Friday, January 27, 2012

ចង្រិត

By Tararith

ចង្រិតយំក្បែររន្ធ                  ឳយប់យន់ទោរទន់ទៅ
សំឡេងដុតកំដៅ                 ហៅសំដៅព្រះចន្ទ្រា។
ថាឳព្រះអង្គអើយ                ដឹងឮហើយសត្វវេទនា
ម្នាក់ៗរស់ជរា                      ខ្វះគ្នីគ្នាយកអាសារ។
ល្មមចុះមកមើលម្ដង            ប្ដឹងរាល់ដងមិនបានការ
សត្វលោករឹតខ្លោចផ្សា          គ្មាននរណាអាចជួយបាន។
គេដេញរត់ចោលស្រុក         ទ្រូងចាប់ចុកហួសប្រមាណ
គ្រប់គ្នារត់ប្រាសប្រាណ        ចាកចោលឋានធ្លាប់សុខុម។
ជាតិគេលុកទន្រ្ទាន              ព្រោះយើងមានដីមួយដុំ
ធ្លាប់សុខរស់ជួបជុំ                ជាតិផ្សេងគុំយកធ្វើរដ្ឋ។
ឃើញជាតិសូន្យរលាយ        គេមាក់ងាយពេញៗមាត់
មិនចេះអភិវឌ្ឍន៍                 មានប្រវត្តិច្បាំងគ្នាឯង។
សត្រូវរឹតរឹងមាំ                    យើងជោកជាំទុក្ខចម្បែង
រសាត់ដូចជាផ្សែង                អស់ខែងរែងអស់ទឹកដី។
ចង្រិតតំអូញចប់                 ញ័រចំប្រប់នឹងហេតុថ្មី
ចូលរន្ធមិនរវៃ                     កង្កែបឆីលុះមរណា៕

No comments:

Post a Comment