By Tararith
ស៊ីក្លូៗ កម្លាំងតាប្ដូរ ដូរយកកម្រៃ
ចិញ្ចឹមជីវិត ឆ្ងាយជិតរាល់ថ្ងៃ តាខំកែច្នៃ
តាមអាជីវោ។
ធាក់អស់កម្លាំង ប្រជែងប្រណាំង គួរឲ្យអាសូរ
ភ្នំពេញល្អហើយ នៅឡើយញើសហូរ ជោកទាំងស៊ីក្លូ
អាសូរអ្នកជិះ។
តាស៊ីក្លូចាស់ តាប្រឹងខ្លាំងណាស់ កាច់ទប់ជំនិះ
តាពឺតតាប្រឹង សម្លឹងអ្នកជិះ ខ្លួនចាស់យ៉ាងនេះ
ហើយគ្មានរឺត្រែត។
តាស៊ីក្លូតប មាត់តាម្ហបៗ បាយមិនដែលឆ្អែត
រដ្ឋក្ររាស្រ្ដក្រ ត្រដរបណ្ដែត អាយុជាងប៉ែត
ក៏មិនរួញរា។
ស៊ីក្លូជាឆ្នាំង ទោះវស្សាប្រាំង ត្រជាក់រងា
ដឹកម៉ូយប្រុសស្រី ក្មេងចាស់ជរា នាំទាំងអស់គ្នា
វេលាត្រូវការ។
ធ្លាប់ដឹកមន្រ្ដី ដឹកទាំងលោកស្រី អស់លោកឧកញ៉ា
ស៊ីក្លូកម្សត់ ម្ចាស់អត់អាហារ បានត្រឹមយាត្រា
ច្រើនសារទៅមក។
អ្នកមានសព្វថ្ងៃ មានឡានថ្មីថ្លៃ គេមិនដែលរក
ស៊ីក្លូឡើយណា ហ៊ឺហាទៅមក ឡានថ្មីគគោក
ជិះអីស៊ីក្លូ៕
No comments:
Post a Comment