សូមជំរាប
លោកប្រធាន មូលនិធីកម្ពុជាខាងអក្សរសាស្ត្រ វប្បធម៌និងសិល្បៈ
លោកប្រធានគណៈកម្មការ មេប្រយោគផ្នែកអក្សរសាស្ត្រ
វិញ្ញាសាអក្សរសាស្ត្រផ្នែកកម្រងកំណាព្យ ដែលខ្ញុំបាទបានផ្ញើមកជូនអស់លោកវិនិច្ឆ័យនេះ
មានគោលបំណងដូចតទៅ៖
.ជួយលើកដំកើងនិងថែរក្សាការពារអក្សរសាស្ត្រខ្មែរយើង ដែលកំពុងតែត្រូវខ្មាំងយួនឈ្លានពាន ខំព្យាយាមលប់បំបាត់ចោល ឲ្យនៅតែមានសំរស់ និងអាយុជីវិតតទៅទៀត។
.ចងក្រងនិងរំលឹកឡើងវិញនូវសាវតាខ្មែរនិងយួន ព្រមទាំងអប់រំដាស់សតិកុលបុត្រកុលធិតាខ្មែរ ដែលកំពុងតែតស៊ូ អោយស្ថិតនៅក្នុងវិន័យ សីលធម៌ ដើម្បីជួយជំរុញនូវការរំដោះប្រទេសជាតិ អោយបានជ័យជំនះជាស្ថាពរ និងរកសេចក្តីសុខក្សេមក្សាន្តជូនដល់ប្រជាជាតិខ្មែរយើងតរៀងទៅ។
សូមអស់លោកទទួលនូវការគោរពរាប់អាន ដ៏ស្មោះស្ម័គ្រអំពីខ្ញុំបាទ។
ហត្ថលេខា
ខឹម សោភ័ណ
(បទព្រហ្មគតិ)
ឱ!កូនមាសឪពុក ចូរចាំទុកណា៎កូនណា៎
កូនចូលសេរីកា ព្រោះប្រាថ្នារំដោះជាតិ។
កូណអើយលំបាកណាស់ ចាំអោយច្បាស់កុំឃ្លាងឃ្លាត
ពាក្យថារំដោះជាតិ គឺរំដោះខ្លួនឯងមុន។
ធ្វើខ្លួនកូនអោយល្អ ចិត្តស្មោះសរកុំលោភលន់
សំដីអោយទន់ភ្លន់ ចេះគួរសមរាស្ត្រប្រជា។
កុំធ្វើឫកកោងកាច អាងអំណាចកាចពាលា
លួចប្លន់រាស្ត្រប្រជា បំពេញធនតែខ្លួនឯង។
ចាប់ចងកូនចៅគេ វាយដៀលជេរឥតគិតក្រែង
ដុតរោលផ្ទះសំបែង កាប់បំផ្លាញផលដំណាំ។
ពលរដ្ឋក្តៅក្រហាយ បង្អត់បាយរាប់ខែឆ្នាំ
កូនអើយចូរចងចាំ ច្បាំងរាប់ឆ្នាំពុំឈ្នះទេ។
ពលរដ្ឋជាឆ្នាំងបាយ ផ្លូវជិតឆ្ងាយយើងសួរគេ
ចូរកូនប្រឹងរិះរេ ថែបំពេរអោយប្រពៃ។
ដូចត្រីហើយនិងទឹក ឬសត្វម្រឹគរស់ដោយព្រៃ
ពឹងពាក់ស្នាក់អាស្រ័យ បានសុខសាន្តរួចទុក្ខទោស។
ពលរដ្ឋជាកម្លាំង ទោះខ្សោយខ្លាំងគួរសន្តោស
ខុសឆ្គងកុំចាប់ទោស អនុគ្រោះយកជាគ្នា។
កូនអើយចូរចាំថា ជាតិខេមរាសែនវេទនា
សង្គ្រាមតាមផ្តន្ទា រាប់ខែឆ្នាំពុំចេះចប់។
កុម្មុយនិស្តវាយប្រហារ ជាតិខេមរារស់ធុញថប់
ជាតិខ្មែរសែនមហាស្អប់ ខំរត់គេចរកសេរី។
ចោរយួនចូលមកទៀត ដោយប្រើស្នៀតប្លន់ទឹកដី
សម្លាប់ខ្មែរប្រុសស្រី ក្នុងបំណងរំលាយសាសន៍។
ពលរដ្ឋគ្នាលង់ទឹក ចិត្តគិតនឹករកសម្រាស់
ក្រែងលោបានប្រទះ គ្រាន់នឹងតោងរួចជីពជន្ម។
បើយើងមិនបានគិត សាងទុច្ចរិតដាក់ទម្ងន់
អោយខ្មែរមានទុក្ខធ្ងន់ រត់រកខ្មាំងពឹងការពារ។
កំហុសនោះធ្ងន់ណាស់ ចូរចាំច្បាស់គ្រប់វេលា
សាងសុខអោយប្រជា សង្គ្រាមចប់ដោយជោគជ័យ។
បើកូនបានធ្វើធំ ត្រូវខិតខំសាងស្នាដៃ
កេរ្តិ៍ឈ្មោះនឹងបានល្បី ត្បិតកូនចេះកសាងពល។
គ្រប់គ្រងដោយសុច្ចរិត ចេះកាន់គិតការខ្វាយខ្វល់
ខុសត្រូវ ត្រូវចេះយល់ ដាក់ទោសទណ្ឌគួរពិចារ។
ចែកចាយគ្រឿងប្រើប្រាស់ បើលអោយច្បាស់គ្រប់កិច្ចការ
តិចច្រើនសោតក្តីណា អោយបានដល់អ្នកតូចតាច។
ឫកពារត្រូវទន់ភ្លន់ នាំយុទ្ធជនអោយអង់អាច
កុំប្រើឫកកោងកាច វាយជេរស្តីខុសទំនង។
តស៊ូគ្មានប្រាក់ខែ ព្រាត់ឪម៉ែញាតិប្អូនបង
អាណិតដល់គ្នាផង មកតស៊ូរំដោះជាតិ។
បានលាភសក្ការៈ កុំលួចលាក់ផ្តល់អោយញាតិ
តិចតួចចូរកូនឆ្លៀត ទិញចែកចាយស៊ីប្រើប្រាស់។
ពេលឈឺគ្រុនរងា ទៅសួរគ្នាអោយបានច្បាស់
យកដៃស្ទាបទ្រូងថ្ងាស ហើយពោលពាក្យលើកទឹកចិត្ត។
បើមាននំចំណី ហុចផ្ទាល់ដៃដោយស្នាលស្និទ្ធ
ជម្ងឺដែលរួមរិត គង់ស្រាលឡើងដោយដៃកូន។
ថែថួនអោយបានល្អ ពេលទ័លក្រមិនសាបសូន្យ
គេនឹងជួយរូបកូន អោយគេចផុតពីគ្រោះភ័យ។
បើកូនមានភរិយា អប់រំគ្នាអោយប្រពៃ
មានចិត្តអធ្យាស្រ័យ កុំឆ្មើងឆ្មៃដាក់ទាហាន។
កុំហៅអា មឹង មាក់ ជេរវាយធាក់ទាំងបំពាន
កុំប្រើពលទាហាន ដូចជាំខ្ញុំជួលដាច់ថ្លៃ។
គេមករំដោះជាតិ មិនមែនធ្វើខ្ញុំឯងអី
ប្រើគេតោងប្រាស្រ័យ អោយសមចិត្តគ្នាទៅមក។
កិច្ចការខាងកងទ័ព កុំលូកដៃទៅជ្រុលជ្រក
ក្តោបក្តាប់អំណាចមក ចេញបញ្ជាជំនួសប្តី។
កូនគួរជួយកិច្ចការ ប្រយោជន័ណាប្រជាប្រិយ
លើកមុខលើកមាត់ប្តី អោយសមយសអ្នកដឹកនាំ។
ស្លៀកពាក់ដើរស៊ីចុក ការសុខទុក្ខមើលអោយសម
មានបានកុំបង្ខំ គង់ថ្ងៃក្រោយទ្រព្យចូលឯង។
កុំលេងល្បែងស៊ីសង អស់ទ្រព្យផងទ្រូងចំបែង
ជួនឈ្លោះតែគ្នាឯង នាំបាត់បង់ក្តីសាមគ្គី។
ខាតពេលខាតការងារ បទបញ្ជាវិលវក់វី
បាត់បង់មុខនាទី ព្រោះតែល្បែងវាអោយទោស។
កុំញៀននឹងកញ្ឆា សេពសុរាក្លាតែខុស
ស្រវឹងនាំបាត់យស ទ្រព្យរបស់ក៏ហិនហោច។
មើលឃើញតែខ្លួនថ្កើង ពោលពាក្យឡើងសុទ្ធអាសោច
ដៀលគេថាមិនខ្មោច មើលឃើញខុសថាត្រឹមត្រូវ។
លើកស្ទួយតែជនពាល នាំដំនៀលគ្រឿងអាស្រូវ
សួយសារលើកជូនទៅ អ្នកត្រឹមត្រូវខុសទាំងអស់។
ភ្លេចខ្លួនបាត់បង់មិត្ត ភ្លេចសុច្ចរិតបាត់បង់យស
លើកពាលអោយឡើងខ្ពស់ ដូចធ្លាក់ជ្រោះឯខ្លួនឯង។
បើកូនចេញធ្វើសឹក ត្រូវធ្វើឫកអោយខែងរែង
បង្ហាញភាពជាក់ស្តែង ទើបកូនចៅមិនរាថយ។
អនុវត្តន៍ក្បួនទ័ពព្រៃ កាន់វិន័យអោយរៀបរយ
ខ្មាំងច្រើនយើងគេចថយ បើខ្មាំងខ្សោយព័ទ្ធប្រហារ។
គ្រោងក្បួនបទបញ្ជា ធ្វើការងារតាមផែនការ។
អនុវត្តន៍ក្បួនតម្រា បានជោគជ័យជាប់ជានិច្ច។
ទុកដាក់ស្បៀងអាហារ ត្រូវបង្ការពេលរត់គេច
ប្រើប្រាស់កងទ័ពតិច ទើបអាចរស់នៅបានយូរ។
មុនពេលវាយប្រហារ ត្រូវយកការណ៍មិនគិតគូរ
រៀបផែនជាគំរូ សមកងទ័ពអោយធ្លាប់សឹក។
នៅពេលបានជោគជ័យ ត្រួតវិន័យអោយបានញឹក
ព្រោះឈ្នះអាចធ្លាក់ទឹក ដោយពលរេហ៍ប្រែភ្លេចខ្លួន។
រក្សាការសម្ងាត់ កុំអោយភ្លាត់ដឹងដល់យួន
លើកទ័ពមករុកគួន នាំអន្តរាយដល់កូនចៅ។
ពង្រាយទ័ពពេញពាស រស់ដេរដាសក្បែរសត្រូវ
ខ្មាំងចេញចរតាមផ្លូវ ស្ទាក់ប្រហារកុំអោយសល់។
ពេលយប់បាញ់រំខាន អោយខ្មាំងស្មានភ័យខ្វាយខ្វល់
យូរថ្ងៃធ្លាក់ទុរពល ចិត្តវិលវល់រត់ចោលទ័ព។
រកទីណាដែលស្ងាត់ រៀបចំចាត់ទុកដាក់គ្រាប់
សន្សំសំចៃទ្រព្យ ប្រសើរគាប់រស់បានយូរ។
ឧស្សាហ៍ប្តូរកន្លែង កុំខ្លាចក្រែងការរអ៊ូ
ច្បាំងឈ្នះព្រោះតស៊ូ ជីវិតរស់ព្រោះប្រយ័ត្ន។
ថែទាំមើលការកូន រៀបចំក្បួនអោយមធ្យ័ត
បើខ្មាំងវាយស្ទាក់ស្កាត់ ប្រាប់ចំណុចទីជួបជុំ។
ចេញទ័ពដើរអោយរាយ មានវិចស្ពាយកុំបង្ខំ
ក្រែងជួបសត្រូវធំ អស់កម្លាំងនាំអន្តរាយ។
ពេលយប់ចាត់ការយាម ពេលព្រហាមលប់លាងកាយ
អង្រឹងត្រូវអោយស្រាយ រៀបទុកដាក់ជាប់នឹងខ្លួន។
ដាំបាយកុំក្បែរទឹក ត្រូវតែនឹកថាខ្មាំងយួន
វាអាចមករុកគួន យើងភ្លេចខ្លួនខូចការធំ។
ញ៉ាំហើយសល់វិចខ្ចប់ កុំធុញថប់ត្រូវសន្សំ
ពេលអត់ខូចការធំ ទ្រព្យសន្សំជួយកូនបាន។
ការសឹកតែងពិបាក ការតោកយាកអោយប្រមាណ
ពលរេហ៍អាចក្លាហាន ព្រោះតែកូនប្រើក្បួនត្រូវ។
សង្គ្រាមរំដោះស្រុក មិនស្រណុកទេកូនពៅ
ចាញ់ឈ្នះវាស្ថិតនៅ លើទឹកចិត្តអ្នកតស៊ូ។
ធ្វើខុសបាត់បង់ទ័ព ធ្វើត្រូវគាប់ទ័ពរស់យូរ
ជីវិតគេមកប្តូរ ព្រោះពឹងផ្អែកអ្នកដឹកនាំ។
ម្យ៉ាងទៀតរាស្ត្រប្រជា គ្នាវេទនាក្នុងភក់ជ្រាំ
រងគ្រោះយ៉ាងគ្រាគ្រាំ រង់ចាំយើងទៅរំដោះ។
ចូរកូនចងចាំថា កិច្ចការពារនិងសង្គ្រោះ
បំរើជាតិដោយស្មោះ នាំកូនរស់បានជោគជ័យ។
សង្គ្រាមដែលប្រជា រួបរួមគ្នាហើយព្រួតដៃ
គាំទ្រកងទ័ពព្រៃ មិនយូរថ្ងៃត្រូវតែឈ្នះ។
ពលរដ្ឋជាកម្លាំង ស្ម័គ្រជួយច្បាំងត្រូវតែឈ្នះ
បើយួននៅមានៈ វាត្រូវប៉ះបរាជ័យ។
រឿងខ្មែរហើយនិងយួន មិនមានក្បួនត្រូវគ្នាអី
មិនដូចទឹកនឹងត្រី តែដូចទឹកហើយនិងប្រេង។
ការគួរប្រសើរគាប់ អប់រំទ័ពកុំវង្វេង
ធ្វើបាបខ្មែរគ្នាឯង ផ្តល់កម្លាំងអោយទៅខ្មាំង។
អោយទ័ពចេះរក្សា នូវគោលការក្បួនចម្បាំង
ពលរដ្ឋជាកម្លាំង ជួយបិទបាំងយើងអោយសុខ។
យើងធ្វើវិទ្ធង្សនា ខ្មាំងឆ្លេឆ្លាភ័យរន្ធត់
កម្លាំងចុះទ្រោមទ្រុឌ ខូចទឹកចិត្តលែងគិតច្បាំង។
កាត់ផ្លូវបំផ្លាញស្បៀង ដុតរោងជាងកំទេចឃ្លាំង
រថយន្តឬប្រេងខ្មាំង ម៉ាស៊ុតសាំងកុំអោយសល់។
ខ្មាំងអស់ស្បៀងនិងគ្រាប់ ត្រូវហ៊ុំជាប់វាវិលវល់
វង្វេងទៅជាជ្រុល បាញ់គ្នាវាដណ្តើមស៊ី។
សេដ្ឋកិច្ចយួនដុនដាប រាស្ត្រប្រេភាពបេកសាមគ្គ
នយោបាយវាវក់វី កគ្នាមីរកកើតបះបោរ។
យើងត្រូវបំបែកខ្មាំង អោយវាគាំងដូចក្រុមចោរ
លួចប្លន់រាស្ត្រឆោឡោ រត់រកយើងជួយការពារ។
សង្គ្រាមត្រូវតែចប់ ព្រោះរាស្ត្រស្អប់ខ្ពើមពួកវា
ដូច្នេះកូនពុំងារ ត្រូវពុះពារគ្រប់អាត្មា។
រំដោះជាតិបានហើយ ឱកូនអើយត្រូវរក្សា
សាងជាតិនិងសាសនា រាស្ត្រប្រជាអោយថ្កុំថ្កើង។
កុំបែកកុំបាក់គ្នា រួមសាមគ្គាព្រួតគ្នាឡើង
រៀបចំស្រុកទេសយើង អោយបានថ្កើងផុតទុក្ខភ័យ។
រក្សាអ្នកក្រខ្សត់ កុំអោយអត់ឈឺផ្សាផ្ទៃ
មានការធ្វើគ្រប់ដៃ ឆ្នៃជីវភាពអោយរុងរឿង។
ជាតិយើងវេទនាណាស់ កុំយករាស្ត្រធ្វើជាគ្រឿង
តម្លើងឥទ្ធិពលយើង ប្រើអំណាចកាចផ្តាច់ការ។
ជិះជាន់ដោយឃោរឃៅ រាស្ត្រកើតក្តៅកើតតវ៉ា
ប្រឆាំងនិងរដ្ឋា កើតសង្គ្រាមស្លាប់ទៀតហើយ។
ឱកូនមាសឪពុក ចូរចាំទុកណាកូនអើយ
ឪពុកចាស់ណាស់ហើយ មិនបានជួយកូនយូរទេ។
មានតែពាក្យទូន្មាន អោយកូនរៀនគិតរិះរេ
ពាក្យល្អគួរខំថែ ពាក្យខុសកែចោលអាសារ។
ពុករីករាយពេរញចិត្ត ព្រោះត្បិតកូនចិត្តហានក្លា
រំដោះជាតិរដ្ឋា បានផុតពីយួនឈ្លានពាន។
កូនអើយនេះគឺជា កិច្ចការជាតិខ្មែរគ្រប់ប្រាណ
តស៊ូរកសុខសាន្ត អោយខ្មែរបានសុខសេរី។
មុនពេលកូនឃ្លាតទៅ ពុកសល់នៅពាក្យសំដី
ព្រមទាំងនំចំណី អោយកូនឆីឆ្ងាញ់ពិសារ។
នៅទីបញ្ចប់នេះ ពុកសូមលើកនូវហត្ថា
បួងសួងគុណទេវតា ជួយរក្សាជីវិតកូន
អោយឈ្នះមារសត្រូវ ដើរតាមផ្លូវកុំអោយសូន្យ
គុណគ្រូជួយរូបកូន អោយបានសុខតទៅអើយ៕
No comments:
Post a Comment