រសាត់ពីឆ្ងាយ ការងារទាំងឡាយ ធ្វើដើម្បីរស់
របរលក់លៀស ហាលចៀសពីជ្រោះ អត់ឃ្លានជាគ្រោះ
កំពុងញ៉ាំញី។
ទ្រាំជម្នះកម្ម កែវភ្នែករកាំ អូសរុញវក់វី
រទេះលៀសនេះ បញ្ជិះគ្រប់ទី លៀសនិងកូនពីរ
ទៅហើយមកវិញ។
ដើរលក់លៀសហាល រុញលក់កណ្ដាល ទីក្រុងភ្នំពេញ
លក់ផងស្រែកផង បំណងឲ្យទិញ លៀសអើយនៅពេញ
រទេះដដែល។
ខំស្រេកប្រពាយ សំឡេងពីនាយ ចុះឡើងក្រវែល
ទីប្រជុំជន ទឹកជន់ទ្រាំហែល រទេះលៀសឆ្វែល
មិនថាថ្ងៃយប់។
ថ្ងៃក្ដៅហួតហែង ទទូកន្សែង ដៃមានស្រោមទប់
ប៉ះចំមានភ្លៀង រុញផ្អៀងកំពប់ សូយខ្លាំងក៏ឈប់
ខាតបង់អសារ។
លៀសអើយៗលៀស សំបូរពោរពាស សូមជួយពិសារ
មានហិរមានប្រៃ តម្លៃធម្មតា ក្រោមមួយដុល្លារ
ញ៉ាំឆ្អែតតឹងពោះ។
ជីវិតអភ័ព្វ លក់តាមទម្លាប់ តែពិបាករស់
របរលក់លៀស មិនបញ្ចៀសគ្រោះ ទារកក្នុងពោះ
រងគ្រោះមរណា។
ខ្ញុំអ្នកលក់លៀស មុននេះនិរាស កូនថ្លៃស្នេហា
ឆ្នាំមុនប្រឹងរត់ រន្ធត់ឱរ៉ា ឆ្ងាយដែនខេមរា
កម្ពុជាក្រោម៕
No comments:
Post a Comment