អាសូរកម្មករខ្មែរ ត្រូវថៅកែចិនជិះជាន់
មិនដែលបានរង្វាន់ ខំរួសរាន់ធ្វើការងារ។
ប្រាក់ខែបានតិចតួច ពោលពុំរួចគ្រប់ៗគ្នា
ឯរដ្ឋចូលគាំពារ រួមផ្ដន្ទាកម្មករខ្មែរ។
ធ្វើការគ្មានសម្រាក ទោះលំបាកក៏ទ្រាំដែរ
បំពេញចិត្តថៅកែ ខួបឆ្នាំខែខំដេរប៉ាក់។
ក្នុងរោងដ៏ធុញថប់ ជួនសន្លប់កម្លាំងបាក់
បាត់បង់ទាំងលុយកាក់ យំអួលអាក់គេបំពាន។
បានរស់ទាំងត្រដរ បាយបបររកសឹងគ្មាន
ជាតិឯងរឹតឈ្លានពាន ហ៊ានបំពានបាញ់ប្រហារ។
របួសទាំងចិត្តកាយ មិនសប្បាយឆ្ងាយភ្លឺថ្លា
បានស្គាល់តែទុក្ខា តុលាការមិនសង្រ្គោះ។
សង្កត់សង្កិនថែម សម្ដីផ្អែមសែនពិរោះ
ការពិតរុញចូលជ្រោះ មិនឲ្យរស់នាំតវ៉ា។
ចង់បានយុត្តិធម៌ តែគ្មានពណ៌សសុទ្ធថ្លា
កម្មករខកប្រាថ្នា គ្មានច្បាប់ណាជួយគាំពារ។
មានតែមនុស្សទុច្ចរឹត បន្ដឹងរឹតរាល់វេលា
កម្មករចង់ទាមទារ សិទ្ធិការងារប្រែជាឈាម។
តតាំងរកសេរី ជួនគេវ៉ៃបាញ់គំរាម
ជួនគេបណ្ដេញភ្លាម រស់រហាមជាកម្មករ។
គ្មានអ្វីប្រសើរសោះ បាត់បង់អស់ហើយលម្អរ
ចែងចងច្បាប់ល្អៗ រឹតជាន់កខ្មែរក្រក្រី៕
No comments:
Post a Comment