Monday, February 17, 2014

ស្ករល្វីង

By Tararith

ឮសំឡេងខ្មែរយំទ្រហ៊ោរ                        រន្ទឺឮសូរពេញទ្វីបលោក
អស់លោកឧកញ៉ាទន្រ្ទានយក                ដីស្រៃជម្រកយ៉ាងអន្តរាយ។       
ខ្ទមអើយខ្ទមស្បូវត្រូវគេដុត                   ភ្លើងឆេះឲ្យស្លុតរន្ធត់កាយ
ផ្កាភ្លើងរសាត់ពីដែនឆ្ងាយ                      បន្ដអន្តរាយដល់ឫសគល់។
ផ្ទះអើយផ្ទះខ្មែរក្បែរចម្ការ                      អំពៅឧកញ៉ាដុះមកទល់
ស្អេកស្កះជុំជិតមើលមិនយល់                រសផ្អែមងងល់ទល់ទើសភ្នែក។
ស្ករអំពៅល្វីងលេបមិនបាន                   ជញ្ជក់ពីប្រាណដែលព្រាត់បែក
សំឡេងលន់តួផុតជើងមេឃ                  អំពៅនៅជ្រែកមិនមេត្តា។
ទាហានការពារដើមអំពៅ                      សម្លាប់ចាប់ចងអ្នកតវ៉ា
អ្នកផ្សំគំនិតតុលាការ                            ខ្មែរពាន់គ្រួសារអស់ជម្រក៕

No comments:

Post a Comment