បានឃើញប្រាសាទថ្ម ល្អអើយល្អលើខ្នងភ្នំ
កណ្ដាលព្រៃប្រជុំ សូររងំក្នុងចិន្ដា។
ឮចម្លាក់ស្ដីប្រាប់ ការឈឺចាប់ទុក្ខខ្លោចផ្សា
បាត់មនុស្សជាតិសាសនា ប្រាង្គឯកាក្ដៅរងា។
ប្រសាទថ្មបាក់បែក គេគាស់ហែករាល់វេលា
ពួកចោរតាមផ្តន្ទា ចូលគ្រប់ទ្វារទាំងប្រាំបី។
ឯម្ចាស់នៅក្នុងស្រុក យកតែសុខទោះរួញដី
សម្បត្តិធនអ្វីៗ អ្នកមានថ្មីច្បាមសង្រ្គប់។
អ្នកមានអំណាចខ្លះ ឆន្ទៈខ្វះតែងងល់ងប់
ដូចទឹកបាក់ទំនប់ ទាំងថ្ងៃយប់ពុករលួយ។
នៅឯច្រកព្រំដែន ស៊ីសំណែនមិនដែលព្រួយ
ជាតិផ្សេងចូលក្ដិចត្រួយ អស់ម្ដងមួយបង្គោលជាតិ។
សម្បត្តិសាវតាខ្មែរ គេបង្វែរលក់ព្រោងព្រាត
ជាតិឯងឈប់ជាញាតិ ឈ្លោះឈ្លបឆ្លៀតផ្ដាច់ឫសគល់។
ប្រាសាទកណ្ដាលព្រៃ អស់អាល័យនរណាយល់
ប្រឹងឈរជាជន្ទល់ តទល់នឹងជាតិដ៏ទៃ៕
No comments:
Post a Comment