ខ្ញុំជាចៅក្រម មើលមុខឲ្យចំ
ច្រឡំអ្នកផ្សេង ខ្ញុំនេះអ្នកច្បាប់
ចងចាប់អ្នកលេង នរណាហ៊ានជែង
គ្រវែងចូលគុក។
ខ្ញុំជាអ្នកច្បាប់ ស៊ីញ៉េម៉ាខ្វាប់
ចាប់មិនរើសមុខ អង្គុយលើច្បាប់
ត្រូវស្ដាប់ចង់សុខ ដាក់ទោសឲ្យទុក្ខ
ដេកគុកហ្នឹងឯង។
ខ្ញុំស្គាល់តូចធំ បើនឹងចាប់ឃុំ
ប្រជុំចាត់ចែង ខ្មៅទៅជាស
រៀបតតាក់តែង ភស្តុតាងជាក់ស្ដែង
បង្វែងបំភាន់។
ខ្ញុំជាអ្នកលេង លើច្បាប់ធំធេង
កិបកេងជិះជាន់ អ្នកលេងដូចខ្ញុំ
ស៊ីធំរង្វាន់ មានទ្រព្យគ្រប់គ្រាន់
គេលាន់សរសើរ។
មាន់ពងនឹងស្រូវ មិនស៊ីមិនត្រូវ
លើផ្លូវខ្ញុំដើរ គ្មានប្រាក់គឺចាញ់
ប្រវ័ញ្ចបណ្ដើរ ចឹកគ្រប់ដំណើរ
ប្រើលើសមាត្រា។
ខ្ញុំអ្នកសម្រេច ឈ្នះចាញ់កាត់ដាច់
ចារខ្វាច់ដីការ អ្នកឈ្នះគឺត្រូវ
បិទផ្លូវតវ៉ា ចាញ់បរិហារ
តុលាការខ្មែរ។
ថាអីថាទៅ បាតុកម្មបិទផ្លូវ
ក៏នៅមិនប្រែ ចៅក្រមដូចខ្ញុំ
ឲ្យអ្នកធំដែរ ជ្រុសធ្វើជាឆ្កែ
ត្រូវតែស្គាល់ម្ចាស់៕
No comments:
Post a Comment