By Tararith
ឱប្រាសាទអើយព្រះវិហារ មានខ្ញុំជាគ្នាការពារអ្នក
ទោះយប់ឬថ្ងៃសូមជឿជាក់ មិនឲ្យប្រាង្គធ្លាក់បាក់អសារ។
ប្រាសាទថ្មអើយបើមានខ្ញុំ លើកំពូលភ្នំដងបុព្វតា
ខ្ញុំស្ម័គ្របូជាទាំងសង្ខារ យ៉ាងណាប្រាថ្នាមិនឲ្យបង់។
រូបព្រះទេវតាអប្សរាខ្មែរ ខ្លះមានដុះស្លែឈររហង់
ខ្លះបាក់ជើងដៃជាកង់ៗ នរណាឡើយចង់រៀបទុកដាក់។
មានជនជាតិខ្មែរមកក្បែរឃើញ ធំតូចអញ្ជើញឃើញប្រក្យត្ស
ពួកគេសង្វាតតែមាសប្រាក់ ឯរូបចម្លាក់ខ្លះជាន់ឈ្លី។
ជួនគេរំលងព្រលឹងជាតិ ដូចថ្មឯទៀតលើគិរី
ដែលរលំបាក់លើធរណី ជាតិខ្មែរពេញទីគេមាក់ងាយ។
ជាតិគេជិតខាងលុកទន្រ្ទាន គេហ៊ានឈ្លានពានហើយពេបជ្រាយ
ថែមថាថ្មដែលនៅរ៉ាត់រាយ គួរតែគាស់កាយធ្វើសំលៀង។
បើទុកនាំតែដើរជំពប់ ឬនាំគ្នាលុបកប់ល្អជាង
ជួនគេថាខ្មែរមិនវៃវាង នាំគ្នារាំច្រៀងភ្លេចកសាង។
ខ្ញុំឮគេបន្ទាបតម្លៃ បន្ទាបស្នាដៃខ្មែរគ្រប់យ៉ាង
សម្លឹងទៅមើលកំពូលប្រាង្គ ប្រាសាទឈរយ៉ាងស្រស់សង្ហា។
គេចោទថាមរតកថ្លាថ្លៃ ជារបស់ថៃដោយចេតនា
បណ្ដឹងតទល់តុលាការ ចុងក្រោយប្រស្នាខ្មែរឈ្នះក្ដី។
គេនៅស្រឡាញ់នៅចង់បាន ឈ្ននីសរំខានយកទឹកដី
នេះគឺជាតិសៀមជំនាន់ថ្មី ចង់យកអ្វីៗតាមត្រូវការ។
សូម្បីចម្លាក់ថ្មប្រាសាទ គេតែងសង្វាតតែងប្រាថ្នា
រិះរកគ្រប់កលធ្វើយ៉ាងណា បំផ្លាញខេមរាឲ្យសូន្យសាប។
ព្រះវិហារអើយខ្ញុំថ្នមថ្នាក់ រៀបចំទុកដាក់ជាដរាប
ព្រលឹងខ្ញុំនេះចេះខ្មាសបាប រស់ក្រោមសំយ៉ាបខឿនសិលា។
រាប់សិបឆ្នាំហើយខ្ញុំនៅថែ សញ្ញាណខ្មែរដ៏អស្ចារ្យ
ទ្រូងខ្ញុំពិតមានសញ្ចេតនា ប្ដូរផ្ដាច់សង្ខារការពារជាតិ៕
No comments:
Post a Comment