by Noreyutt
ប្រយោជន៍មកដល់ ប្រឹងចម្រាញ់ផល ឲ្យដល់គោលដៅ
ពាក្យជាតិនិយម ត្រូវដុតកំដៅ ទាល់តែខ្លោចខ្មៅ
មិនត្រូវបញ្ឈប់។
សៀមជាប់ជុចហើយ សួរមិនឲ្យឆ្លើយ ខ្មែរស្ដាប់ទៅងប់
គួរសរសើរណាស់ ប្រសាសន៍សព្វគ្រប់ ដូចព្រាបជាប់លប់
ប្រឹងបម្រះទៀត។
ល្បិចនយោបាយ មិនបាច់ចំណាយ គ្រាន់តែប្រើស្នៀត
ប្រជាអរគុណ លោកធ្វើជូនជាតិ មិនឲ្យសៀមបៀត
ខ្លាចឆ្លៀតលេបដី។
ស្ដាប់ឮពាក្យល្អ ឮពាក្យអង្វរ ឮពាក្យខន្ដី
ឮពាក្យរួបរួម ខ្មែរទាំងប្រុសស្រី យល់ន័យសម្ដី
រាស្រ្តរួមប្រណី។
ភ្លេចរឿងទឹកភ្នែក ទន្រ្ទានហួរហែក ផ្ដាច់ការថ្មីៗ
បណ្ដេញប្រជា បិទសិទ្ធិសេរី រំលោភយកដី
ទាំងក្រុងទាំងស្រែ។
ភ្លេចការឈឺចាប់ កាលគេសម្លាប់ ខែកក្កដាដែរ
វាយទាំងព្រះសង្ឃ ស្លាប់ខ្មែរហូរហែ ពូជខ្លាំងពូកែ
នាំខ្មែរទៅច្បាំង។
អភ័ព្វរាស្រ្តខ្មែរ ទឹកភ្នែកឥតល្ហែ ទ្រោមទាំងកម្លាំង
បើហ៊ានតបត គេថាប្រឆាំង ចាត់ទុកថាខ្មាំង
ត្រូវតែកំចាត់។
ថ្ងៃនេះបានការ គ្រប់ជនខេមរា នៅយ៉ាងស្ងប់ស្ងាត់
ឈឺចាប់ទុក្ខទោស រសាត់ទៅបាត់ រួមគ្នាទប់ស្កាត់
រក្សាអំណាច៕
No comments:
Post a Comment