អ៊ិង ខេង
នៅផ្សារស្ទោង ឃុំកំពង់ចិន ខណ្ឌស្ទោង
ខែត្រកំពង់ធំ ជាអ្នកតែង និងរៀបរៀងខណ្ឌស្ទោងនៅថ្ងៃប្រាំបីកើត ខែស្រាពណ៍ខាងខ្នើតចឆស័ក ពីរពាន់បួនរយចិតសិបជាក់ មានថ្នាក់ប្រាំពីរជាអវសាន។ ថ្ងៃគ្រិស្តសករាជដប់ប្រាំបី ខែអ៊ូតឆ្នាំថ្មីជាប្រមាណ មួយពាន់ប្រាំបួនរយមិនស្មាន សេសខានសាមសិបបួនវស្សា។ អហំនាម«ខ»ផ្សំស្រះអេ តួ«ង»បង្ហែចុងអក្ខរា ត្រកូលហៅអ៊ិងជាពង្សា មាតាបិតាសន្មតិមក។ ជីតាទួតលួតជាតិចិនឆៅ បានចូលមកនៅសូំកោនជ្រក ក្រោមម្លប់ព្រះចៅចមគោកធ្លក ប្រោសប្រាណឲ្យជ្រកក្រោមបារមី។ ក្នុងក្រុងខេមរៈកម្ពុជា យូរយាបង្កើតបុត្រា-ត្រី ដំណតៗរៀងជាតិ កើតចៅប្រុសស្រីវង្សឆ្ងាយ។ ដរាបរៀងមកដល់ខ្លួនខ្ញុំ ព្រះគុណធ្ងន់ពុំអាចអធិប្បាយ ប្រោសប្រាណឲ្យបាននៅស្រុកអាយ ជាតិចិនទាំងឡាយតាំងពីមុន។ ហេតុនេះខ្ញុំសូមពោលថ្លាថ្លែង សំដែងរំឭកនឹកដល់គុណ ព្រះរត្នៈត្រៃថ្លៃជាមុន នូវគុណមាតា និងមិតា។ នូវគុណសម្តេចព្រះទ្រង់រាជ្យ ទ្រង់ឫទ្ធិអំណាចនាលោកា គ្រងកម្ពុជាមានចេស្តា អស្ចារ្យចំឡែកភ្នែកមហាជន។ ទាំងលោករ៉េស៊ីដងត៍សុប៉េរីយេរ ត្រួតត្រាការលើទីតំបន់ អាណាខែត្រខ័ណ្ឌឃុំរយពាន់ ឮលាន់កិត្តិយសខ្ពស់អនេក។ ទ្រង់រៀបព្រះពុទ្ធសាសនា ប្រូតិកតូរ៉ាត៍ជាបង្អែក ទំនុកបំរុងទ្រង់ចាត់ចែក ចំណែកចំណេះកិច្ចសាសនា។ ដល់ពួកបណ្តារាស្ត្រទាំងអស់ គ្មានសល់ចន្លោះខែត្រខ័ណ្ឌណា ក្នុងកម្ពុជារាជសីមា ឲ្យកើតបញ្ញាទាំងប្រុសស្រី។ ទ្រង់តាំងបង្កើតសង់សាលា ព្រះរាជបណ្ណាល័យជាថ្មី តាំងលោកអ្នកប្រាជ្ញប្រែបាលី ឲ្យបានសេចក្តីជាពាក្យខ្មែរ។ ទើបយើងរាល់គ្នាបានជ្រះថ្លា ក្នុងពុទ្ធសាសនាតាមក្រសែ ព្រះគុណមហាធ្ងន់ដូចសុមេរុ៍ ប្រាប់ប្រែសេចក្តីស្គាល់ខុសត្រូវ។ សព្វគ្រប់អន្លើគ្មានចន្លោះ ក្រមុំកំលោះចាស់សក់ស្កូវ មិនថារូបណាចេះតែត្រូវ ដម្រូវឲ្យរៀនមានគ្រប់បែប។ ទាំងភេទសមណៈភិក្ខុសាមណេរ បាតិមោក្ខពាក្យប្រែជាសង្ខេប អនាគារវិន័យមានបទបែប សង្ខេបពិស្តារតាមទំនើង។ ឯភេទគ្រហស្ថក៏មានគ្រប់ ក្រោមម្លប់សាសនាពួកអស់យើង គិហិបដិបត្តិហាត់ចុះជើង ស្រុកគេស្រុកយើងសូត្រត្រូវគ្នា។ នឹងធម៌ឯទៀតជាច្រើនកង ព្រះរាជបំណងអាចធានា បោះពុម្ពផ្សាយឲ្យយើងរាល់គ្នា ជាទ្វារប្រតិបត្តិត្រង់តាមផ្លូវ។ គន្លងព្រះពុទ្ធសាសនា មិនឲ្យសាវ៉ាខុសជាត្រូវ ដោយធ្លោយព្រោះធ្លាប់ពីម៉ែឪ ត្រង់ណាដែលត្រូវៗកាន់យក។ ត្រង់ណាដែលខុសជម្រុះចោល មិនច្បោលប្រមូលម៉ៅតែយក ទាំងខុសទាំអត្រូវមិនរិះរក ជាប់មកជាកេរ្តិ៍ពីដូនតា។ បដិទាំង៣កំពុងបោះ មួយចប់មានឈ្មោះបីមាតិកា ព្រះសូត្រវិន័យអភិធម្មា រាជការចំណាយព្រះរាជទ្រព្យ។ ទំនុកបំរុងជួយសាសនា បើមានឈ្មោះណាជាវមួយចប់ តំលៃពីររយហាសិបគ្រប់ មួយចប់ចំនួនមួយរយក្បាល។ សៀវភៅយ៉ាងក្រាស់ត្រចាស់ថ្លា អ្នកប្រាជ្ញរចនាយ៉ាងវិសាល វិសេសស្អាតចែសគួរត្រអាល មួយក្បាលប្រាំថ្ងៃមើលមិនចប់។ សៀវភៅតូចធំជាច្រើនទៀត នឹងឆ្លៀតរៀបរាប់មិនគ្រប់សព្វ គ្រប់សាសន៍ដែលឆ្លាសគេមិនស្អប់ គេចូសេពគប់ខំសិក្សា។ រៀនធ្វើទានសីលចេះចំណាន គេបានឡើងកាន់វិបស្សនា សមាធិចិត្តជាឯកគ្គៈតា បញ្ញាចាក់ឈ្លុះលុះកម្មដ្ឋាន។ មិនថាសាសន៍ណាជាសាសន៍ណា អ្នកមានប្រាជ្ញាគេរាប់អាន តែអ្នកល្ងង់ខ្លៅនៅប្រមាណ ប្រមាទពោលស្មានមិនខានឈប់។ ថាធម៌ក្លែងក្លាយខុសបូរាណ គ្មានបានពិនិត្យឲ្យសព្វគ្រប់ ទោសៈមោហៈមកខ្ទាំងខ្ទប់ ដូចយប់ងងឹតឥតសំគាល់។ ត្រឹមតែសីលដប់ពីដូនតា នច្ចគីឧច្ចាមិនទាន់ស្គាល់ ជាតៈរូបកាន់ប្រាក់គ្មានទើសទាល់ មិនដែលពិភាល់ថាសីលខ្វះ។ សិក្ខាពីររយម្ភៃប្រាំពិល ថាខ្ជិលចង់ដឹងព្រោះច្រើនណាស់ បួសព្រាងលេងៗបែរក្រឡាស់ ធម៌ណាដែលច្បាស់ថាធម៌ថ្មី។ អាគារវិន័យគ្រហាវាស ស្តេចមន្ត្រីរាស្តយ្រទាំងប្រុសស្រី ជាធម៌សម្រាប់គ្រប់ជាតិ គប្បីស្គាល់ច្បាស់លះអវិជ្ជា។ សេចក្តីខ្លៅល្ងង់ទ្រង់តិះដៀល ដំនៀលដល់ពួកពាលពាលា ឯពាលគឺខ្លៅគ្មានវិជ្ជា ធ្វើតាមតែគ្នាតៗមក។ មិនថារូបណាជារូបណា អ្នកមានបញ្ញាគួររិះរក ចោលខុសយកត្រូវប្រមូលយក ស្វែងរកផ្លូវល្អកំដរកាយ។ ខ្ញុំបាទសូមទោសអស់លោកអ្នក កុំបីអន់អាក់គិតជិនណាយ ថាខ្ញុំប្រដៅលោកទាំងឡាយ ជាតិខ្មែរស្រុកអាយមិនមែនទេ។ តែខ្ញុំមានចិត្តគិតសង្វេគ ដល់ជាតិខ្ញុះពេកដោយគ្នាន់គ្នេរ កូនចិនចៅចិនទាំងយើងគេ ហេតុបុណ្យបុព្វេបានមកកប់។ ក្នុងល្វែងព្រះពុទ្ធសាសនា ដោយសារបានមកជ្រកក្រោមម្លប់ មណ្ឌលព្រះចៅព្រះចមភព ជាម្លប់កំពូលលើផែនដី។ ហៃអស់កូនចៅចិនទាំងឡាយ ចូរស្តាប់អធិប្បាយរាយសេចក្តី និទានពន្យល់ជនប្រុសស្រី គប្បីតាំងចិត្តគិតឲ្យមាំ។ គួរមានគំនិតពិចារណា គួរប្រើបញ្ញាយកមកគាំ គួរផ្អៀងត្រចៀកស្តាប់ឲ្យមាំ ចំណាំឲ្យជាក់ក្នុងគាថា។ ជាពុទ្ធភាសិតពិតចំពោះ ពិរោះជាងអស់សាសន៍ណាៗ ក្នុងលោកទាំងបីមានទេវតា ព្រហ្មាមនុស្សាជាចំណុះ។ ចំណែកខាងក្រៅពុទ្ធសាសនា គង់មានត្រូវខ្លះតែច្រើនខុស ច្រឡូកច្រឡំលាយចម្រុះ ឃើញខុសមិនត្រង់ដូចពុទ្ធដិកា។ បើខំសង្កេតគង់ឃើញជាក់ គួរភ្ញាក់ជាក់ច្បាស់ដោយបញ្ញា ហាក់ដូចបង្ហាញដល់នេត្រា នៃអ្នកសិក្សាតាមក្បួនច្បាប់។ គម្ពីរស្លឹករិតឬសៀវភៅ មាននៅគរគោកទុកសម្រាប់ សម្រាយស្រាយប្រែមកឲ្យឮស្តាប់ សម្រាប់ប្រដៅផ្លូវត្រូវខុស។ កុសលអកុសលបាបនិងបុណ្យ ទោសគុណទុក្ខសុខគ្រប់ស្រីប្រុស កុំកាន់ទុច្ចរិតប្រព្រឹត្តខុស គួរខំបនណ្តុះផ្លូវសុច្ចរិត។ គួរញគិតដល់គុណព្រះករុណា ព្រះទ័យជ្រះថ្លាទ្រង់ទសពិធ ប្រូតិកតូរ៉ាត៍ជួយគំនិត រិះគិតឲ្យកើតក្បួនវិជ្ជា។ ដល់ពួកបណ្តារាស្ត្រស្រុកខ្មែរ ស្រុកក្រុងស្រុកស្រែផងនានា ជាទីសង្គ្រោះយើងរាល់គ្នា ឲ្យកើតវិជ្ជាទាំងពីរឋាន។ គឺលោកិយៈលោកុត្តរៈ តាមចិត្តយើងស្ម័គ្រចូលរាប់អាន ចំណេះទាំងពីរពេញចំណាន គ្រប់ប្រាណបានប្រាជ្ញព្រោះរាជការ។ គួរយល់ដល់គុណរាជការណាស់ ឃើញច្បាស់ពីរឿងមុខពន្ធដា ទាំងអ្នកជំនួញស្រែចំការ រាជការត្រូវទារយកគ្រប់មុខ។ ប៉ាតង់បន្ធដីស្រែចំការ នឹងថ្លៃរាជការលោះការទុក ចាត់ចែងចែកចាយរាយគ្រប់មុខ រៀបស្រុកធ្វើផ្លូវទៅវែងឆ្ងាយ។ បៀវត្សមន្ត្រីសក្តិតូចធំ ក្នុងស្រុកនិគមផងទាំងឡាយ ជាទីការពារក្តីអន្តរាយ ឲ្យសុខសប្បាយក្នុងសីមា។ បើយើងមានទុក្ខទោសរឿងអ្វី អាចមានមន្ត្រីតុលាការ ជំនុំជម្រះតាមមាត្រា ឲ្យបានសុខាគ្រប់រូបកាយ។ បើមានអាចោរចូលលុកប្លន់ ទ្រព្យធនអ្នកស្រុយកផងទាំងឡាយ ទាហានប៉ូលិសលោកចៅហ្វាយ ខ្វល់ខ្វាយស៊ើបចាប់អាចោរខ្មាំង។ យកខ្លួនមកធ្វើទោសផ្តន្ទា ឲ្យវារាងចាលពេញកំលាំង ឲ្យយើងបានសុខនីរតុក្ខំ ទូទាំងអាណាខែត្រព្រះអង្គ។ ប៉ុន្តែបើមានឈ្មោះអ្នកណា ជ្រះថ្លាចូលកាន់ភេទជាសង្ឃ ភិក្ខុសាមណេរតាមចំណង់ ទ្រទ្រង់ព្រះពុទ្ធសាសនា។ គ្រប់វត្តនានាក្នុងខែត្រខ័ណ្ឌ រាប់ពាន់បានចូលលារាជការ សូមចេញបដិញ្ញាណសង្ឃដិកា រាជការអនុញ្ញាតបើកឲ្យភ្លាម។ លើកលែងលោះចោលប្រាក់ពន្ធដា រាជការមិនមានឲ្យទាក់ទាម ដល់ពួកអ្នកបួសដែលមាននាម ហៅថាភិក្ខុឬសាមណេរ។ ដើម្បីសង្គ្រោះដល់ពួកជន ព្រះគុណមហាធ្ងន់ដូចឪម៉ែ លះបង់រាជការទ្រព្យផ្គាប់ឲ្យតែ ជាតិកូនចិនខ្មែររៀនវិជ្ជា។ ដោយសារបួសរៀនមានក្បួនច្បាប់ សំរាប់សាសនាផងនានា ទ្រទ្រង់តាមភេទនៃបព្វជ្ជា ក្នុងរាជភារាម្ចាស់ផែនដី។ ទ្រង់ចង់ដំកើងព្រះសាសនា ស៊ូលោះពន្ធដាការបុរី គួរតែបួសហើយខំឃ្មាតខ្មី រៀនសូត្របាលីសេចក្តីប្រែ។ ទើបបានដឹងដានព្រះសាសនា បញ្ញាត្តិយ៉ាងណាជាពក្យខ្មែឬ ឲ្យបានច្បាស់លាស់ដឹងដាស់ដែរ ឱវាទពាក្យប្រែប្រៀនប្រដៅ។ អាចនឹងប្រតិបត្តិឲ្យត្រូវបាន កុំធ្វើស្មានៗតាមកំឡៅ វិន័យធម៌អាថ៌ការរាក់ជ្រៅ នៅក្នុងបិដកទាំងបីស្រាប់។ ដូចបានសំដែងហើយខាងមុខ ព្រះគុណផែនដីរៀបសម្រាប់ សម្រេចសេចក្តីទុកជាច្បាប់ សម្រាប់បំរុងព្រះសាសនា។ បើបួសមិនរៀនពេញអាក្រក់ ហាក់ដូចកុហកដល់រាជការ បំណាច់លោកលោះចោលពន្ធដា ថាបួសសិក្សាធម៌វិន័យ។ ស្គាល់ខុសស្គាល់ត្រូវតាមពុទ្ធដិកា កាន់ក្រិត្យសិក្ខាឲ្យវាងវៃ បើបួសលេងៗឥតក្រែងភ័យ គ្មានរៀនវិន័យឲ្យចាំបាន។ សាសនាប្រែថាពាក្យប្រដៅ បើចេះតែម៉ៅពោលប្រមាណ ធ្វើម្តេចនឹងត្រូវតាមលំអាន ព្រោះស្តាប់មិនបានអត្ថបាលី។ បើលោកសំដែងក្នុងបិដក ពេបជ្រាយសំឡក់មុខខ្ញូវខ្ញី តិះដៀលពោលត្មិះថាធម៌ថ្មី ធម៌ស្រីបារាំងទើបនឹងតែង។ មិនមែនច្នោះទេអស់កូនចៅ ចូលទៅឲ្យច្បាស់នឹងភ្នែកឯង ទីក្រុងភ្នំពេញវាំងចិញ្ចែង ខាងមុខនោះឯងបណ្ណាល័យ។ ជាជួរនឹងសាលាបាលី អស់លោកកុង្សីយត្រួតរំពៃ អ្នកប្រាជ្ញប្រែធម៌តែសព្វថ្ងៃ ព្រះចៅក្រុងក្រៃទ្រង់អនុញ្ញាត។ ទាំងលោករ៉េស៊ីដងត៍ក្រុងភ្នំពេញ បានចេញប្រាក់ឃ្លាំងតាំងក្បួនខ្នាត បិដកទាំងបីទុកជាអាទិ៍ សង្វាតជួយគាំពារសាសនា។ អាណិតជាតិយើងដែលល្ងង់ខ្មៅ លិចលង់ផុងនៅក្នុងអវិជ្ជា អ្នកប្រាជ្ញជាន់ដើមមានបញ្ញា តែថាសាសនាឃ្លៀងឃ្លាតឆ្ងាយ។ តៗរៀងមកលុះឥឡូវ ព្រោះតែមិនសូវមានប្រែស្រាយ ច្រើនតែបាលីលោកចែងចាយ អស់យើងទាំងឡាយស្តាប់មិនបាន។ មិនបែកបញ្ញាថ្លាគំនិត បើគិតក៏គិតដោយការស្មាន រៀនសូត្រចេះចាំទាំងប៉ុន្មាន ថាបានបុណ្យហើយត្រង់រៀនចប់។ រៀនចាំតែមាត់ភ្លាត់គំនិត ព្រោះគិតមិនយល់ដោយគ្រប់សព្វ ប៉ុនប៉ងយកបុណ្យត្រង់រៀនចប់ ឡែឡប់មុខក្រោយគ្មានដឹងអ្វី។ សំដៅយកបុណ្យត្រង់ចេះសូត្រ បាតិមោក្ខរហូតចប់បាលី តែគ្មានបានដឹងជារឿងអ្វី ពុំយល់សេចក្តីច្បាស់សាសនា។ នៅក្នុងបាតិមោក្ខទាំងមូលនោះ ចំពោះបញ្ញត្តិក្នុងសិក្ខា វិន័យជាឫសគល់សាសនា សិក្ខាពីររយម្ភៃប្រាំពិល។ រៀនចប់ចាំមាត់នោះល្អណាស់ តែឲ្យដឹងច្បាស់អស់មន្ទិល សេចក្តីសម្រាយកុំឲ្យខ្ជិល ទើបអាចរមិលឃើញខុសត្រូវ។ ប្រតិបត្តិត្រង់តាមក្រិត្យសិក្ខា អាចញ៉ាំងសាសនាឲ្យត្រង់ផ្លូវ យកបុណ្យត្រង់ណេះនេះទើបត្រូវ តាមផ្លូវអដ្ឋង្គិកមគ្គ។ ទើបពេញជាស្រែបុណ្យមហាជន បរិច្ចាគទ្រព្យធនមកពឹងពាក់ ផ្ទុកក្នុងសំពៅទៅអមតៈ រួចពីអាសវៈចេញទៅបាន។ ឯពួកគ្រហស្ថទោះប្រុសស្រី កើតក្នុងលោកីយទាំងប៉ុន្មាន ពេញមហាលោកធំរកក្របាន នាំប្រាណមកបានជួបសាសនា។ គួរណាស់កូនចៅទាំងឡាយអើយ កុំធ្វើកន្តើយចូលសិក្សា រៀនសូត្រឲ្យចេះចាំធម៌អាថ៌ ឧស្សាហ៍ធ្វើទានសីលភាវនា។ គោរពកោតខ្លាចលោកអ្នកចាស់ មានវ័យក្រែលក្រាស់ជាព្រឹទ្ធា ធ្វើការបំរើសង្ឃនានា កាលគ្រាធ្វើបុណ្យរួចជូនផល។ ដល់អ្នកដ៏មានគុណទាំងឡាយ គឺម្តាយឪពុកទុកដំកល់ អនុមោទនាយកកុសល ចំណែកបុណ្យផលឲ្យបានទៀត។ សំដែងធម៌អាថ៌ឲ្យគេស្តាប់ ពន្យល់តាមសព្ទពាក្យកន្លៀត ប្រឹងស្តាប់យកដោយខ្លួនឯងទៀត ហើយឆ្លៀតប្រដៅចិត្តឯងផង។ ឯបុញ្ញកិរិយាទាំងដល់នេះ ជាយានចំនិះជិះចំលង ឲ្យរួចចាកចេញពីចំណង សង្សារវដ្តចងជាប់ច្រើនជាតិ។ ច្រើនជាន់វណ័្ឌទាក់ធ្លាក់អបាយ យូរឆ្ងាយទូលាយមិនងាយឃ្លាត កើតស្លាប់រាប់ម៉ឺនសែនលានជាតិ ព្រោះតែមារយាទជួល្ងង់ខ្លៅ។ ពេលនេះគួរនឹកភ្ញាក់ខ្លួនបាន ដោយមានអ្នកប្រាជ្ញប្រៀនប្រដៅ មិនគួរនាំគ្នាដេកតែខ្លៅ មួម៉ៅនឹងប្រាជ្ញប្រែបរិយាយ។ ពន្យល់បង្ហាញផ្លូវវៀចត្រង់ មិនចង់ចូលជិតជៀសវាងឆ្ងាយ គ្មានគិតអាណិតដល់រូបកាយ មិនស្តាយកំណើតជាតិនៃខ្លួន។ ដែលបានកើតមកជួបសាសនា ជួនលើរាជការតែងច្បាប់ក្បួន គម្ពីរដិការពេញសំនួន កុំអីធ្លាក់ខ្លួនជាតិរច្ឆាន។ អាសោចលើសខ្មោចកណ្តាលព្រៃ គ្មានភ័យនឹងទោសក្នុងសន្តាន រៀនសូត្រធម៌អាថ៌ថាស្មានៗ សីលទានផ្ញើប្រាណលើអាចារ្យ។ ត្រង់ការខុសត្រូវមិនសូវគិត ប្រគល់គំនិតលើលោកតា លោកទាញទៅដាក់ថ្នាក់ជាន់ណា ស្រេចនឹងប្រាថ្នាចេះតែបាន។ ពេលស្លាប់ទៅប្រាប់លោកអាចារ្យ ឲ្យធ្មេចនេត្រាធ្វើកម្មដ្ឋាន នាំផ្លូវទៅដាក់សួគ៌ឲ្យបាន ដល់ឋានតាកឹងជានាយទ្វារ។ គួរឬតាកឹងកាយរងកម្ម ឈរចាំតែប្រាប់ដានមាគ៌ា ទាំងថ្ងៃទាំងយប់គ្រប់វេលា ចាក់សោបើកទ្វារនាំដាក់ផ្លូវ។ មិនដឹងថាមានធម៌បែបណា អាចារ្យចេះដឹកនាំដម្រូវ ដម្រង់លើកដាក់ទំលាក់ផ្លូវ ឲ្យត្រូវទៅលើសួគ៌និព្វាន។ ព្រះពុទ្ធជាម្ចាស់ត្រាស់ទេសនា ថាឲ្យឧស្សាហ៍ធ្វើសីលទាន កាន់ចិត្តសុចរិតកុំឈ្លានពាន ឲ្យមានសីលប្រាំនឹងកម្មបថ។ ប្រយ័ត្នទ្វារកាយវាចាចិត្ត ប្រព្រឹត្តខ្លួនឯងឲ្យហ្មត់ចត់ កត្ញញូខន្តីក្តីអំណត់ បានបទសច្ចំតាំងកម្មដ្ឋាន។ លះនីវរណៈជាសត្រូវ នឹងផ្លូវសមាធិជាប្រហាន ឲ្យស្ងប់រម្ងាប់ចិត្តក្សេមក្សាន្ត ទើបបានក្តីសុខផុតទុក្ខា។ មិនឮថាគេធ្វើជួសបាន នាំប្រាណទៅដាក់ឋានទេវតា ហាក់ដូចពោលជ្រួសហួសពុទ្ធដីកា ដូចលោកអាចារ្យចេះជាងព្រះ។ ឯក្នុងគម្ពីរវិសុទ្ធិមគ្គ ជាច្បាប់ជាក់លាក់ត្រឹមត្រូវណាស់ តាំងពីបូរាណគម្ពីរចាស់ មិនដែលប្តូរផ្លាស់ចាស់ជាថ្មី។ ជាក្បួនសមាធិកម្មដ្ឋាន បូរាណចារឹកជាបាលី អ្នកប្រាជ្ញប្រែស័ព្ទប្រាប់សេចក្តី ចេញពីបាលីឲ្យឃើញស្តែង។ ពន្យល់ដល់យើងដែលងងឹត មិនអាចនឹងគិតឃើញខ្លួនឯង ធម៌អាថ៌លោកណានឹងហ៊ានក្លែង អ្នកប្រាជ្ញលោកតែងតាមគម្ពីរ។ ក្នុងផ្ទៃបិដកទាំងមូលនោះ លោកបានពិគ្រោះឃើញខ្ទេចខ្ទី ជំនុំយល់ព្រមទាំងធាំនី គណៈសង្ឃទាំងពីរយល់ព្រមផង។ នែអស់កូនចៅទាំងប្រុស្សរី កុំស្តីផ្តេសផ្តាស់ក្រែងមានហ្មង កុំអាងប្រកួតអួតប្រឡង ជជែកម្តងៗស្ទើរបែកស្រុក។ ខ្លះអួតធម៌ចាស់ខ្លះអួតថ្មី ទាំងប្រុសទាំងស្រីកើតអុកឡុក កាន់ពួកកាន់ក្រុមគ្រប់តែស្រុក មិនចេះបានសុខមូលមាត់គ្នា។ សាសនាព្រះពុទ្ធតែមួយអង្គ លោកសង្ឃកាន់ក្រិត្យបែបសមគ្គា បាសកកាន់ពួកខុសបែបគ្នា វិន័យធម្មាមានតែម្យ៉ាង។ ចូរមើលគម្ពីរឲ្យប្រាកដ មានបទគាថាទុកជាអាង អ្នកប្រាជ្ញសំដែងចែកដោយយ៉ាង មានអាងគម្ពីរគ្រប់មាតិកា។ បើនៅសង្ស័យត្រូវបញ្ជាក់ ឲ្យដឹងតាមវគ្គគម្ពីរណា ត្រូវមើលឲ្យច្បាស់នឹងនេត្រា កុំថាតែមាត់ឃាត់មិនស្តាប់។ ឲ្យស្ងាត់បាត់ឆ្ងល់ពីនេះទៅ ឯធម៌សៀវភៅជាក្បួនច្បាប់ កុង្សីយអនុញ្ញាតខាងខ្នងស្រាប់ ប្រថាប់ទាំងត្រាបណ្ណាល័យ។ ជាគោលចារឹកព្រះសាសនា កុំកូនចៅណានៅសង្ស័យ ចូរខំរៀនសូត្រទាំងយប់ថ្ងៃ នឹងមាននិស្ស័យក្នុងសាសនា។ អនាគតកាលទៅឯមុខ ទុកជាមិនទាន់បានស្រោតា ជាទីអរិយមគ្គថ្នាក់ជាន់ណា គង់បានសុខាជាលំដាប់។ មិនបង់ខូចជាតិខូចកំណើត បានកើតជាមនុស្សពេញមានភ័ព្វ កុំឲ្យថ្លោះធ្លោយដោយសារធ្លាប់ មិនងាប់ពីព្រោះរៀនធម៌ប្រែ។ មិនក្រពីព្រោះរក្សាសីល បើក្រព្រោះខ្ជិលមិនធ្វើស្រែ ឬខ្ជិលមិនគិតរកជួញប្រែ គិតតែប្រទូស្តធម៌ចាស់ថ្មី។ អ្នកប្រាជ្ញមានគុណមានបញ្ញា ឧស្សាហ៍ខំរៀបធម៌វិន័យ កុំអាងអួតចេះតែក្នុងព្រៃ ឥតនឹកមមៃខ្មាសបណ្ឌិត។ កុំជឿតាមពាក្យពោលកំឡៅ អ្នកប្រាជ្ញប្រដៅត្រូវឲ្យគិត កុំតាមពួកពាលខូចគំនិត ត្រូវគិតតាមប្រាជ្ញប្រែបាលី។ កុំគប់នឹងមនុស្សជឿអារ័ក្ខ ក្រែងធ្លាក់ទៅលង់ក្នុងអវិចី ជឿសរណៈគមន៍គុណទាំងបី សីឡប្រាំ-ប្រាំបីប្រសើរណាស់។ អ្នកប្រាជ្ញជាន់ណាគង់សរសើរ នេះគឺដំណើរគន្លងព្រះ កុំព្រើលទៅតាមពួកពាលម្នះ បង់ព្រះសំពះឯបាយ៉ាប។ ទៅពឹងអារ័ក្ខនឹងអ្នកតា ប្រាថ្នាយកបុណ្យចង់រួចបាយ គ្មានខ្មោចអារ័ក្ខណាចេះខាប ឲ្យរួចពីបាបកម្មទៅបាន។ ស្រេចតែនឹងខ្លួនទីពឹងខ្លួន កុំកួនប្រទូស្តដូចតិរច្ឆាន ទានសីលសមាធិកម្មដ្ឋាន អ្នកណាគិតអានបានអ្នកនោះ។ មគ្គផលមិនដែលកើតស្ងៀមៗ ដេកត្រៀមចាំផលឲ្យបានលុះ ធម៌អាថ៌សង្ស័យមិនចេះឆ្លុះ តាមនេះក្រែងនោះមិនស្រេចការ។ សង្ស័យនឹងធម៌ថាថ្មីចាស់ អ្នកប្រាជ្ញប្រែច្បាស់មិនត្រូវការ មិនចេះយល់ព្រមតាមអ្នកណា ឆ្លេឆ្លាដើរឈ្លោះពីព្រោះខ្លៅ។ គេថាឯស្តាំចាំទៅឆ្វេង សំដីអួតក្អេងអាងកំឡោ ខ្លាចថោកមិនស្តាប់ប្រជ្ញប្រដៅ ខ្លាចគេមិនហៅលោកអាចារ្យ។ សង្ខេបបែបខ្លៅតែប៉ុណ្ណោះ ដំណពីនេះសូមពណ៌នា ចំណេះកូនចៅអ្នកសិក្សា ដែលមានប្រាជ្ញារៀនត្រងត្រាប់។ ទាំងភេទបព្វជ្ជាឃរាវាស អ្នកឈ្លាសវាងវៃសូមផ្ទៀងស្តាប់ កុំអាងតែប្រាជ្ញមិនខ្លាចច្បាប់ កុំប្រែក្រឡប់មើលងាយចាស់។ កុំអាងខ្លួនរៀនចេះចាំគ្រាន់ លោតជាន់លើគេមិនក្រែងខ្លះ មិនខ្លាចអំណាចអាជ្ញាព្រះ ពោលព្រាងអាងច្បាស់មួយសៀវភៅ។ គួរគិតអាណិតដល់អ្នកល្ងង់ ឃើញគ្នាលិចលង់ផុតចុះជ្រៅ គួរតែស្រោចស្រង់ដម្រង់ផ្លូវ កុំច្រានគ្នាទៅឲ្យក្តៅចិត្ត។ ឯលោកអ្នកចេះធម៌វិន័យ គួរមានមេត្រីកក្តីអាណិត អាសូរដល់អ្នកខ្លៅងងឹត ជួយគិតដឹកនាំគ្នាទៅផង។ កុំចេះបន្តិចកំប៉ិចឡើង ឫកធ្មើងកន្ទ្រើងខុសល្បត់ល្បង ធម្មតាអ្នកប្រាជ្ញខ្លាចសៅហ្មង មិនហ៊ានកន្លងច្បាប់មាត្រា។ បួសជាភិក្ខុខ្លាចអាបត្តិ វិន័យបញ្ញត្តិហាមយ៉ាងណា ប្រព្រឹត្តធ្វើតាមគ្រប់សិក្ខា ទើបបានហៅថាសង្ឃបរិសុទ្ធ។ សាមណេរខ្លាចទោសទណ្ឌកម្ម វត្តចិត្តសិបប្រាំទីបំផុត ឈ្មោះសេក្ខិយវត្តច្បាប់កុលបុត្រ ត្រូវខំលំអុតប្រព្រឹត្តិតាម។ គ្រហស្ថត្រូវខ្លាចដាច់សីលប្រាំ ឧបោសថកម្មព្រះផ្តាំហាម ជួញប្រាំកម្មបថកំណត់តាម កុំឲ្យមានស្នាមធ្លុះធ្លាយឡើយ។ ទើបបានឈ្មោះថាពុទ្ធបរិស័ទ នឹងឆ្លងវិបត្តិទៅដល់ត្រើយ ព្រោះបានធ្វើត្រូវតាមផ្លូវហើយ នឹងបានសះស្បើយចាកទុក្ខភ័យ។ តែថាកុំទ្រឹងត្រឹមទានសីល គួរប្រឹងកកិលដោយឃ្មាតខ្មី ធ្វើភាវនាផងផ្គងស្មារតី ដកចិត្តអាល័យពីត្រៃភព។ វេលារក្សាសីលប្រាំបី ត្រូវលៃពេលថ្ងៃឬពេលយប់ ពេលណាស្ងាត់ស្រួលចូលប្រារព្ធ តាំងចិត្តឲ្យស៊ប់ក្នុងកម្មដ្ឋាន។ បំណាចខំលះកិច្ចកង្វល់ ប្រាថ្នាមគ្គផលសួគ៌និព្វាន បើនៅស្ងៀមៗធ្វើម្តេចបាន ដល់ទីក្សេមក្សាន្តដូចប្រាថ្នា។ បញ្ឈប់សេចក្តីតែប៉ុណ្ណឹង កូនណាចង់ដឹងចូរសិក្សា សាកសួរអ្នកប្រាជ្ញឲ្យច្បាស់ការ ឃើញទាស់ត្រង់ណាតវ៉ាទៅ។ កុំថាដល់ច្បាប់គម្ពីរធំ សូម្បីច្បាប់ក្រមឬកូនចៅ ពាក្យចាស់រាជនេតិ៍សង្កេតទៅ គង់មានប្រាប់ផ្លូវត្រូវយាត្រា។ ធម្មបទមង្គលវិសុទ្ធិមគ្គ ក្រែងមើលមិនជាក់គ្រប់មាតិកា ព្រោះមានអ្នកខ្លះខ្វះវ៉ែនតា ពោលគឺបញ្ញាជាគ្រឿងឆ្លុះ។ តែថាសូមជ្រាបដូច្នេះសិន កុំអាលបន្ទាន់ស្តីបន្តោស ចូរគិតមុខក្រោយឲឥ្យសព្វសុះ គង់ឃើញត្រូវខុសនៅផ្សេងគ្នា។ ពាក្យថាចាស់ថ្មីស្តីកំណត់ ហៅតាមសន្មតិដោយវោហារ សភាវៈធម៌គ្មានរូបា បានអ្វីត្រង់ណាថាថ្មីចាស់។ គ្រាន់តែជាពាក្យប្រៀនប្រដៅ ប្រាប់ផ្លូវក្រឡៅឥតមានខ្វះ ឯធម៌វិន័យរបស់ព្រះ យូរណាស់គ្មានចាស់ទៅណាឡើយ។ ដូចពាក្យថាបាណាតិបាត យូរឆ្នាំច្រើនជាតិណាស់មកហើយ មិនដែលឮចាស់ស្លាប់ម្តងឡើយ នេះហើយអមតាវាចាពិត។ ខន្ធធាតុអាយតនៈត្រៃលក្ខណ៍បី ទាំងធម៌ដទៃគួរពិនិត្យ សីលប្រាំ-ប្រាំបីក្តីសុចរិត ជាពុទ្ធភាសិតឥតមានឆ្គង។ ត្រង់ពាក្យចាស់ថ្មីសំដីមនុស្ស ចេះតែរើរុះខុសទំនង ប្រកាន់ពួកក្រុមនាំមានហ្មង ធ្វើខុសគន្លងពីបុព្វេ។ ព្រះពុទ្ធជាគ្រូចាស់បូរាណ ត្រាស់ដឹងញេយ្យញាណមកមុនគេ មិនដែលដណ្តើមចាស់ថ្មីទេ ហេតុម្តេចធ្វេសទ្វេមិនធ្វើត្រាប់។ ឲ្យត្រូវតាមផ្លូវទៅនិព្វាន ដូចព្រះទ្រង់ញាណប្រទានប្រាប់ ប្រោសប្រៀនប្រដៅទុកនៅសា្រប់ គួរប្រឹងប្រញាប់ឆាប់ឈានដើរ។ ឈមមុខដម្រង់ផ្លូវប្រាំបី គន្លងព្រះអរីយ៍ដីប្រសើរ ព្រះពុទ្ធគ្រប់អង្គផ្ចង់ដំណើរ ស្តេចតាមជណ្តើរផ្លូវនោះឯង។ ជណ្តើរនោះមានកាំប្រាំបី ទោះទាំងប្រុសស្រីឬចាស់គ្មេង ឡើងបានទាំងអស់ឥតទើសទែង ទូលាយធំធេងគ្មានចង្អៀត។ ឡើងដើររហូតផុតភពបី បានដល់បុរីថ្លៃថ្លាទៀត គឺទីនិព្វានគ្មានកន្លៀត កន្លែងចង្អៀតតិចតួចសោះ។ ឯអង្គប្រាំបីនោះពុទ្ធដីកា ទ្រង់ចាត់ចូលគ្នារួមទាំងអស់ ហៅថាសិក្ខាបីប៉ុណ្ណោះ គឺសីលសមាធិបញ្ញា។ សម្មាវាចាកម្មន្តោ នឹងអាជីវោបីប្រការ ចាត់ចូលជាសីលសិក្ខា តាមព្រះពុទ្ធដីកាទ្រង់ពន្យល់។ ឯវាយាមោនឹងសតិ នឹងសមាធិចិត្តដំកល់ សម្រឹងទន្ទឹងរង់មគ្គផល ប្រមូលកុសលទាំងប៉ុន្មាន។ ចាត់ជាសមាធិសិក្ខា តាមដោយពុទ្ធដីកាទ្រង់ទូន្មាន ប្រដៅសព្វសត្វច្រើនកោដិលាន បានសួគ៌និព្វានរាប់មិនអស់។ សម្មាទិដ្ឋិសង្កប្បោ ជាទីភិយ្យោមានកំពស់ កំពូលវិសេសលើសទាំងអស់ ឈ្មោះថាបញ្ញាសិក្ខាស្តែង។ ឯអង្គប្រាំបីត្រៃសិក្ខា ដូចបានពណ៌នាមកនេះឯង ជាធម៌សម្រាប់ប្រាប់កន្លែង កុំឲ្យវង្វេងពីនិព្វាន។ ត្រង់ធម៌ចាស់ថ្មីសំដីក្លាយ មគ្គផលទាំងឡាយមិនដែលមាន ព្រោះពាក្យទាំងនោះខុសបូរាណ នាំឲ្យរំខានថយកំលាំង។ អ្នកចេះបរិយ័ត្តិ៍ត្រៃបិដក បើពោលកុហកគ្មានទីតាំង កាច់កិនពុទ្ធដីកាព្រះអរហំ ទៅសោយទុក្ខខ្លាំងក្នុងអបាយ។ ដូចកបិលភិក្ខុជាតួយ៉ាង ចេះហើយក្អេងក្អាងអាងបរិយាយ ញាំញីសាសនាឲ្យអន្តរាយ ធ្លាក់ទៅអបាយកាយអប្រីយ៍។ ឯលោកអ្នកចេះខាងកម្មដ្ឋាន ដែលបានដល់ឈានជាលោកីយ៍ គង់តែធ្លាក់ខ្លួនទៅអវិចី ព្រោះក្តីប្រព្រឹត្តិខុសកន្លែង។ ដូចយ៉ាងទេវទត្តស្ទាត់ចំណាប់ ចូលចេញឈានឆាប់ឃើញជាក់ទែង ចំរើនឫទ្ធាអស្ចារ្យស្តែង ខំលើកខ្លួនឯងធ្វើជាព្រះ។ លើករឿងនេះមកដោយសង្ខេប គ្រាន់តែជាបែបឲ្យឃើញច្បាស់ ឋានសួគ៌និព្វានព្រះទ្រង់ត្រាស់ ថាបានព្រោះផ្លូវត្រូវនេះឯង។ ផ្លូវនេះឈ្មោះថាមជ្ឈិមា បដិបទាតាមអត្ថចែង ជាផ្លូវត្រង់ពិតមិនខ្វាត់ខ្វែង ឯកឯងទីទៃពីផ្លូវឆ្វេង។ បញ្ចប់ត្រឹមនេះតាមវេលា ខ្ញុំមាននាមាឈ្មោះអ៊ឹងខេង រីមាតាខ្ញុំនាមឈ្មោះអេង ស្មាទានពីក្មេងលុះសព្វថ្ងៃ។ បិតាខ្ញុំនាមឈ្មោះអ៊ឹង-ស៊ុន កាលរាជ្យសៀមមុនធ្វើភូយ៉ៃ នៅដែនសៀមរាបតាមសម័យ មរណកាលក្ស័យជាយូរឆ្នាំ។ នៅតែអ្នកម្តាយម៉េម៉ាយចាស់ ជរាពេកណាស់រោគប្រចាំ ខ្ញុំខំសង្វាតស្វែងរកថ្នាំ ថែទាំកែរោគនៃមាតា។ ថ្នាំទិព្វឱសថគឺកម្មដ្ឋាន លំអានសមថៈវិបស្សនា ព្យាយាមវ៉ាប់ខ្យល់អានាបា ក្នុងវ័យបច្ឆិមាជាប្រក្រតី។ ជាទីតបគុណដល់មាតា បិតាដែលឆ្លងភពលោកីយ៍ សូមឲ្យលោកបានឋានសិរី ដោយបុញ្ញរាសីនៃធម្មទាន។ ខ្ញុំខំប្រឹងតែងច្បាប់ប្រដៅ កូនចៅចិននេះទុកជាស្ពាន ចំលងពួកអ្នកដែលឈ្លានពាន ឲ្យមានសទ្ធាជឿកម្មផល។ ទានសីលភាវនារាល់គ្នាឡើង ដំកើងសាសនាលើកដំកល់ ច្រានធាក់មោហៈអកុសល បានដល់សទ្ធានឹងសីលា។ សុតៈចាគៈតាមលំអាន ឯបរយោសានគឺបញ្ញា ទាំងប្រាំប្រចាំគ្រប់រូបា សាសនានឹងរីករុងរឿងបាន។ គ្រប់គ្រាន់ប្រាំពាន់ព្រះវស្សា ត្រចេះជ្រះថ្លាដូចសូរឆាន កណ្តាលវេហាអាកាសស្ថាន ឥតមានពពកមកបាំងបិទ។ ក្នុងទីបំផុតពាក្យកាព្យា ខ្ញុំសូមប្រាថ្នាឲ្យមានចិត្ត ស្អប់ខ្ពើមជៀសវាងផ្លូវទុច្ចរិត ប្រព្រឹត្តសុចរិតរៀងរាល់ជាតិ។ សូមឲ្យប្រកបដោយបញ្ញា ចេះដឹងធម៌អាថ៌ការក្បួនខ្នាត វាងវៃអង់អាចក្នុងពួកញាតិ ជាជាតិត្រកូលអម្បូរខ្ពស់។ នៅក្នុងព្រះពុទ្ធសាសនា បានស្តាប់ពុទ្ធដីកាពាក្យពិរោះ សូមឲ្យខ្ញុំបានដល់ឋានខ្ពស់ ចំពោះនិព្វានតាមបារមី។ ព្រមទាំងលោកអ្នកដែលទស្សនា ឬបានសិក្សាតាមសេចក្តី សៀវភៅពាក្យនេះទាំងប្រុសស្រី សូមសុខសិរីគ្រប់ប្រការ។ ម្យ៉ាងទៀតសូមជូនកុសលបុណ្យ ដល់អ្នកមានគុណធ្ងន់ថ្លៃថ្លា ព្រមទាំងសព្វសត្វនិងទេវតា ឲ្យបានសុខាដូចបំណង។ មួយទៀតសូំថ្វាយដល់រាជការ មានព្រះករុណាជាចម្បង ទ្រង់រាជធានីទីគ្រប់គ្រង មន្ត្រីរាស្ត្រផងគ្រប់កន្លែង។ សូមបានប្រកបឡើងសក្តិ៍បុណ្យ វិសេសជាមុនខ្ពស់ចិញ្ចែង មានឫទ្ធិអំណាចអាចជ្រោមជ្រែង រក្សាដំណែងអង្វែងថ្ងៃ។ សំដែងមិនបានជាគ្រប់សព្វ សម្មតថាចប់ពាក្យកែខៃ ពន្យល់កូនចៅជាបច្ច័យ តាមកាលសម័យចប់ឯវំ។
No comments:
Post a Comment