By Tararith
ចាកចេញពីស្រុកចូលទីក្រុង អ្នកខ្លះជាប់ផុងដកមិនបាន
ភក់នោះគឺលុយវីឡាឡាន ទ្រព្យទាំងប៉ុន្មានច្រានថយក្រោយ។
ជួនក៏រុញច្រានឲ្យទៅមុខ ភាគច្រើនឲ្យទុក្ខបើបណ្ដោយ
ស្រីស្រាចូលបារអ្នកខ្លះធ្លោយ មិនគ្រប់ជ្រុងជ្រោយតាមប្រាថ្នា។
ភ្លើងភ្លឺភ្នែកឈឺមិនយល់ន័យ ពិរោះតន្រ្ដីភ្លេចសិក្សា
រៀនចប់មិនចង់ទៅធ្វើការ ព្រោះមានស្នេហាបៀតជាប់ក្លៀក។
អនាគតកាលនៅស្រអាប់ ស្ដាប់ដែរតែស្ដាប់នឹងត្រចៀក
ខ្ចិលគិតខ្ចិលគូរសៀមយួនយៀក ដីមួយចម្រៀកបាត់មិនស្ដាយ។
ស្ដាយដែរស្ដាយតែរបស់ទ្រព្យ សង្សារគូគាប់ស្នេហ៍មិនណាយ
រៀនសូត្រប្រាថ្នាត្រឹមសប្បាយ មិនបានគិតឆ្ងាយដល់រយឆ្នាំ។
រៀននៅទីក្រុងប្រុងប្រៀបប្រាណ ចង់ធ្វើមានបានជាប្រចាំ
ប្រាំពីរសណ្ដានក្ររងកម្ម ដេកចាំសំណាងនិស្សិតកូន។
និស្សិតកូនចាយប្រាក់ពោរពាស ម៉ែឪវិនាសស្ទើរសោះសូន្យ
ម៉ែខ្លះលះបង់ធ្លាយទាំងស្បូន បង្កើតចំកូនតិរិច្ឆាន។
មិនស្គាល់ទាស់សោះពូជជាតិឫស រលួយជុំទិសហួសប្រមាណ
ជាបណ្ឌិតពិតមិនក្លាហាន ញ៉បៗស្មានៗបន្លំដេក។
ដូនពេញគំរូល្អអស្ចារ្យ ឈ្មោះក្រុងសាលាគួរឲ្យត្រេក
និស្សិតសព្វថ្ងៃលំបាកភ្នែក ទ្រព្យធនច្រើនពេកខ្វះគំនិត។
បើនាំគ្នាគិតតែបន្ដិច ខាងកើតខាងលិចមិនហ៊ានជិត
សង្ឃឹមអ្នករៀនស្គាល់ការពិត ក្រមានសូមគិតជាតិខ្មែរផង៕
No comments:
Post a Comment