អ្នកមានហោះហើរដើរកំសាន្ត រីករាយគ្រប់ឋានលើលោកកីយ៍
រូបថតបង្ហាញស្រស់ប្រិបប្រិយ៍ ម្ហូបអាហារឆីក៏សម្បូរណ៍។
ចេញពីអាស៊ីទៅអ៊ឺរ៉ុប កម្សាន្ដមិនឈប់បែរត្អូញថ្ងូរ
ថាដើរច្រើនហត់គួរអាសូរ ប្រាក់ចាយបរបូរប្ដូរសប្បាយ។
សប្បាយជួនមានជួនក៏អត់ ដើរច្រើនកម្សត់ព្រោះជិនណាយ
ឯជនក្រីក្រឆ្នាំងគ្មានបាយ រករស់ប្រញាយទៅក្រៅស្រុក។
ខ្មែរអ្នកក្រីក្រទៅទាំងក្រុម គ្រួសារជួបជុំនៅសំកុក
តាមចិញ្ចើមផ្លូវពោលលំអុក បន់ឲ្យគេសុខប្ដូរកម្រៃ។
មានចាស់ និងក្មេងមិនដឹងក្ដី បីចាកទឹកដីទៅស្រុកថៃ
ម្រាមដប់បួងសួងទាំងយប់ថ្ងៃ សូមឲ្យជាតិថៃបានរុងរឿង។
ប្រាក់កាក់ដែលបានមកពីទាន ជាស្ពានចំអកភ្លឺព្រឿងៗ
ដែលសៀមគ្រប់ពណ៌ក្រហមលឿង ចិត្តសឿងរំលងលោភខ្មែរ។
បើគេមាក់ងាយយ៉ាងដូច្នេះ អ្នកមានអ្នកចេះអ្នកពូកែ
គន់គិតយ៉ាងណាអ្នកជាខ្មែរ ព្រងើយមិនថែ ឬបែរស្ទួយ៕
No comments:
Post a Comment