Monday, May 7, 2012

អំនួត

By Tararith

បង្ហាញបង្ហោះសោះពីខ្លួន                  បន្ថែមផ្ទួនៗនូវលម្អ
ការពិតកូនចៅរស់ក្រីក្រ                   គ្មានស្រូវអង្ករក្នុងជង្រុក។
បង្ហាញឲ្យឃើញភាពត្រចង់             ត្រចេះថ្លាឆ្វង់ទ្រូងបៀមទុក្ខ
សម្ដែងកុហកថាទៅមុខ                    ម្ង៉ៃៗកលយុគអន្ទោលតាម។
ឮតែអំនួតម្ហាអស្ចារ្យ                         គ្មានឡើយផ្លែផ្ការស់រហាម
អ្នកក្រមានទឹកភ្នែកដិតដាម              រាងកាយស្នាកស្នាមជាប់ក្រឡៅ។
បើនឹងរ៉ាយរ៉ាប់ប្រាប់ការពិត             ស្លុតលើសប្រឌិតសជាខ្មៅ
ឮតែសំឡេងជេរកូនចៅ                   ឮតែសូរហៅអាមីមឹង។
ប្រសិនគេថាឲ្យទើសចិត្ត                  មិនដែលអាណិតទប់កំហឹង
ចាប់ឬសម្លាប់មិនថ្លែងថ្លឹង                 ធ្វើតាមចិត្តខឹងយកតែឈ្នះ។
មរណៈភាពជាវិជ្ជា                            អាសូរដល់គ្នាគេជំរះ
សម្លាប់ដើម្បីជ័យជម្នះ                      យកឈ្នះអ្នកដឹកនាំកម្មករ។
គេបាញ់ប្រហារបំបិទមាត់                 ចោរទុកឈ្មោះរដ្ឋល្អក់កករ
យូរឆ្នាំចាប់មិនបានឃាតក               ចរឹតបង្កឲ្យរាស្រ្តខ្លាច។
លោកឈុតវុទ្ធីគេសម្លាប់                  សម្លាប់ក្រៅច្បាប់រឹតគួរខ្លាច
ចោរនេះពិតជាម្ហាកំណាច                មានទាំងអំណាចធំក្រៃណា។
ប្រជានឹងយល់នូវការពិត                  ចាកភពងងឹតទុក្ខខ្លោចផ្សា
ទទួលបានវិញភាពស្រស់ថ្លា             មានភាពសុខាសមជាតិខ្មែរ៕

No comments:

Post a Comment