ពុកតែងតែប្រៀនប្រដៅឲ្យកូនចេះស្រឡាញ់គ្នា ជួយគ្នា
ពាក្យរបស់ពុកខ្ញុំមិនយល់ មិនយល់មិន ដឹងថាស្រឡាញ់ជាអ្វី ពាក្យដដែលនេះ
ខ្ញុំក៏មិនដែលបានយកចិត្តទុកដាក់ធ្វើតាម ព្រោះមិនដឹងថាត្រូវធ្វើ
យ៉ាងម៉េច។ នៅក្នុងផ្ទះ ខ្ញុំក្មេងជាងគេ ឯបងខ្ញុំ គ្រាន់តែអាយុច្រើនជាងខ្ញុំតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។
ខ្ញុំឃើញបងប្រុសធ្វើតាមសម្ដីពុកគ្រប់ម៉ាត់ ពុកប្រើឲ្យធ្វើអី
បងធ្វើភ្លាម ជួនពុកស្រវឹងប្រើបងឲ្យទៅទិញស្រាទាំងយប់ បងក៏រត់ទៅមួយរំពេច
សូម្បីបងខ្លាចខ្មោចក្ដី។ ខ្ញុំនៅជាប់នឹងម៉ែ ម៉ែថ្នាក់ថ្នមមិនឲ្យទាស់
ខ្ញុំចង់ញ៉ាំអី ចង់ចានអី មិនយូរក៏គង់នឹងបាន។ នេះជាសំណាងរបស់ខ្ញុំ
ដែលមិនដូចក្មេងស្រីដទៃ ដែលម៉ែគេប្រើឲ្យ ដាំបាយ បោកគក់ លក់សាំង
លក់បារី តាមចិញ្ចើមផ្លូវ ឬដើរលក់នំ លក់អំពៅសាងហាលក្ដៅ ឯក្មេងស្រីខ្លះ
ទៀតចេញពីផ្ទះ ទៅធ្វើជាកម្មការិនីនៅភ្នំពេញទាំងមិនទាន់គ្រប់អាយុផងក៏មាន។
ផ្ទះខ្ញុំនៅខេត្តក៏ពិតមែន តែទំនិញរបស់របរផ្សេងៗ
ពុកទិញផ្ញើពីភ្នំពេញមិនលោះថ្ងៃ ជួនផ្ញើពី បាងកកស្រុកសៀមក៏មាន។
ពុកជាអ្នកជំនួញស្រូវអង្ករ និងគ្រឿងសំណង់ គាត់ឈប់ធ្វើជាយោធា
ព្រោះម៉ែត្រូវការពុកជួយមើលថែកូនទាំងពីររបស់ម៉ែ។
បន្ទាប់ពីមានរឿងរ៉ាវដ៏សោកសៅ គឺឪពុករបស់ខ្ញុំត្រូវគេចោទប្រកាន់
ហើយចាប់គាត់ដាក់គុកមក ម៉ែលៃលក់ទ្រព្យរបស់ដែលមានស្ទើរទាំងអស់
យកលុយទៅសូកតុលាការ សូកអ្នកធំ គេទារប៉ុន្មាន ម៉ែក៏ ដាក់ប្រាក់ដុល្លារក្នុងស្រោមសំបុត្រឲ្យទៅគេប៉ុណ្ណឹង
គេថាត្រូវការថែមទៀត ម៉ែប្រវ៉េប្រវ៉ារកឲ្យគេ ដោយមិន ត្អូញត្អែមួយម៉ាត់ណាឡើយ។
ម៉ែគិតដល់សុខទុក្ខពុកខ្លាំងណាស់ ម៉ែពិសារបាយទឹកក៏មិនសូវបាន
គាត់ ធ្លាក់ខ្លួនឈឺ។ មន្រ្ដី និងអ្នករត់ការក្នុងសំណុំរឿងពុក
ចេញចូលផ្ទះខ្ញុំមិនឈប់ ម៉ែទទួលស្វគមន៍ពួកគេ យ៉ាងកក់ក្ដៅបំផុត
កុំឲ្យតែគេហា ម៉ែឈ្មុសឈ្មុលរកឲ្យគេមួយរំពេច ពិសេសគឺលុយកាក់
និងថ្លៃសាំង។ ទឹកប្រាក់បានរំដោះឪពុកខ្ញុំពីគុកមែន។ ពុកស្គមស្លេក
គ្មានកម្លាំងកំហែងក្នុងខ្លួន ម៉ែទឹកភ្នែកអាណិតពុក ពុកឲ្យម៉ែរៀបចំរត់ទៅនៅបរទេស
ព្រោះរឿងរ៉ាវ មិនទាន់ចប់នៅឡើយ ពុកប្រាប់ម៉ែថា “ម៉ែក្អូនត្រូវជឿខ្ញុំ
ខ្ញុំ មិនបានប្រព្រឹតអីខុសទេ តែទ្រព្យដែលយើង មានបានមកនេះ
យើងមិនបានរំលែកឲ្យគេ យើងមិនមែន ជាមនុស្សរបស់គេ មិនមែនជាបក្ខពួក
ជាសមាជិកបក្សគេ គេមិនទុក្ខឲ្យយើងសុខឡើយ” ម៉ែមិនឆ្លើយ ទៅពុកវិញឡើយ
ខ្ញុំស្ដាប់ពុកមិនយល់ ឯបងខ្ញុំក៏មីងមាំងដែរ។ ពុកអង្អែលក្បាលកូនៗរបស់ពុក
ហើយប្រាប់ថា “កូន! ទ្រព្យជាញើសឈាមរបស់ពុក ម៉ែកូនឲ្យគេជិតអស់ហើយ
ដើម្បីដោះដូរនឹងសេរីភាពពុកមកវិញ។ តែពុកមិនឲ្យកូនក្រយូរទេ
ពេលយើងចេញពីទីនេះ អ្វីៗដែលកូនចង់បាន ពុកប្រឹងរកឲ្យបានទាំងអស់”។
ពីមុន ពេលព្រលឹម និងរសៀល ខ្ញុំតែងឮសំឡេងមាន់រងាវ
សំឡេងមាន់គករងាវ ខ្ញុំចូលចិត្តបំផុត ព្រោះជាសំឡេងនៃសេរីភាពអីចឹងសម្រាប់ខ្ញុំ។
អាគកដែលជាប់ក្នុងទ្រុង រៀបនឹងត្រូវគេសម្លាប់ទៅហើយ វារងាវអើងកង
ខ្ញុំសុំឲ្យឪពុកខ្ញុំកុំសម្លាប់អាគក ពុកយល់ក៏ព្រមទិញសាច់ជ្រូកខ្វៃ
សាច់ផាក់ឡូវមកក្លែមវិញ ចាប់ពីពេលនោះមកពុកមិនដែលរអ៊ូរថាថ្លង់នឹងសំឡេងមាន់រងាវឡើយ។
មួយរយៈនេះខ្ញុំឃើញឪពុកខ្ញុំផ្លែក ពុកពិសារបារី និងស្រាច្រើនជាងមុន
ពុកមិនជួបនរណាទេ ហើយគាត់ក៏មិនសូវចេញពីផ្ទះដែរ។ ពុកចាប់ក្អក
ក្អកមានឈាម។ ម៉ែកាន់តែបារម្ភនឹងពុកខ្លាំងឡើងៗ។
យើងមិនបានចេញទៅណាទាំងអស់ ព្រោះពុកធ្លាក់ខ្លួនឈឺធ្ងន់ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ
ឯម៉ែក៏ពិបាកចិត្តណាស់ដែរ ម៉ែមើលថែពុករហូតដល់ដង្ហើមចុងក្រោយរបស់ពុក។
ក្នុងផ្ទះខ្ញុំ បាត់បង់មនុស្ស ម្នាក់គឺឪពុករបស់ខ្ញុំ។ បាត់ឪដែលជាបង្គោល
ជាកម្លាំងគ្រប់យ៉ាង ក្នុងផ្ទះទៅជាស្ងាត់ ទៅជាក្រីក្រ កណ្ដោចកណ្ដែង។
បាត់ពុកតែម្នាក់សោះ ធ្វើឲ្យគ្រួសារទាំងមូលងងឹតសូន្យសុង ម៉ែមានជម្ងឺប្រចាំកាយ
មិនសូវនិយាយស្ដី បងប្រុសក៏ឈប់រៀន ព្រោះត្រូវធ្វើការរកប្រាក់
និងមើលថែម៉ែផង។ យប់មួយម៉ែប្រាប់ខ្ញុំ “ម៉ែព្រួយនឹងកូនណាស់
កូនធំពេញរូបរាងហើយ កូនស្អាតបាតទៀត តែគំនិតប្រាជ្ញារបស់កូន
នៅក្មេងខ្ចី នៅឡើយ កូនអាចងាយនឹងគេអូសទាញ ងាយចាញ់បោកគេណាស់
ឯបងឯងក៏នៅក្មេងដែរ តែមើលទៅ គេហ្មត់ចត់ ម៉ែពេញចិត្ត ទុកចិត្ត
ថាគេអាចរស់ដោយខ្លួនឯងបាន ពេលដែលបងឯងស្ដីបន្ទោស កូនអត់
ធ្មត់ ម៉ែចង់ឃើញ កូនធ្វើតាមពាក្យណែនាំរបស់បងកូន។ បងប្អូនតែពីរនាក់
កើតពីពោះម៉ែដូចគ្នា តែចរឹត ផ្សេងគ្នា ម៉ែបារម្ភ នឹងអនាគតរបស់កូនស្រីម៉ែណាស់”។ ពាក្យសម្ដីម៉ែនាំខ្ញុំឲ្យគិតគូបន្ដិចពីខ្លួនឯង
ខ្ញុំឆ្ងល់ ខ្ញុំមិនបានធ្វើអ្វីខុស មិនដែលឲ្យម៉ែពិបាកចិត្តដោយសារ
ម៉េចក៏ម៉ែវិនិច្ឆ័យខ្ញុំបែបនេះទៅវិញ ខ្ញុំមិនតបទៅ ម៉ែវិញទេ
ទុកឲ្យម៉ែអង្អែលក្បាល ថើបក្បាលរបស់ខ្ញុំតាមចិត្តគាត់។ ខ្ញុំងើយមើលមុខម៉ែ
ឃើញគាត់ ស្រងូតស្រងាត់ កែវភ្នែកល្អក់ មានរង្វង់ខ្មៅរុំព័ទ្ធដូចជាំ។
ចិត្តខ្ញុំចាប់ស្លុត ពេលខ្ញុំប្រៀបធៀបរូបម៉ែទៅនឹង រូបថតកាលពីមុន។
ប្រហែលជាម៉ែដឹងថាខ្ញុំភ័យព្រួយនឹងម៉ែ ម៉ែប្រឹងញញឹមមកខ្ញុំទាំងទឹកភ្នែករលីងរលោង
“ម៉ែមិនអីទេកូន”។
ចាប់ពីពេលដែលឪពុកខ្ញុំចាកចោលពួកយើងទៅ ភាពរីករាយរបស់ខ្ញុំមានតិចណាស់
ខ្ញុំមិនសម្បូរ ធនធានដូចមុន។ ពេលអត់ពីម៉ែទៀត បងប្រុសខ្ញុំដូចបានដៃអីចឹង
ថ្ងៃណាក៏បារម្ភពីខ្ញុំ និងទូន្មានខ្ញុំជានិច្ច “អូនកុំដើរលេងច្រើនពេក
កុំចាយលុយខ្ជះខ្ជាយពេក ខំរៀនផង...” ខ្ញុំមិនដឹងថាខ្លួនខ្ញុំជាមនុស្ស
ជាសត្វ ឬជាវត្ថុទេ? បើជាមនុស្ស ម៉េចក៏ដូចជាជាប់ទ្រុងដូចសត្វ?
បើជាសត្វម៉េចក៏គេបង្វិលតាមចិត្តបាន? ខ្ញុំ ស្អប់ការត្រួតត្រាដែលគេធ្វើមកលើខ្ញុំណាស់
សូម្បីគាត់បងខ្ញុំក្ដី។
សម័យកំព្យូទ័រទៅហើយ បងខ្ញុំរកតែទូរស័ព្ទមួយប្រើក៏គ្មាន
គាត់មិនមែនអត់លុយកាក់ទិញរបស់ ប៉ុណ្ណឹងទេ តែគាត់សន្សំសំចៃណាស់
ណាមួយគាត់ជាមនុស្សបុរាណ ស្រឡាញ់តែព្រៃឈើ សត្វព្រៃ ចង់នៅ
តែស្រុកស្រែចម្ការ។ តែចុងក្រោយទើបខ្ញុំដឹងថា បងមិនចង់នៅទីប្រជុំជន
បងមិនចង់ប្រណាំងប្រជែង និង នៅគិតដល់ពុកម៉ែ ទើបសម្រេចចិត្តទៅនៅស្រុកកំណើតខាងម៉ែ
បាននៅជិតសាច់ញាតិរាប់ស្ទើរមិនដល់របស់ម៉ែ។ ខ្ញុំគ្មានគំនិតបែបនេះទេ
ខ្ញុំចង់នៅទីក្រុង ចង់រៀនសូត្រនៅទីក្រុង ព្រោះទីក្រុងមានវិទ្យុអែហ្វ
អឹមស្ដាប់ មានទូរទស្សន៍មើលកម្សាន្ដ មានទឹក ភ្លើង ស្រួលរស់នៅ
ផ្ទុយពីជនបទ សូម្បីចង់ញ៉ាំនំប័ងដាក់ សាច់ សាន់វិចក៏ពិបាករកទិញដែរ។
ខ្ញុំសម្រេចចិត្តរស់នៅទីក្រុង។
ច្រើនឆ្នាំដែរហើយ ដែលខ្ញុំឃ្លាតពីបងប្រុសតែម្នាក់គត់របស់ខ្ញុំ ការបែកគ្នានេះព្រោះតែយើងមានក្តី ប្រាថ្នាផ្សេងគ្នា ការគិតមិនស្របគ្នា និយាយឲ្យចំទៅ គឺខ្ញុំ និងបងតែងតែខ្វែងគំនិតគ្នាជានិច្ច។ កាលពីពួក យើងនៅជាកុមារ យើងបាត់បង់ឪពុក កាលនោះបង និងម៉ែទួញយំជា ច្រើនថ្ងៃ ឯខ្ញុំវិញ យំព្រោះតែឃ្លាន ស្ករគ្រាប់ ការ៉ែមកី នំនេកតែ ប៉ុណ្ណោះ។ ក្រោយមក អ្នកម៉ែ ក៏ចាកឋានទៅទៀត គ្រានោះ បងជាអ្នករ៉ាប់រង ចាត់ចែងពិធី បុណ្យម៉ែទាំងអស់ បងលកលៃលក់ស្ទើអស់សូម្បីដីស្រែកេរគល់ ដែលកំពុងតែដកស្ទូង និងម៉ូតូដែលបងទើបតែទិញមករត់ឌុប ខ្ញុំពុំបានជួយអ្វីក្រៅពីទួញសោកសៅ ស្ដាយជីវិតអ្នកម៉ែឡើយ។ ខ្ញុំយល់ពីអារម្មណ៍របស់បង ពេលដែលបងចាប់ផ្ដើមគ្រប់គ្រងលើជីវិតខ្ញុំជំនួសពុកម៉ែ គឺបងចង់ឲ្យខ្ញុំបានល្អ ចង់ឲ្យខ្ញុំរៀន ពូកែ មិនចង់ឲ្យខ្ញុំដើរលេង ពិសេស ពេលបងមកពីធ្វើការងារ បងចង់ឃើញមុខខ្ញុំ ចង់ឲ្យខ្ញុំ នៅផ្ទះ អានសៀវភៅ
ជាងនេះទៀត គឺបងចង់ឲ្យខ្ញុំទៅជាបង ល្អដូចបងរំពឹងទុក។
បងប្រុស! ខ្ញុំចង់ធ្វើឲ្យបានដូចបងគិតណាស់ តែខ្ញុំធ្វើមិនបាន ខ្ញុំជាក្មេង ដែលត្រូវការ សប្បាយ ត្រូវការក្រេបជញ្ជក់ការអ្វីៗដែលថ្មីពីសង្គម មិនមែនអង្គុយនៅតែក្នុងផ្ទះ ក្នុងសាលា តែពីរបន្ទប់នេះទេ ព្រោះចំណេះដឹង បទពិសោធការងារ និងប្រាក់កាសមាននៅ ខាងក្រៅ ដែលខ្ញុំចាំបាច់ត្រូវទៅរក។ គឺបងទេ ដែលមិនយល់ពីខ្ញុំ គឺបងដែលធ្វើឲ្យខ្ញុំខ្លាចបង ហើយ បណ្ដាលឲ្យខ្ញុំរសាត់ចេញពីផ្ទះ ដែលធ្លាប់ជួប សុខដុមរមនាកាលពុកម៉ែនៅរស់់។
ញុំមានសេរីភាពហើយ ដូចកូនបក្សីដែលចេះហិចហើដោយស្លាបរបស់ខ្លួនឯង
បងលែងជាអ្នកគ្រប់គ្រងត្រួតត្រាខ្ញុំដូចមុនទៀតហើយ។ បងប្រុស
បងប្រហែល តូចចិត្តមិនស្ទើរទេ ពេលដែលប្អូនរបស់បងមិននៅជាមួយបង
ពេលដែលប្អូនរបស់បងសម្រេច រស់នៅបែកឆ្ងាយពីបង។ តែចំពោះប្អូនវិញ
មានអារម្មណ៍ធូរស្រាល មិនតានតឹងដូចពីមុនទេ មិនមាននរណាចាំសួរ
ថាទើបមកពីណា? ចង់ទៅណាថ្មើនេះ ថ្មើនេះ? ទៅណាជាមួយនរណា? ចាយលុយច្រើនម្ល៉េះ?
ទិញសម្លៀកបំពាក់ថ្លៃម្ល៉េះ? ហេតុអីត្រូវប្រើទូរស័ព្ទថ្មី ថ្លៃ?...
មានតែគេសរសើរប្អូន ថាប្អូនស្អាត សិចស៊ី សាច់ស មុខមាត់ដូចតួកុន
រាងដូចអ្នកបង្ហាញម៉ូតជាដើម។ បងប្រុស! ប្អូននៅឆ្ងាយពីបង
ប្អូនមិនដែលសុំអ្វីពីបង តែបងទេ ដែលចេះតែផ្ញើលុយកាក់ឲ្យប្អូន
ប្អូនមិនប្រកាន់បងទេ លុយដែលបងផ្ញើឲ្យខ្ញុំ ខ្ញុំចាយ។
ល្អដែរ ដែលបងមិនសួរនាំ ពីលុយកាក់ទាំងនោះដូចមុន។
បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បង និងគូដណ្ដឹងរបស់បង បានអនុញាតិឲ្យខ្ញុំទៅនៅជាមួយ
បងអរពេលដឹង ថា ប្អូនរបស់បងរៀនចប់ ហើយវិលទៅនៅជាមួយបងវិញ។
បងមិនស្ដីបន្ទោសខ្ញុំសូម្បីមួយម៉ាត់ បងធ្វើដូចជាមិនមានរឿងអ្វីបន្ដិចជាមួយខ្ញុំ
បងនាំខ្ញុំទៅវត្តធ្វើបុណ្យឧទ្ទិស កុសល ដល់ពុកម៉ែ និងញាតិការប្រាំពីរសណ្ដាន។ នេះជាពេលវេលា ដែលខ្ញុំអាចឃើញមុខ បងច្រើន ជាងសព្វដង ក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ បងប្រុស បងមានសប្បុរខ្មៅជាងមុន មុខបងជាំ ដុំៗ ហើយបងក៏និយាយស្ដីមិនច្រើនដូចមុនដែរ។ បងមិនសូវនិយាយច្រើនមែន តែកែវភ្នែក បង នៅតែធ្វើឲ្យខ្ញុំខ្លាចដដែល បងមិនដែលវាយប្អូន តែពាក្យស្ដីប្រៀនប្រដៅកាលពីមុន ប្អូន នៅតែឮ នៅតែញញើត ពិសេសប្អូនញញើតចំពោះការ តស៊ូរបស់បង ដែលបង ព្យាយាមជម្នះភាពក្រីក្រដ៏គួរឲ្យ នឿយណាយក្នុងជីវិត។ ពីមុន មានតែពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ដែលខ្ញុំ អាចមានឱកាសឃើញមុខបង ព្រោះបងរវល់មិនថាយប់ មិនថាថ្ងៃ បងធ្វើការងារ
ស្ទើតែ២៤ម៉ោង បងធ្វើការដូចសត្វគោជាប់នឹម ប្រឹងទាញនង្គ័ល
ដែលមានផាលចាក់ជ្រៅទៅក្នុងដី។ កាលនោះ ខ្ញុំឃើញមុខបង មិនលើសពីមួយម៉ោងទេ។ ពេលខ្លះ ខ្ញុំក៏នឹកឆ្ងល់ ណាស់ដែរ តើបងជាមនុស្សបែបណាទៅ?
ឯកោទេ? រស់នៅលំបាកទេ?
សំណួរទាំងនេះបងធ្លាប់ប្រាប់ប្អូនថា៖
“ប្អូនស្រី
បងចេះតែតស៊ូទៅ ចេះតែធ្វើទៅ ធ្វើម៉េចបើយើងអត់ យើងក្រ។ បងទ្រាំឲ្យមិត្តរបស់បង
ចំអកចំអន់ ឲ្យគេយកបងទៅលេងសើច ទៅពេបជ្រាយ ឬទុកជាឧទាហរណ៍នៅក្នុងថ្នាក់រៀនម្ដងម្កាលក៏មាន។
ប្អូនដឹងទេ ពេលខ្លះគេថាបងជាមនុស្សខ្ទើយ ដើរលក់ផ្កា លក់ទៀនធូប
ស្លាម្លូ នៅនឹងមុខព្រះ។ អ្នកខ្លះ គេហៅបងថា អាខ្មៅ ព្រោះតែខ្លួនបងខ្មៅដោយសារកំដៅថ្ងៃ
បងប្រឹងស៊ីឈ្នួលដកស្ទូង ច្រូតកាត់ ធ្វើកម្មករសំណង់នៅស្រុកសៀមក៏មាន
ហើយរត់ម៉ូតូឌុបក៏បងធ្វើ។ ជួនគេហៅបងថាអាសំរ៉ែ ព្រោះតែបងមិនយល់ពាក្យពេជន៍ភាសាដែលគេនិយាយ។
បងមិនមែនជាព្រះស៊ីម៉ង់ទេ បងជាមនុស្ស បងខឹង តែបងខំទប់កំហឹងទាំងនេះទុកក្នុងទ្រូង។
កើតជាប្រុស បងរែកពុនភាពអាម៉ាស់ទាំងនេះស៊ាំអស់ទៅហើយ តែបងមិនអនុញាតឲ្យគេមើលងាយប្អូនរបស់បងទេ
សូម្បីប៉ុនសរសៃសក់។ គេមានអីប្អូននឹងមានដូចគេ បើប្អូនចង់បានអី
យូរ ឬឆាប់ បងតស៊ូរកឲ្យប្អូនឲ្យទាល់តែបាន បងសុំតែម្យ៉ាង គឺប្អូនត្រូវខំរៀន
និងស្ដាប់ បង្គាប់ម៉ែ កុំឲ្យម៉ែពិបាកចិត្ត”។
បងជាវិរបុរសរបស់ខ្ញុំយ៉ាងពិតប្រាកដ។ បងប្រុស
ប្អូនមានរឿងរ៉ាវជាច្រើនលាក់នឹងបង ព្រោះប្អូន មិនចង់ឲ្យបងខកចិត្ត។
កំហុសរបស់ប្អូនគឺប្អូនរៀនមិនចប់ចុងចប់ដើមទេ សញ្ញាបត្រដែលបងឃើញគឺប្អូន
យកលុយកាក់របស់បងទៅទិញគេទេ។ បងមិនដឹង បន្ទាប់ពីបែកពីបងទៅ
ប្អូនមានសង្សារ យើងរស់នៅ ជាមួយគ្នា ប្អូនបណ្ដោយខ្លួនរហូតមានកូនជាមួយគេ
មិនបានប៉ុន្មនាខែផង គេក៏ដោះដៃពីប្អូនទៅរៀបការ ជាមួយស្រីផ្សេង
គេថា គេមាននិស្ស័យជាមួយប្អូនតែត្រឹមហ្នឹង គេត្រូវតាមម្ដាយ
ស្ដាប់បង្គាប់ម្ដាយរបស់គេ។ គេតាមម្តាយរបស់គេមែន ឯប្អូនវិញមានបង
តែហេតុអ្វីក៏ប្អូនមិនជឿបង មិនស្ដាប់តាមបង? ចុងក្រោយប្អូនសម្រេចចិត្តរំលូតកូន
តាមការលួងលោមបង្ខិតបង្ខំរបស់នរិន្ទ នរិន្ទមិនដែលទទួលខុសត្រូវ
ចំពោះអ្វីដែលគេបានប្រព្រឹត្តចំពោះខ្ញុំទេ គេមិនសមជាប្រុស គេមិនបានមួយចំណិតរបស់បងឡើយ។
ខ្ញុំ ស្អប់គេណាស់។ ទីបញ្ចប់ គេក៏ចេញទៅរស់នៅប្រទេសអូស្រ្តាលីជាមួយប្រពន្ធមេម៉ាយបាត់ទៅ។
បងប្រុស! បងមិនដឹងរឿងរ៉ាវរបស់ប្អូនទេ ប្អូនក៏មិនចង់លាក់បាំងរឿងនេះនឹងបងដែរ
តែប្អូនមិនអាចប្រាប់បង នៅពេលនោះបានឡើយ បងជាបងរបស់ប្អូន
បងធ្លាប់ប្រៀនប្រដៅប្អូនរាប់មិនអស់ ការពិតប្អូនគោរពបងណាស់
បងគួរតែដឹង និងចូលរួមទទួលខុសត្រូវជាមួយប្អូនរបស់បង
តែប្អូនមិនក្លាហានដល់ម្លឹងទេ ប្អូនសុខចិត្តបៀមភាពក្រៀមក្រោះនេះម្នាក់ឯង
ព្រោះប្រសិនបើបងដឹង បងប្រាកដជាខូចចិត្ត បងប្រាកដជា គេងមិនលក់
បងប្រាកដជាព្រួយមិនលោះថ្ងៃឡើយ ឬមួយបងបន្ទោសខ្ញុំ បន្ទោសខ្ញុំម្ដងហើយម្ដងទៀត
សម្លក់សម្លឹងខ្ញុំមិនដាក់ភ្នែក ធ្វើឲ្យខ្ញុំកាន់តែមានភាពអាម៉ាស់ខ្លាំងឡើងៗ។
មុនពេលដែលប្អូនសម្រេចចិត្តចេញពីបង ទៅរៀននៅទីរួមខេត្ត
និងទៅទីក្រុងភ្នំពេញ បងតែងផ្ដាំ ផ្ដាច់ម្ដងហើយម្ដងទៀត កុំឲ្យប្អូនភ្លើតភ្លើន
កុំឈ្លក់វង្វេងនឹងសម្ភារៈទំនើបៗ បើប្អូនចង់បានអ្វី ចង់បានអ្វីក៏ដោយ
បងឲ្យប្អូនប្រាប់បង ហើយរាល់ខែ បងផ្ញើប្រាក់មិនដែលខាន បងទូរស័ព្ទសួរប្អូន
សូម្បីបងខ្លួនឯង មិនមានទូរស័ព្ទផ្ទាល់ខ្លួនប្រើក្ដី។ បងសន្សំសំចៃដើម្បីឲ្យប្អូនមានឱកាសរៀន សូម្បីទីក្រុងភ្នំពេញក៏បងមិនស្គាល់
បងចង់ទៅលេងភ្នំពេញទៅមើលការរស់នៅរបស់ប្អូន បងចង់ទៅមើលប្អូនរបស់បងណាស់
តែបងមិនហ៊ានចំណាយផ្ដេសផ្ដាសទេ ឯខ្ញុំវិញ បែរជាធ្វើឲ្យបងខកបំណងទាំងស្រុង។
ប្អូននៅចាំ ថ្ងៃមួយដែលបងត្រលប់មកពីប្រទេសសៀម
បងយំរហូត ដោយកាលនោះ ម៉ែឈឺនៅនឹងមន្ទីរពេទ្យ ខ្ញុំឮបងប្រាប់ម៉ែ
ថាបងធ្វើជាកម្មករនៅស្រុកសៀម សន្សំបានប្រាក់ជាងបីម៉ឺនបាត
តែពេល មកដល់ច្រកព្រំដែន ប៉ូលីសខ្មែររឹបយកទាំងអស់ ហើយគេបំរុងចាប់ដាក់គុកទៀត
ព្រោះបងចេញចូល ប្រទេសសៀមគ្មានសំបុត្រស្នាម។
“ម៉ែ! កូនបានអង្វរគេ កូនសុំការអនុគ្រោះពីពួកគេ ប្រាប់គេ
ថាកូនត្រូវការលុយទាំងនោះ ដើម្បីព្យាបាលជម្ងឺម៉ែ តែប៉ូលីសដែលជាខ្មែរដូចគ្នាមិនស្ដាប់
គេចាប់កូនដាក់ខ្នោះដៃ ហើយឃុំមួយយប់ទៀត។ កូនមិនមានប្រាក់សូម្បីមួយរៀល
កូនសុំឡានគេជិះមកផ្ទះ តៃកុងឡានអាណិត ឲ្យបាយទឹកញ៉ាំទៀត”។ ម៉ែអង្អែលក្បាលបងប្រុស
ហើយប្រាប់ថា “កូន! ថ្ងៃក្រោយកុំទៅណាចោលប្អូន កុំផ្សងទៅធ្វើការនៅស្រុកគេអី
អត់ឃ្លានមានស៊ីនៅស្រុកយើងហ្នឹងហើយ បានមើលថែមីពៅផង។”
បងប្រុស! បងមានតែរឿងកម្សត់ ទុក្ខសោក កោតតែបងរស់នៅជាមួយនឹងគំនរទុក្ខទាំងនោះបាន
កោតតែបងអាចទ្រាំ អាចប្រឈមនឹងរឿងគ្រប់យ៉ាងបាន បងជាពងមាន់
ដែលជល់បំបែកវត្ថុរឹង តទល់ ជីវិតដោយមិនចេះ ហត់នឿយ។ បងស្គាល់ភាពល្វីងជូចត់
ភាពអត់ក្រ បងដូចជាទំពាំងប្រឹងលូតចាក់ទម្លុះ ដីដ៏រឹង ឥឡូវបងក្លាយជាឫស្សីហើយ។
ពេលនេះ ខ្ញុំមានឱកាសបាននៅជិតបង នៅជាមួយបង រឿងដែលមាននៅក្នុងចិត្តប្អូន ប្អូនចង់រៀប
រាប់ប្រាប់បង តែខ្ញុំមិនក្លាហានសោះ ខ្ញុំកាន់តែខ្សោយ ជាងមុន
ខ្ញុំខ្សោយព្រោះក្នុងខ្លួនខ្ញុំលាក់ពេញដោយ កំហុស លាក់ពេញទៅដោយពុតត្បុត
និងភាពខ្មាសអៀន ខ្ញុំខ្សោយព្រោះតែភាពស្មោះត្រង់របស់បង ខ្ញុំពិតជាមិនហ៊ានប្រឈបមុខជាមួយបងពិតមែន។ រាល់ ព្រឹក រាល់ថ្ងៃ រាល់ពេលដែលខ្ញុំជួបបង ឃើញមុខបង ខ្ញុំចង់និយាយពាក្យ អរុណសួស្តីបងប្រុស! យប់មិញ បងគេងលក់ស្រួលទេ? សូម្បីពាក្យតែប៉ុន្មានម៉ាត់ ប៉ុណ្ណឹងក៏ខ្ញុំហាមាត់មិនរួចដែរ។ ប្អូននៅជិតបង តែជីវិត
ដូចជាឆ្ងាយពីគ្នាណាស់ ឆ្ងាយដូចមេឃ និងដី។ ដល់ពេលទទួលទានបាយម្ដងៗ ខ្ញុំចង់សួរបង ថាម្ហូប ដែលប្អូនធ្វើថ្ងៃនេះ
មានរសជាតិម៉េចដែរ បងពិសារ ឆ្ងាញ់ទេ? បងចូលចិត្តទេ?
ម៉េចក៏បងញ៉ាំតិចម្ល៉េះ? ម៉េចក៏បងមិនញ៉ាំឲ្យច្រើនៗ? ខ្ញុំនៅតែ ហាមាត់ និយាយមិនចេញ ខ្ញុំប្រឹងញញឹមទៅបង បងញញឹមតបវិញ ទំនងដូចមិនចង់
ឬមួយបងដឹងនូវការពិតដែល ខ្ញុំកំពុងតែលាក់បាំងនឹងបង។ ប្អូនឃើញមុខផតខូងរបស់
បងមុះមុត កាចជាងមុន ខ្ញុំគិតថា បងប្រហែល ដឹងរឿងរបស់ខ្ញុំហើយ
បងពិសារអាហារតិចជាមុន បងសម្លឹងមុខខ្ញុំយ៉ាងយកចិត្តទុកដាក់
បងប្រហែលជាចង់សួរ ចង់ជជីកសួរខ្ញុំ ធ្វើឲ្យខ្ញុំហៀប តែទម្លាយភាព
កំសាករបស់ខ្ញុំចេញមក ដូចប៉េងប៉ោងដែលមានភ្នែក ប្រុងតែផ្ទុះព្រោះខ្យល់តឹងពេក។
ខ្ញុំទប់ខ្លាំងណាស់ ថ្ងៃខ្លះម្ហូបឆ្ងាញ់ប្រែទៅជាចត់ក៏មាន។ ខ្ញុំពិតជាកំសាក មែន នៅចំពោះមុខបងប្រុសដ៏ល្អប៉ុណ្ណឹងហើយ ម៉េចក៏សុខចិត្តបៀមវិប្បដិសារ
លាក់បាំងភាពកំសាកទៅ វិញ។
បងក៏ដឹងពីចរឹតរបស់ខ្ញុំ គឺខ្ញុំតែងតែកុហកបង
ហើយបងតែងតែដឹងអ្វីដែលខ្ញុំលាក់បាំងនឹងបង ពាក្យមួយដែលខ្ញុំចាំគឺ
“ប្អូនស្រី! ពិភពលោកនេះមូល អាថ៌កំបាំងទាំងឡាយគង់តែលេចចេញមកក្នុងថ្ងៃ
ណាមួយ អូនកុំកុហកបង កំលាក់បាំងនឹងបងអី បើអូនកុហកគេ អូនគង់ខ្មាស់គេ
ពេលដែលអូនខ្មាស់គេ អូនប្រៀបដូចងាប់អីចឹង គឺភ្លើងងាយឆេះណាស់”។ បង! ខ្ញុំទ្រាំលែងបានទៀតហើយ
បើមិនបាននិយាយ រឿងរបស់ប្អូនឲ្យបងបានដឹងទេ ខ្ញុំពិតជា...
ញុំទាញដៃបងរបស់ខ្ញុំ “បងឈប់សិន ខ្ញុំមានរឿងត្រូវប្រាប់បង” បងខ្ញុំញញឹម អង្គុយតាមសំណើរ
របស់ខ្ញុំ ខ្ញុំដកដង្ហើមវែងៗពីបីដង សម្លឹងមុខបងខ្ញុំ ទឹកភ្នែកខ្ញុំហូរ
បងខ្ញុំស្រឡាំងកាំង តែគាត់ទប់ស្មារតី សូម្បីមួយម៉ាត់ក៏បងមិនសួរខ្ញុំដែរ
ខុសពីពេលមុន ដែលមានរឿងអ្វីបន្តិចក៏បងសួរនាំ បងព្រួយនឹងខ្ញុំ
ជានិច្ច។ ពេលនេះ បងមិនដូចពីមុនទេ នេះប្រហែលជាបងគិតថា ប្អូនរបស់បងរឹងមាំ
អាចដើរខ្លួនឯងបាន ទើបបងលែងបារម្ភ។
ខ្ញុំជូតទឹកភ្នែក តែដំណក់ទឹកភ្នែកថ្មីនៅតែហូរចេញមកធ្វើឲ្យអួលដើម
ក។ ខ្ញុំឈ្ងោកមុខចុះរក ទំនុកនិយាយ តែនិយាយមិនចេញមួយម៉ាត់សោះ
មិនដឹងចាប់ផ្ដើមពីអ្វី។ នៅចំពោះមុខបងរបស់ខ្ញុំពេលនេះ ខ្ញុំគឺជាអ្នកទោស។
បងក៏សួរ“មានរឿងអីនិយាយទៅអូន? ក្លាហានឡើងប្អូនរបស់បង!” បងខ្ញុំ និយាយតែប៉ុណ្ណឹង
គាត់នៅចាំស្តាប់អ្វីៗ ដែលខ្ញុំបំរុងនឹងសារភាព។ បង!ខ្ញុំសូមប្រាប់រឿងរ៉ាវទាំងនេះដល់បង៕
No comments:
Post a Comment