By Tararith
ឫទ្ធិរបស់សឹង្ហ គ្រាន់តែសម្លឹង សឹងស្លាប់អស់សត្វ
សឹង្ហចង់ប្រហារ ម្រឹគណាក៏ខ្ចាត់ ជីវិតរសាត់
បាត់ពីផែនដី។
អំណាចនៃសឹង្ហ ល្វឹងល្វើយសន្ធឹង លុបលើដែនព្រៃ
ហ្វូងម្រឹគយំយែក ទឹកភ្នែកកាត់ផ្ទៃ ព្រាត់ប្រពន្ធប្ដី
ជាទីស្នេហា។
កម្លាំងនៃសឹង្ហ ម្រឹគទាំងឡាយដឹង សត្វនេះក្លៀវក្លា
កូនប្រើសក្របី ចំណីសឹង្ហា តាមតែត្រូវការ
គ្រប់ពេលវេលា។
សឹង្ហជាស្ដេចសត្វ គ្មានគុណវិបត្តិ សោះឡើយទោះវា
សម្លាប់អស់ម្រឹគ សន្ធឹកគ្រប់គ្រា ពូជសឹង្ហនៅជា
ម្ចាស់នៃដែនដី។
សឹង្ហតូចយ៉ាងណា ក៏ហ៊ានប្រហារ សូម្បីដំរី
ប្រាសរត់ទាំងហ្វូង គន្លងរាតព្រៃ សឹង្ហគ្មានប្រណី
ឆាប់ឆីតាមឃ្លាន។
ពូជសឹង្ហអស្ចារ្យ សម្លាប់ត្រួតត្រា អាណិតគឺគ្មាន
ចរឹតកោងកាច កំណាចទន្រ្ទាន វាតទីឈ្លានពាន
ជំហានវែងខ្លី។
កម្លាំងជាច្បាប់ សឹង្ហសង្រ្គប់ចាប់ មិនបាច់កាត់ក្ដី
សាច់ឈាមម្រឹគា ស្រស់ជាចំណី ចង់ម្រមាញ់ឆី
បានតាមត្រូវការ។
បើនៅយ៉ាងនេះ សង្កត់ជាន់ជិះ អ្នកត្រូវប្រហារ
ពូជប្រាកដដាច់ ដោយស្ដេចហឹង្ហា រិះរកផែនការ
កំលាតបត។
ក្របីមួយហ្វូង នាំគ្នាឈរជ្រង ស្នែងវែងមុតល្អ
ការពារកូនចៅ សខ្មៅហក់ស្រ ជល់វ័ធឈូរឆ
តទល់ស្ដេចសត្វ។
សឹង្ហធ្លាប់តែខ្លាំង ក្របីតតាំង ស្លេកស្លាំងរត់បាត់
សឹង្ហខ្លះដេកដួល រមួលឈឺថ្កាត់ ក្របីប្រយ័ត្ន
ការពារខ្លួនបាន។
សឹង្ហដ៏ខ្លាំងក្លា ធ្លាប់តែប្រហារ មិនដែលស្រាកស្រាន្ដ
ម្ដងនេះធ្លាក់ខ្លួន ផ្ទួនៗមិនស្មាន របួសសុះប្រាណ
ចាកឋានលោកីយ៍។
មុនជីវិតផុត ស្ដេចសឹង្ហស្រយ៉ុត នឹករឿងចាស់ថ្មី
កាលម្រឹគទាំងឡាយ ក្លាយជាចំណី រន្ធត់ភិតភ័យ
ឆីលុះមរណា។
សត្វខ្លះសុំរស់ ស្រែកសុំសង្រ្គោះ ប្រទេចផ្ដាសា
ខ្លះតំអូញហៅ កូនចៅមេបា លុះអស់សង្ខារ
ប្រាថ្នាចង់រស់។
មិនដែលអាសូរ ខាំហែកគៀងគ ទាំងថ្ងូររបួស
ខ្លះបានមេដៃ ប្រល័យយកឈ្មោះ ម្រឹគអើយរងគ្រោះ
ព្រោះតែខ្លួនខ្សោយ។
សឹង្ហសត្វប្រមាញ់ គ្រានេះស្គាល់ចាញ់ ស្គាល់ជាតិមុខក្រោយ
ក្របីហ៊ុំព័ទ្ធ ស្ទុះវ័ធគួរឲ្យ អាសូរមេកោយ
ធ្លោយបែរអស់ឫទ្ធិ។
ព្រះសូរិយាលិច ភ្នែកសឹង្ហបិទធ្មេច វេចទាំងឯកសិទ្ធិ
មានទាំងប៉ុន្មាន តាមដានជីវិត ដែលមករួតរឹត
ជុំជិតសង្ខារ។
ក្របីមានជ័យ តបតវ័ធវ៉ៃ ឈ្នះអ្នកប្រហារ
បើនៅស្ងៀមហី ចំណីសឹង្ហា រួមគ្នាកាលណា
វាសនាកើតមាន។
ប្រមាញ់តបវិញ បានសេរីពេញ ផុតគេឈ្លានពាន
បើនាំគ្នារត់ រលត់វិញ្ញាណ អ្នកខ្លាំងរឹតហ៊ាន
កំចាយទាំងក្រុម៕
No comments:
Post a Comment