By Tararith
ឱកម្មករខ្មែរ ដេកដួលហូហែរ នៅតាមរោងចក្រ
ទីមានជាតិពុល ទីជាប់ច្រវ៉ាក់ បំណុលជាប្រាក់
ឋានៈអ្នកក្រ។
ប្រាក់ខែតិចតួច សុខភាពរៀវស្ដួច លន្លោចត្រដរ
ធ្វើការលុះរីង ជូរល្វីងខ្មៅស លេបក្រួសលេបថ្ម
កសាងគ្រួសារ។
មិនដែលនៅស្ងៀម ទោះគេគំរាម បញ្ឈប់កិច្ចការ
ក៏នៅពុះពារ វេទនាយ៉ាងណា ទាមទារតវ៉ា
រកសេរីភាព។
កម្មការិនី ការងារវក់វី គ្រប់ទីគំនាប
ក្រុមហ៊ុនបន្ដឹង តឹងរឹងបើធៀប រាជការក៏គាប
គួរអនិច្ចារ។
ខំរើបម្រះ បញ្ជាក់យ៉ាងច្បាស់ នូវតម្រូវការ
តែគេមិនស្ដាប់ ចាប់បាញ់ប្រហារ ទោសធ្ងន់ម្ល៉េះណា
កម្មការិនីខ្មែរ។
ត្រូវការត្រឹមរស់ គ្មានអ្នកសង្រ្គោះ ហើយខ្វះអ្នកថែ
អ្នកមានអំណាច ខ្លបខ្លាចមិនក្បែរ ទុកឲ្យថៅកែ
បំពានតាមចិត្ត។
ហួសពីឈឺចាប់ មិនមើលមិនស្ដាប់ ច្បាប់ក៏រឹតត្បឹត
គេរំលោភហើយ ព្រងើយមិនគិត គ្មានចិត្តអាណិត
ដល់ខ្មែរដូចគ្នា។
គេប្រើវីវក់ គេទិញដូរលក់ ជញ្ជក់ផ្ដន្ទា
ឆ្លងដែនរករស់ គ្រោះគ្រប់វេលា កម្មកររងា
ដូចជាទាសករ៕
No comments:
Post a Comment