Tuesday, March 20, 2012

ភ្លេច ឬចាំ

By Tararith

កាលនៅក្នុងព្រៃ              សូរសៀងប្រពៃ          ប្រកូកប្រកាស
ហៅប្រជាជន                   តស៊ូបម្រះ                   ជាសារជាក់ច្បាស់
ជាតិគេជិះជាន់។
កាលនោះឯងណា            ប្រជាខេមរា                 រួបរួមរួសរាន់
បូជាជីវិត                          រាប់រយរាប់ពាន់           អ្នករស់អ្នកទាន់
ចងចាំហេតុការណ៍។
អ្នកស្លាប់បាត់ទៅ             បានត្រួសត្រាយផ្លូវ     ដល់ជាតិសាសនា
ពុំមានឈ្មោះអ្វី                 សូម្បីសង្ខារ                 ដាច់ដោចខ្លោចផ្សា
ព្រោះសន្ដិភាព។
សន្ដិភាពមាន                   ទន្រ្ទានឈ្លានពាន       គេរៀបយកប្រៀប
ប្រជារងនៅ                      គ្រប់ផ្លូវបិទគាប           កម្មគ្មានអ្វីធៀប
សង្គមនេះណា។                                                          
ភ្លេចឬក៏ចាំ                       គំរប់ម្ភៃឆ្នាំ                   សន្ធិសញ្ញា
សន្ដិភាពខ្មែរ                    ហូរហែផ្លែផ្កា               ជាតិមានរដ្ឋា
ភិបាលដឹកនាំ។
កាលមុនប្រយុទ្ធ               តស៊ូមោះមុត               ចាញ់ឈ្នះស៊ូទ្រាំ
ខ្មែរច្បាំងគ្នាឯង                អង្វែងជោកជាំ            ជីវិតញីញាំ
ដោយភ្លើងសង្គ្រាម។
ខ្មែរទាំងបួនក្រុម               ប្រកួតផ្លោងផ្ដុំ              បាញ់បង្ហូរឈាម
អ្នកស្លាប់ទៅបាត់             ព្រាត់ខ្ចាត់ក្រំក្រៀម     អ្នករស់នៅស្ងៀម
ស្ងាត់បាត់វោហារ។
ខ្លះព្រាត់បាត់ប្ដី                 ព្រួយស្គមរីងរៃ            ខ្លះបង់ហត្ថា
ពិការអស់ជើង                 កាំភ្លើងប្រហារ            ខ្លះអស់សង្ខារ
ការពារដែនដី។
ដីនៅតែបាត់                    គេយកស្ងាត់ៗ             ម្ចាស់នៅស្ងៀមហី
ប្រយុទ្ធហុតឈាម            អង្កៀមបុរី                   គ្មានត្រាប្រណី
ដីរត់ចោលម្ចាស់។
អ្នកនៅឯព្រៃ                    រិះគិតលកលៃ             ស្នេហាជាតិណាស់
រដ្ឋត្រីភាគី                        វក់វីបម្រះ                    គិតគូហ្មត់ច្បាស់
រកសន្ដិភាព។
រដ្ឋបាលភ្នំពេញ               ជំនាញការពេញ         មុខក្រោយរឹតគាប
កប្រាំលកលៃ                   កាប់ព្រៃខ្មែររាប           ខ្មែរស្លាប់បើធៀប
រាប់ម៉ឺនសែននាក់។
រដ្ឋដដែលនេះ                  រំលោភជាន់ជិះ            កុម្មុយនីស្ដពញាក់
សង្គមខ្លួនឯង                    គ្រវែងឲ្យធ្លាក់              រណ្ដៅជ្រៅរាក់
ជំពាក់វណ្ឌក។
ឆ្នាំកៅសិបមួយ                អន្ដរជាតិជួយ              បង្ហាញខ្មៅស
ខ្មែរបួនភាគី                      សាមគ្គីអបអរ              ស្រុះស្រួលបន្ដ
បានសន្ដិភាព។
វិលមកថ្ងៃនេះ                  ព្រមព្រៀងប៉ារីស       រសាត់បាត់ច្រៀប
មាត្រានានា                      ធានារបៀប                អធិបតេយ្យភាព
បើប្រៀបគួរខ្លាច។
ធានាមិនបាន                   បានត្រឹមរុញច្រាន       បន្តអំណាច
ពង្រីកល្បិចកល              រចលបន្លាច                 ផ្ដាច់ការកោងកាច
កំណាចឃោរឃៅ។
ព្រមានចំៗ                        ទៅអ្នកស្អាតស្អំ            ថានឹងបិទផ្លូវ
បើហ៊ានប្រឆាំង                បង្ខាំងទុកនៅ               ឆ្កែនោះពិតត្រូវ
សំពងលុះក្ស័យ។
ម្ភៃបីតុលា                        ឫសគល់សាវតា         ប្រជាធិបតេយ្យ
ខ្មែររួបរួមគ្នា                     ការពារតម្លៃ                រហូតសព្វថ្ងៃ
មានអ្នកបំពាន។
ឱភាពស្អាតស្អំ                  ចូលរួមបន្លំ                  យុត្តិធម៌គ្មាន
ប្រកាសមុខក្រោយ          មិនឲ្យអត់ឃ្លាន           ហើយឆ្លៀតរុករាន
បណ្ដេញយកដី។
បិទទាំងសំឡេង                មិនឲ្យប្រជែង              ថ្លាថ្លែងរឿងអ្វី
បក្ខពួកនិយម                  ចាប់ឃុំបំភ័យ              ប្រជាក្រក្រី
ចាញ់ក្ដីរហូត។
ច្បាប់នៅលើមាត់             បញ្ជាវាយទាត់             គ្រាគាត់ឡើងកូដ
គ្រួសារចងបាច់                ដន្លងរបូត                    ដីធ្លីដកហូត
យកពីប្រជា។
កម្លាំងអាវុធ                      ប្រើកម្ទេចដុត             សម្លុតផ្ដន្ទា
មិនចង់ឲ្យសុខ                  ចាប់ចុកគ្រប់គ្នា           រាស្រ្តក្រវេទនា
ជាអចិន្រ្ទៃយ៍។
អ្នកស្នេហាជាតិ               ខ្លះស្លាប់ខ្លះឃ្លាត          ពីគុណតម្លៃ
ឧត្តមគតិ                          សតិតថ្លៃ                     លក់ដូររាល់ថ្ងៃ
សំចៃមិនបាន។
ឧត្តមមន្រ្តី                         ខ្លះមិនវាងវៃ                យករួចតែប្រាណ
ចង់នរណាស្លាប់               ច្បាប់មិនតាមដាន       គេចយកក្សេមក្សាន្ដ
តែសណ្ដានខ្លួន។
ឯបញ្ញាវន្ត                         ចង់មានបន្ទាន់             សរសើរគុណយួន
ប្រាំពីមករា                       ថាតាមតែក្បួន            សង្រ្គោះផ្ទួនៗ
ឲ្យរួចជីវិត។
ចំណែកព្រៃខ្លះ                 កាប់ឲ្យស្រឡះ             កុំឲ្យបាំងជិត
ការអភិវឌ្ឍន៍                    ផ្ទៀងផ្ទាត់គំនិត           ព្រៃស្រោងយោងយិត
រកគិតមិនយល់។
សម្បត្តិរដ្ឋា                       លៃលកយ៉ាងណា       លក់ទាំងឫសគល់
សង្គមរលួយ                    មិនព្រួយទប់ទល់         តែងសារពន្យល់
ការពារខ្លួនឯង។
វាសនាជាតិខ្មែរ                ចាំបាច់កែប្រែ              មិនមែនសម្ដែង
ដូចជាកុនល្ខោន              និពន្ធតាក់តែង            តែត្រូវប្រជែង
ប្រជាធិបតេយ្យ។
បើទុកយូរទៅ                   ប្រាកដគ្មានផ្លូវ            យកទៅកែច្នៃ
ដូចដែកមានច្រេះ            រលេះគ្មានថ្ងៃ               អាចរកតម្លៃ
សាងថ្មីទៀតបាន។
បើអ្នកជិះជាន់                  គ្រប់ថ្នាក់គ្រប់ជាន់       កោងកាចសាមាន
មិនឆាប់ផ្លាស់ប្ដូរ              ស័ព្ទសូររំខាន              រឹបលំនៅដ្ឋាន
ប្រជាទឹកភ្នែក។
ប្រជានឹងបះ                      ងើបរើបម្រះ                ព្រោះលំបាកពេក
ទ្រាំទៀតមិនបាន              គ្រប់ឋានជ្រៀតជ្រែក រាស្រ្តចេញវែកញែក
រកយុត្តិធម៌។
ភ្លេចឬក៏ចាំ                       ឲ្យខ្មែររងកម្ម                បាត់អស់ជំនឿ
ព្រោះការដឹកនាំ               សម្លាប់លាបពណ៌       ខ្មែរមិនដែលជឿ
ឡើយកុម្មុយនីស្ដ។
ទាំងព្រៃទាំងស្រុក             មិនបានឲ្យសុខ            មានតែជាន់ជិះ
ប្រជាជនឯង                     ជាក់ស្ដែងថ្ងៃនេះ         មិនគិតរេរិះ
សង្រ្គោះគ្នាឡើយ៕

No comments:

Post a Comment