By Tararith
អ្នកភូមិឡពាង បង្រ្កាបឲ្យរាង
ឲ្យឈប់តវ៉ា ដីកេរអាករ
តំណដូនតា គេចូលកាប់ឆ្ការ
តាមអំពើចិត្ត។
អ្នកភូមិមួយនេះ ត្រូវគេជាន់ជិះ
គ្មានក្ដីអាណិត គេរំលោភយក
ដីហើយបង្ខិត បង្ខំឲ្យផ្ដិត
មេដៃតាងទុក។
អ្នកភូមិជំទាស់ ចូលស្រែភ្ជួររាស់
ខ្ទាស់ចាប់ដាក់គុក ម្ចាស់ដីអភ័ព្វ
ជាប់ឃុំពេញទុក្ខ នេះជាទំនុក
ក្នុងសង្គមខ្មែរ។
អ្នកភូមិឡពាង ខ្លះជាប់ខ្នោះឃ្នាង
រងទុក្ខឥតល្ហែ ជញ្ជីងស្រវឹង
ថ្លឹងប្រាក់ថៅកែ ធ្ងន់រហូតប្រែ
សទៅជាខ្មៅ។
ដូងត្នោតស្វាយចេក ច្បាប់មិនវែកញែក
ដេកដួលលើស្មៅ ឈើធ្លាប់ផ្ដល់ផ្លែ
ពីដូនដល់ចៅ អំពាវនាវហៅ
រកយុត្តិធម៌៕
No comments:
Post a Comment