ស្នាមដែលជ្រីវជ្រួញនៅលើថ្ពាល់ អាចវាស់អាចវាល់វ័យចំណាស់
ចង្អូរទឹកភ្នែករីកធំណាស់ ឃើញច្បាស់គំនិតគិតជ្រាលជ្រៅ។
បានឮចម្រៀងស្នេហាជាតិ ទប់ហើយទប់ទៀតនៅគិតទៅ
គិតដល់ទឹកដីដែលសល់នៅ គិតខំរកផ្លូវទប់ជំនន់។
ភ្នែកអើយមានដំណក់ទឹកហូរចេញ ហូរចេញរលេញច្រើនពេកពន់
ឱជាតិទឹកដីរងទារុណ ទុក្ខនេះសែនធ្ងន់លើសអ្វីៗ។
ជាខ្មែរតើនឹងទ្រាំមិនបាន ឃើញគេរុញច្រានលេបទឹកដី
ខាងក្នុងវាយដំគ្មានខន្ដី ក្មេងកើតថ្មីៗបង់ជីវិត។
តស៊ូមតិសុំរស់រៀន គ្នាឯងទន្រ្ទានទាំងងងឹត
យួនជាតិដទៃរឹតរុំរឹត ទាំងដៃទាំងចិត្តឆួលឆេះក្ដៅ។
ឈាមហូរព្រោះតែជាតិទឹកដី រ៉ាយរ៉ាប់ប្រាប់ន័យច្បាស់សខ្មៅ
ថាខ្មែរមានស្នាមប្រេះក្រឡៅ រាលតកូនចៅច្រើនជំនាន់។
ជំនាន់ឥឡូវត្រូវធ្វើម្ដេច គេជាន់ពន្លិចដោយរង្វាន់
ជាបុណ្យជាស័ក្កិប្រាក់ជាឈ្នាន់ ព្រមឲ្យគេជាន់ដល់ពេលណា។
ទឹកភ្នែកនៅហូរអាសូរខ្លួន ថ្ងៃណាមាំមួនជាតិខេមរា
ប្រសិននាំគ្នាចាំវាសនា គេពិតប្រហារបង់មិនខាន៕
No comments:
Post a Comment