លូតហួសវិស័យ ភ្នំពេញសព្វថ្ងៃ ប្រឹងអភិវឌ្ឍន៍
រើរុះលំនៅ ចាប់មនុស្សវាយវាត់ ធ្វើតាមចិត្តគាត់
នឹកឃើញប៉ុណ្ណោះ។
បុរីកីឡា រំលំច្រើនសារ ដេញគ្មានស្រណោះ
ជាតិខ្មែរដូចគ្នា ចងពារទាំងអស់ ច្បាមយករបស់
ទ្រព្យដោយកម្លាំង។
បើហ៊ានតវ៉ា កនោះឯងណា ចាត់ទុកជាខ្មាំង
ការពារទ្រព្យឯង ក្ដែងៗតតាំង គេថាប្រឆាំង
ច្បាំងចាប់ដាក់គុក។
អ្នកបាត់លំនៅ រំពឹងអ្វីទៅ ឲ្យរួចផុតទុក្ខ
បើសង្ឃឹមរដ្ឋ ប្រវត្តិផុយពុក រលួយទៅមុខ
ទុកនៅកម្មពារ។
សំឡេងថ្លែងការ ឮតែអស្ចារ្យ ឮថាធានា
តែការពិតវិញ ឃើញពេញផ្តន្ទា បណ្ដេញប្រជា
គ្រាំគ្រាគ្មានល្ហែ។
បណ្ដេញហើយចាប់ គេធ្វើតាមច្បាប់ ផ្ដាច់ការហូរហែ
អ្វីក៏ធ្វើបាន ក្លាហានណាស់ដែរ ពិសេសវាយខ្មែរ
ដណ្ដើមដីធ្លី។
ខ្មែរអ្នករងគ្រោះ ខ្វះអ្នកសង្រ្គោះ មន្រ្តីមូលមី
ឈរខាងអ្នកមាន ឈ្លានពានពេញទី នៅក្នុងធានី
គ្មានទីអ្នកក្រ៕
No comments:
Post a Comment