លាប់ អាវិទ្ធក៏មុចខ្លួនទៅបាត់ពីទឹកដើម្បីរត់ចេញពីក្រពើ ដែលមានឈាមជាប់នៅលើទឹកគួរឲ្យខ្លាច។
តាខែមឃើញក្រពើស្លាប់អណ្តែតនៅលើទឹកក៏មានចិត្តត្រេកអរជាច្រើន និយាយទៅកាន់កូនស្រី គាត់ថា៖ នេះមីកូនឃើញទេ ស្នាដៃឪពុក នាងផានីមានចិត្តត្រេកអរ ដែលបានឃើញបងប្រុសរួចពីគ្រោះថ្នាក់ រួចពីចំណីអាហាររបស់ក្រពើ។ ថ្ងៃនេះយើងគ្រាន់បើហើយកូន យើងកុំភ័យអត់បាយ ព្រោះខ្លួនក្រពើនេះ យ៉ាងថោកយើងក៏គង់លក់បាន៤០រៀល តាខែមនិយាយហើយព្រមទាំងសើចយ៉ាងសប្បាយ ចំណែកនាងផានីញញឹមទៅរកបងប្រុសហើយនិយាយថា ខ្ញុំអាណិតបងវិទ្ធឯងណាស់ គាត់ឲ្យដេកត្រាំក្នុងទឹកធ្វើជានុយ ក្រពើមករកបើគ្រោះមិនល្អ បងក៏ត្រូវក្រពើស៊ីជាអាហារ។ ឱមីនីនាងកុំបារម្ភនឹងអញឲ្យសោះ អញក្មេងតែអាយុទេ តែអញមានសេចក្តីក្លាហានមិនខ្លាចស្លាប់ទេ អញតាំងចិត្តធ្វើជាអ្នកលេងបាន ខ្លាចធ្វើអីសេចក្តីស្លាប់ ធំឡើងអញមុខជាធ្វើមេអ្នកលេងនៅឃុំស្វាយប៉ោមីនីអូនចាំមើល។
នេះអាវិទ្ធចំជាកូនឪពុកមែន!
ខណៈដែលឪពុក និងកូនទាំងពីរនិយាយសន្ទនាគ្នាទៅវិញទៅមក ស្រាប់ តែមានតាចាស់ម្នាក់ឈ្មោះតាឆុំ ដើរមកជាមួយ និងកូនប្រុសម្នាក់ឈ្មោះរឿង មកឃើញតាខែមកំពុងលាងស្បែកក្រពើ ក៏និយាយថា៖
ខែម! ខែម! ថ្ងៃនេះបានក្រពើធំល្អសម្បើម។ តាខែមងើបមុខទៅរកគូសន្ទនា។
អើដូចតែសព្វមួយដង ប៉ុន្តែថ្ងៃនេះខ្លួនវាធំជាងថ្ងៃមុនបន្តិច ចុះនេះនាំអារឿងទៅណាមកណា?
តាឆុំមិនបង្អង់នឹងពាក្យសួរ និយាយតមភ្លាមថា៖
គ្នានាំមកបបួលអាវិទ្ធ ក្រែងវាចង់ទៅរៀនអក្សរជាមួយគ្នាឯក្រុងភ្នំពេញ ព្រោះស្អែកនេះមានគេ មកពីភ្នំពេញ ហើយគ្នាសុំផ្ញើជាមួយគេទៅ ខែមឯងគួរតែឲ្យអាវិទ្ធវារៀននឹងគេឯងទៅ គ្រាន់ថ្ងៃក្រោយទៅ បានចេះដឹងនឹងគេខ្លះ។
តាខែមសើចចំអកនឹងពាក្យសំដីរបស់តាឆុំ តបថា៖
ឲ្យអារឿងវាទៅរៀនចុះ ក្រែងវាបានធ្វើលោកអ្នក ចំណែកអាវិទ្ធ ទុកឲ្យវាល្ងង់ចុះ សូមអរគុណហើយ ដែលឯងបានមកបបួលឲ្យវាទៅរៀន តែគ្នាមិនត្រូវការទេ មនុស្សយើងចេះដឹងធ្វើអ្វីនៅស្រុកព្រៃ រកស៊ីចាប់ក្រពើលក់ល្អជាង។ ចំណែកកូនតាឆុំ បាននិយាយទៅរកវិទ្ធ៖
ឯងទៅនៅរៀនជាគ្នាទៅ ប្រហែលខានស្អែកនេះគ្នាទៅភ្នំពេញ ហើយយើងទៅរៀនដើម្បីរក ចំណេះវិជ្ជាមកប្រើការឲ្យមានផលប្រយោជន៍ វិទ្ធឯងមើលឃុំយើង សុទ្ធតែព្រៃ មើលទៅខាងណាឃើញ តែដើមឈើឃើញតែថ្លុកត្រពាំង រកសាលារៀនឬកន្លែងសំខាន់គ្មានសោះឡើយ បើយើងមានដំរិះវិជ្ជា យើងអាចជួយប្រទេសយើងរហូតដល់ទីលំនៅយើង ឲ្យទាន់តាមសម័យគេទាំងឡាយ។ វិទ្ធសើចតបថា៖
អរគុណហើយរឿង! អញ្ជើញទៅធ្វើលោកតែម្នាក់ឯងចុះ អញមិនត្រូវការទេ សុំធ្វើអ្នកចាប់ក្រពើ តែម្យ៉ាងបានហើយ។
តាឆុំឮអាវិទ្ធ និងអារឿងនិយាយប្រកែកគ្នា គាត់ក៏អត់កាត់សេចក្តីមិនបាន។
ឯងគិតខុសទេវិទ្ធ! បើយើងមានចំណេះវិជ្ជាពេញក្នុងខ្លួន កាលណាហើយវេលានោះ ប្រៀបដូចយើងមានអាវុធក្នុងខ្លួន បើធ្លាក់ទៅកន្លែងណា ក៏មិនខ្លាច ព្រោះយើងអាចប្រើចំណេះវិជ្ជារបស់យើងដើម្បី ប្តូរទុកទ្រព្យ ក្រៅពីនោះមានគេកោតខ្លាចយើង ហើយស្រឡាញ់រាប់រកយើង ពេលនោះហើយប្រទេស ជាតិយើងក៏ថ្កុំថ្កើង ព្រោះពេញទៅដោយប្រជាជនប្រុសស្រី ដែលជាកំលាំងរបស់ជាតិ វិទ្ធចូរឯងកុំយល់ខុសថា ការសិក្សាជាកិច្ចការបំភ្លឺមនុស្សឲ្យដើរទៅរកសេចក្តីចំរើន។
តាខែមអង្គុយស្តាប់ធុញថប់នឹងពាក្យសំដី និយាយតបថា៖
ឆុំឲ្យអារឿងវាទៅតែម្នាក់វាចុះ អាវិទ្ធកុំរវល់នឹងវា ទុកឲ្យវាជួយចាប់ក្រពើលក់មានប្រយោជន៍ជាង។
ចំណែកតាឆុំឮតាខែមនិយាយដោយពាក្យមិនសមគួរ ក៏ខឹងចិត្តស្ទុះក្រោក ត្រឡប់ទៅផ្ទះវិញ ហើយក៏ប្រាប់ទៅអារឿងថា៖ ទៅវើយ! កុំរវល់អ្នកពូកែចាប់ក្រពើ។
២០ឆ្នាំតមក ការប្រែប្តូរនៃសភាពរបស់មនុស្សយើង រមែងតែងមានរាល់រូបកាយទាំងប្រុសស្រី ជនណាដែលមានសេចក្តីព្យាយាមមិនខ្ជិលច្រអូសហើយ អាចកសាងខ្លួនបាន ព្រោះវេលា២០ឆ្នាំមិនមែន ជាពេលដែលបង់ទៅដោយឥតប្រយោជន៍ ជាពេលដែលជនទាំងឡាយអាចកសាងខ្លួនឲ្យបានថ្កុំថ្កើង ហើយចំរើនទៅខាងមុខបាន តែសំរាប់អ្នកខ្ជិលច្អូសដែលមិនមានការព្យាយាមខំធ្វើការ ឬរកដំរេះវិជ្ជាដាក់ខ្លួន ទោះ២០ឆ្នាំក៏គ្មានប្រយោជន៍សំរាប់ខ្លួនគេ ព្រោះវេលានោះបង់នៅដោយមិនមានចិត្តស្តាយក្រោយ ហើយចុងក្រោយតមកអ្នកខ្ជិលច្រអូសនោះ ក៏មិនអាចស្រែកហៅឲ្យវេលាដែលបង់ទៅត្រឡប់មកវិញ បានទេ ដូច្នេះហើយទើបមានភាសិតសាកលគេពោលថា៖ វេលាដែលហើរទៅ នេះជាមាសជាប្រាក់។
រយៈ២០ដែលនាយវិទ្ធជាអ្នកខ្ជិលច្រអូស ហើយមិនចង់រកដំរេះវិជ្ជាដាក់ខ្លួន មិនរកសេចក្តីបំភ្លឺ សេចក្តីចំរើនផលដែលតបស្នងដល់ខ្លួន នាយវិទ្ធក៏គឺផលដែលមិនសមបំណង ព្រោះ២០ឆ្នាំមុននាយវិទ្ធ ជាអ្នកចាប់ក្រពើ ថ្ងៃនេះនាយវិទ្ធក៏ជាអ្នកចាប់ក្រពើដដែល នាយវិទ្ធលិចលង់នៅក្នុងសេចក្តីងងឹតល្ងង់ ដូចពីក្មេងគ្មានថ្ងៃនឹងកែប្រែបាន ទាំងនេះព្រោះនាយវិទ្ធខ្វះខាតការសិក្សា តែសំរាប់អ្នកដែលគេមាន ព្យាយាមស៊ូទ្រាំរៀនសូត្រត្រូវការចំណេះវិជ្ជា គេមិនសុខចិត្តឲ្យវេលាដែលមានតម្លៃហើរទៅដោយឥតប្រយោជន៍ តមកផលដែលតបស្នងអ្នកសង្វាតព្យាយាមនោះ ក៏គឺផលដែលពេញទៅដោយកេរ្តិ៍ឈ្មោះ ល្បីល្បាញ ដូច្នេះសេចក្តីព្យាយាមរបស់នាយរឿងដែលបានខំសង្វាតបណ្តុះបណ្តាលឲ្យនាយរឿងកើត ជាប្រុសមួយដែលដំរេះវិជ្ជាពេញខ្លួន សព្វថ្ងៃនេះនាយរឿងបានរៀនសំរេចពីសាលាតិកនិក ជាន់ខ្ពស់នៅក្រុងប៉ារិស៍។
នាយរឿងជាខេមរជនមួយដែលប្រទេសជាតិត្រូវការ ជារបងមួយយ៉ាងមាំទាំរបស់ជាតិ គេបានត្រឡប់មកស្រុកកំណើតវិញ មកជួបជុំបងប្អូននៅឃុំស្វាយប៉ោ នាយរឿងធ្លាប់ឃើញប្រទេសដែលគេចំរើននោះយ៉ាងម្តេចខ្លះ គេមិនព្រមឲ្យសេចក្តីចេះដឹងរបស់គេដែលបានរៀនមកនោះឥតប្រយោជន៍ទេ គេមានចិត្តអាណិតដល់បងប្អូន និងស្រុកកំណើតរបស់គេ គឺដោយចំពោះឃុំស្វាយប៉ោ ដូច្នេះនាយរឿង ផ្តើមសង់គ្រោងការណ៍ប្រែប្តូរឃុំស្វាយប៉ោ ឲ្យមានសភាពត្រឹមត្រូវដូចឃុំឯទៀត ដែលធ្លាប់ចំរើនមក ហើយគឺឲ្យមានផ្លូវគមនាគមន៍ទៅវិញទៅមក មានមន្ទីរព្យាបាលរោគ មន្ទីររាជការជាំច្រើន និងរោងឧស្សាហ៍កម្មធំៗ។ល។
ថ្ងៃមួយតមក នាយតិចនិករឿងបានប្រកាសឲ្យប្រជាជននៅឃុំស្វាយប៉ោជ្រាបពីគ្រោងការណ៍របស់គេ ដែលបានគិតមកហើយ តាំងចិត្តនឹងដំណើរតទៅ ពាក្យសេចក្តីដែលគេប្រកាស មានសេចក្តីសំខាន់ជាច្រើនកន្លែង គឺបងប្អូនរួមជាតិទាំងឡាយ ថ្ងៃនេះខ្ញុំបាទសូមថ្លែងសេចក្តីត្រេកអរនឹងសេចក្តីអរគុណ ចំពោះមុខបងប្អូនរួមជាតិជាមួយគ្នា។ ខ្ញុំបាទសូមឱកាសនេះប្រាស្រ័យសន្ទនាដល់បងប្អូនទាំងអស់ សូមទានជ្រាបពីគ្រោងការណ៍ដែលខ្ញុំបាន រិះគិតនឹងកសាងឃុំស្វាយប៉ោរបស់យើង ឲ្យមានសភាពត្រឹមត្រូវតាមបែបសម័យស្រុកគេចំរើនមក ហើយ។
ដោយដំរេះវិជ្ជាដែលខ្ញុំបានរៀនសូត្រមកពីស្រុកអារ្យៈ ធ្លាប់ធ្វើការក្រសួងសាធារណៈការ ហើយដោយកំលាំងចិត្តរបស់ខ្ញុំ ខ្ញុំបាទហ៊ាននិយាយពេញមាត់ថាខ្ញុំបាទមានសេចក្តីព្យាយាម សេចក្តីមានៈ ដើម្បីសាងគ្រោងការណ៍ឲ្យចំរើនឲ្យទាន់ភ្នែកបងប្អូនបានឃើញ ខ្ញុំបាទរ៉ាប់បំរើប្រទេសជាតិដោយមិន អាចគិតដល់ការនឿយហត់សេចក្តីលំបាកទាំងពួង។
គ្រោងការណ៍ដែលខ្ញុំបាទរិះគិតនេះត្រូវប្រើពេលវេលា៣ឆ្នាំ ហើយប្រើទាំងកំលាំងកាយ កំលាំងចិត្តរបស់ខ្ញុំ ដើម្បីស៊ូប្តូរសេចក្តីមិនចំរើនឲ្យបានចំរើនឡើង តែការទាំងអស់នេះ ខ្ញុំបាទដំណើរទៅម្នាក់ឯង មិនបានទេ ត្រូវអាស្រ័យកំលាំងពីបងប្អូនទាំងអស់គ្នាជួយគ្នាធ្វើទៅបន្តិចៗ ការនេះប្រៀបបាននឹងទូក ដែលនៅកណ្តាលទន្លេ ហើយមានខ្យល់បក់បោកមកទូកនឹងលិចលង់ទៅ ឬថយមកក្រោយវិញក៏អាស្រ័យសេចក្តីក្លាហានសេចក្តីប្រសប់របស់អ្នកជិះដែលជួយគ្នាអុំ ជួយគ្នាចែវ ហើយការសំខាន់បំផុតក៏ គឺកាច់ចង្កូតបើយើងអ្នកជិះទូកទាំងអស់គ្នាគ្មានសេចក្តីសាមគ្គីព្រមព្រៀងគ្នាទៀត ទូកក៏លិចទៅកណ្ដាលទន្លេ យើងក៏ដល់នូវសេចក្តីមរណៈព្រមគ្នាក្នុងខណៈនោះ។
ដូច្នេះ ការគ្រោងការណ៍ក៏អាស្រ័យការព្រមព្រៀងគ្នា កិច្ចការដំបូងដែលយើងនឹងដំណើរទៅ នោះត្រូវមានការឆ្ការព្រៃ កាប់ដើមឈើ លុបថ្លុកត្រពាំងទាំងតូចធំ ដូច្នេះការដែលដំណើរទៅនេះជាការ ក្តៅក្រហាយដល់ប្រជាជនដែលមានព្រៃឈើ មានរបរខាងចាប់ក្រពើ មានចំការជាដើម តែមុនដំបូង ខ្ញុំសូមឲ្យបងប្អូនយល់ថា យើងបង់ទ្រព្យដើម្បីសេចក្តីសុខ សេចក្តីចំរើន ដល់បងប្អូនរបស់យើង។
ការដែលយើងស្តាយទ្រព្យជាការល្អហើយ មានអ្នកណាខ្លះមិនស្រឡាញ់ទ្រព្យមិនស្រឡាញ់របររបស់ខ្លួន តែចូរបងប្អូនគិតថា យើងបង់ទ្រព្យដែលមានដើមស្វាយ ដើមត្របែក ដើមចេក និងបឹងអូដើម្បីប្តូរផ្សារថ្ម សាលារៀន មន្ទីរពេទ្យ មហាវិទ្យាល័យ និងផ្លូវគមនាគមន៍ ដែលចាក់កៅស៊ូ ហើយខ្វាត់ខ្វែងគ្នា ដូចសំបុកពីងពាង។
ដូច្នេះមុននឹងបញ្ចប់សេចក្តីក្នុងប្រកាសនេះ ខ្ញុំបាទមានសេចក្តីសង្ឃឹមដល់បងប្អូនទាំងអស់គ្នាជាមុនថា បងប្អូនគង់មានចិត្តសាមគ្គីរួបរួមកំលាំងគ្នា ដើម្បីសាងគ្រោងការណ៍កសាងឃុំរបស់យើង ឲ្យសំរេចដូចសេចក្តីនឹកគិតរបស់យើង...។
នាយរឿងប្រកាសមិនទាន់ចង់សេចក្តី ស្រាប់តែឮសូរសម្លេងស្រែកហ៊ោមកពីខាងក្រោយនាយរឿង មានសេចក្តីថា៖
យើងកុំសុខចិត្តពួកយើង លុបបឹងត្រពាំង កាប់ដើមឈើ កាប់ចំការ យើងកុំយល់ព្រម ពួកយើងមុខជាស្លាប់អស់ហើយ បើលុបអូក្រពើទៅយើងកុំសុខចិត្ត។
មានមួយពួកស្រែកតមកថា៖
សាលារៀន មន្ទីរពេទ្យ រោងឧស្សាហ៍កម្ម មានប្រយោជន៍អ្វីដល់យើង ពួកយើងត្រូវតវ៉ាកុំសុខចិត្ត។
ជយោ! ពួកយើងកុំសុខចិត្ត។
ខណៈនោះនាយវិទ្ធរត់ចេញពីកន្លែងប្រកាសនោះទៅដល់ផ្ទះ ជួបនឹងតាខែមកំពុងលាងអំពង់កាំភ្លើង ស្រាប់តែឃើញនាយវិទ្ធរត់ទៅយ៉ាងប្រញាប់ប្រញាល់ក៏សាកសួរថា៖
អាវិទ្ធ! ម្តេចទៅ? ការដែលយើងគិតមកហើយ វិទ្ធសើចតប៖
ពុក! ពុក! ឲ្យកាំភ្លើងមកខ្ញុំភ្លាម ខណៈនេះពួកយើងកំពុងស្រែកមិនយល់ព្រម ពីការលុបបឹងអូ ត្រពាំង ឲ្យកាំភ្លើងមកខ្ញុំភ្លាម ឆាប់ៗ ឆាប់ៗ។
តាខែមមិនបង្អង់នឹងពាក្យ ក៏រៀបចំកាំភ្លើងទៅឲ្យកូនគាត់៖
ចូរប្រតិបត្តិការឲ្យយ៉ាងស្ងាត់ណា៎ កូនប្រុស! ជ័យជំនះរបស់យើងគឺ ការសម្លាប់អារឿងឲ្យផ្តាច់ជីវិតទៅកូន! ទៅហើយនាំជ័យមកឲ្យពុក។
ចំណែកវិទ្ធមិនបង្អង់ស្ទុះរត់ទៅដល់កន្លែងមួយ ដែលមានដើមត្របែក៤-៥ដើម ជាទីកំបាំង ហើយសញ្ញាដល់ពួកម៉ាកគេ៥-៦នាក់ទៀត ដែលកំពុងស្រែកហ៊ោកញ្ជ្រៀវឲ្យមករកគេ។
១៥នាទីតមក វិទ្ធក៏បានលើកកាំភ្លើងផ្ទឹមស្មា ដំរង់អំពង់ទៅរកនាយរឿងដែលកំពុងឈរប្រកាស ខណៈនោះឯងសេចក្តីក្តៅក្រហាយ ទោសៈបានបង្កើតដល់វិទ្ធ ធ្វើឲ្យងងឹតគ្រប់ផ្លូវ ព្រោះគេព្យាយាម ព្យាបាទដល់ខ្លួននាយរឿងយូរមកហើយ ព្រោះនាយរឿងជាមនុស្សដែលគេស្អប់បំផុត គ្មានអ្វីទៀតទេ ដែលបង្គាប់មិនឲ្យវិទ្ធបាញ់កាំភ្លើងទៅរកនាយរឿង គ្រាប់កាំភ្លើងបាត់រត់ទៅត្រូវរបួសជើងនាយតិកនិក ធ្វើឲ្យចេញឈាមហូរមុខគួរឲ្យណាស់ តែខណៈនោះសេចក្តីព្យាបាទរបស់នាយវិទ្ធ ក៏ត្រូវតបស្នងនៃកម្ម ដែលគេបានធ្វើមក មានអ្នកស្រុក៣-៤នាក់ ដែលគេនៅជិតនាយវិទ្ធបាញ់កាំភ្លើងទៅរកនាយរឿង អ្នកស្រុកអស់នោះបានឃើញច្បាស់ដោយភ្នែកខ្លួនឯង ក៏នាំគ្នាចាប់ចងនាយវិទ្ធ ហើយនាំយកទៅឲ្យនាយរឿង ថ្វីបើនាយរឿងត្រូវរបួសជើងមែនពិត តែគេមិនគិតដល់ដំបៅដែលមានឈាមហូរចេញមក គេដឹងថាសត្រូវរបស់គេគឺនាយវិទ្ធ ព្រោះនាយវិទ្ធចង់សងសឹកគេដោយកំលាំងអាវុធ គេដឹងច្បាស់ថាការកសាង ឃុំស្វាយប៉ោកជាថ្មីនេះ មុខជារឿងហេតុដល់ខ្លួនគេ ព្រោះគេជាអ្នកផ្តើមការ។
នាយវិទ្ធត្រូវអ្នកស្រុកចាប់ប្រគល់ខ្លួនមកឲ្យនាយរឿង ថ្វីបើនាយរឿងត្រូវរបួសជើងហើយមានឈាមហូរចេញមក គេនៅតែញញឹមមិនមានខឹងសំដែងកិរិយាឲ្យនាយវិទ្ធដឹង ព្រោះគេដឹងថានាយវិទ្ធជាមនុស្សល្ងង់ខ្លៅមិនបានទទួលការសិក្សាមក ការដែលគេធ្វើមកនោះដោយសារសេចក្តីងងឹត មិនជ្រាបជ្រៅដល់កិច្ចការចំរើន ដូច្នេះនាយរឿងទើបទុបចិត្តមិនច្រឡោតតប ហើយគេចាំសុភាសិតថា ចាញ់ជាព្រះ ឈ្នះជាមារ។
ខណៈនោះ មានអ្នកស្រុកចាប់នាយវិទ្ធចងដៃនឹងខ្សែមួយយ៉ាងធំ នាយរឿងឃើញដូច្នោះ ក៏និយាយហាមមិនឲ្យចង សុំឲ្យស្រាយខ្សែចេញ ហើយនាយរឿងក៏និយាយទៅកាន់វិទ្ធថា៖
វិទ្ធ គ្នាមិនខឹងនឹងឯងទេ ថ្វីបើឯងព្យាយាមយកអាវុធមកបាញ់គ្នា តែមុននឹងគ្នាស្លាប់ដោយសារ គ្រាប់កាំភ្លើងរបស់ឯង គ្នាសុំខ្លួនបំរើប្រទេសជាតិ បំរើបងប្អូនអ្នកស្រុកដោយសេចក្តីស្មោះត្រង់សិន។
ការដែលគ្នាមិនសាងគ្រោងការណ៍ប្រែប្តូរសភាពនៃឃុំស្វាយប៉ោនេះ ក៏គ្មានអ្វីទេក្រៅអំពីគ្នាចង់ ឲ្យបងប្អូនយើងទាំងអស់គ្នា មានទីលំនៅល្អ មានផ្លូវថ្មល់ដែលចាក់កៅស៊ូ មានរោងឧស្សាហ៍កម្មធំៗ មានផ្ទះថ្មធំៗ ហើយមានរទេះភ្លើង រទេះឡានរត់ទៅវិញទៅមកនៅលើថ្នល់ ដែលខ្វាត់ខ្វែងដូចសំបុកពីងពាង ការទាំងអស់នេះជាការពិបាកបន្តិច តែបើពួកយើងទាំងអស់មានសេចក្តីព្យាយាមស៊ូទ្រាំនឹងសេចក្តីលំបាកទាំងឡាយ ពេលនោះហើយសេចក្តីសំរេចនៅខាងមុខ នឹងបង្កើតផលឲ្យឃើញឡើងភ្លាមៗ។
ចំណែកនាយវិទ្ធ និងអ្នកស្រុកឯទៀតជាច្រើន អង្គុយស្តាប់នាយរឿងអធិប្បាយសព្វគ្រប់ ក៏មានចិត្តស្រឡាញ់រាប់អាននាយរឿងកាន់តែច្រើនឡើង ព្រោះស្តាប់ទៅក៏កាន់តែចូលចិត្តឡើង ភ្ញាក់ពីសេចក្តីកំហុសរបស់ខ្លួន ដែលដេកលិចលង់មកជាយូរអង្វែងហើយ ក៏នាំគ្នាក្រោកឡើងដោយមានវិទ្ធជាអ្នកនាំ ឲ្យស្រែកព្រមៗគ្នា៖ ខ្ញុំសូមផ្លាស់គំនិតថ្មី ប្រែចិត្តថ្មី ដើម្បីរួបរួមកំលាំងគ្នាកសាងគ្រោងការណ៍ឲ្យបានសំរេច ក្នុងអនាគតឆាប់ៗនេះ!។
ជយោ! ជយោ! សូមឲ្យគ្រោងការណ៍យើងចូរសំរេច! ជយោ សូមឲ្យឃុំស្វាយប៉ោយើងចំរើន! សូមឲ្យបងប្អូនក្នុងឃុំចំរើនទៅកាន់ជ័យខាងមុខនេះ!
ដើមខែថ្មីចូលមកដល់ នាយរឿងក៏បាននាំគ្រឿងច័ក្រ គ្រឿងជីកដី លុបដី និងគ្រឿងឧបករណ៍ គ្រប់យ៉ាងពីក្រុមសាធារណៈការមកប្រើប្រាស់ក្នុងកិច្ចការនេះ នាយវិទ្ធបានសុំខ្លួនទៅធ្វើការក្នុងកិច្ចការនេះ ហើយអ្នកស្រុកទាំងអស់គ្នាមានសេចក្តីសាមគ្គីព្រមព្រៀងគ្នាជួយកិច្ចការនេះ ដោយគ្មានគិតដល់ការនឿយហត់អ្នកទាំងអស់គ្នា ស្តាប់បង្គាប់នាយរឿងដែលជាមេចាត់ការធំដោយគ្មានការជជេកឬឈ្លោះគ្នាឡើយ។
រយៈ៣ឆ្នាំតមក គ្រោងការណ៍កសាងឃុំស្វាយប៉ោជាថ្មីនោះក៏បានសំរេចរូបយ៉ាងគួរឲ្យសរសើរ កំលាំងកាយ និងកំលាងចិត្ត ទាំងញើស ទាំងការនឿយហត់របស់អ្នកស្រុកឃុំស្វាយប៉ោ ក៏បានសំដែងរូបឲ្យឃើញទាន់ភ្នែក។
បឹងក្រពើដែលទីអាស្រ័យរបស់មូស និងក្រពើនោះ ក៏ក្លាយសភាពជាផ្ទះពេទ្យរក្សារោគយ៉ាងធំ ខ្ទមតាខែមក៏មានសភាពជាផ្សាមួយយ៉ាងធំសម្បើម ផ្ទះតាឆុំក៏មានសភាពជាមហាវិទ្យាល័យដែលមាន អ្នករៀនសូត្រចំនួនជាង ១០០០នាក់ ទៅមកសិក្សារាល់ៗថ្ងៃ ឃុំស្វាយប៉ោក៏ផ្លាស់រូបជាស្រុកមួយយ៉ាងធំ ដែលមានរទេះភ្លើង រទេះឡានចេញចូលទៅវិញទៅមកគ្មានដាច់មួយរយៈវេលា ពេលយប់មានភ្លើង អគ្គិសនីបំភ្លឺតាមផ្លូវប្រដូចថ្ងៃ ហើយអ្នកស្រុកក៏បានដើរលើថ្នល់ដែលចាក់កៅស៊ូ មិនមែនលុយភក់ដូចកាលពីដើមទៀតទេ។
ចូរអ្នកប្រៀបធៀបសភាពឃុំស្វាយប៉ោពី៣០ឆ្នាំមុន និងពេលឥឡូវនេះ លោកអ្នកនឹងឃើញថា សេចក្តីស្ងប់ស្ងាត់មិនទាន់សម័យនៃឃុំស្វាយប៉ោនោះ ខុសនឹងពេលនេះដូចម្តេចខ្លះ?
ហេតុនេះសូមខេមរជនទាំងឡាយ ដែលជាកំលាំងរបស់ជាតិ នាំគ្នាប្រែគំនិត ប្រែចិត្ត ដើម្បីជួយគ្នាកសាងភូមិលំនៅរបស់យើងឲ្យទាន់សម័យចំរើន ឲ្យទាន់លោកអារ្យៈ ដូចក្នុងរឿងដែលបានរៀបរាប់ មកដើម្បីនាំគ្នាឈានទៅដល់ទីជ័យជំនះ និងសេចក្តីមិនសំរេចក្នុងគោលការណ៍កសាងខ្លួន ដូចប្រទេស គេចំរើនមកហើយគ្រប់ៗ ប្រទេសជិតខាងយើង៕
No comments:
Post a Comment