By Prasat
កក្ដិកធ្លាក់ខ្យល់ត្រីខ្វល់ខ្វាយ មុននេះសប្បាយទឹកជោរជន់
ទឹកស្រកខកខ្លួនគិតពេកពន់ បែរបន់ជំនន់ឲ្យត្រលប់។
កាលទឹកហូរហៀប្រៀបប្រឡាយ ហិចហែលទៅឆ្ងាយនៅមិនស្ងប់
ផែនដីធំធេងគ្មានបញ្ចប់ លុកលុយគ្រប់សព្វវាលស្រែស្រូវ។
ដល់ពេលដែលទឹកចាប់ស្រកស្រុត ត្រីហែលមិនផុតទោះប្រឹងទៅ
ទឹកហួតដោយខ្យល់កាត់ផ្ដាច់ផ្លូវ ទាំងហ្វូងស្ទះនៅក្នុងក្រឡុក។
ទាំងមនុស្សទាំងពួកបក្សីសត្វ ច្រវ៉ាត់ឆ្វែលឆ្វាត់ស្វែងតត្រុក
ទាក្ងានក្រសារបក្សីកុក សម្រុកស៊ីចុកហ្វូងមច្ឆា។
ពីមុនមានទឹកមានអំណាច កញ្ជ្រោលហក់បាចយ៉ាងហានក្លា
សម្ដែងឫទ្ធាខ្លាំងអស្ចារ្យ ទឹកស្រកកាលណាម្ហាទារុណ៕
No comments:
Post a Comment