ខ្យល់បក់ពីជើងភ្លើងឆេះរោល ខ្មែរអើយកញ្រ្ជោលចូលភូមិស្រុក
អ្នកដុតប្រមាថឈ្លីក្ដីសុខ ជាគ្រាចាប់ចុកហួសប្រមាណ។
គេដេញគេចាប់គៃបន្លំ ជំលៀសបង្ខំដឹកទាំងឡាន
ទាំងក្មេងទាំងចាស់ទុក្ខជាប់ប្រាណ ក្នុងក្រៅរុញច្រានមិនឲ្យរស់។
ត្រដោកធ្លាប់បញ្ចេញសូរក្ដែង អាទិត្យអស់សែងអន់កេរ្ដិ៍ឈ្មោះ
ប្រជាជនឯងមិនសង្រ្គោះ បង្កជម្លោះឲ្យរកាំ។
ផ្សែងអើយរសាត់ផាត់តាមខ្យល់ គ្មានត្រើយនឹងដល់ដើររយឆ្នាំ
ជាតិសាសន៍ទឹកដីដូនតាដាំ ឥឡូវប្រេះស្រាំផ្សះមិនជិត។
ទារុណដែលធ្លាក់មកពីមេឃ ប្រជាយំយែកពេកបើគិត
ជាសត្វចិញ្ចឹមម្ចាស់អាណិត តែនេះពិតៗម្ចាស់វាយដំ។
ឱម្ចាស់ជាតិខ្មែរមិនថែថួន បន្លំលក់ខ្លួនរាស្រ្តឯងចំ
ជាខ្មែរធ្វើម្ចាស់មិនសាកសម ជម្រុញបង្ខំឲ្យទៅឆ្ងាយ។
កូរ៉េម៉ាឡេសៀមជាដើម ស្ទើរផុតដង្ហើមខ្មែរទាំងឡាយ
ធ្វើជាកម្មករទាំងចិត្តកាយ ជីវិតនឿយនាយឆ្ងាយគ្រួសារ។
ពេលនេះសៀមបរកិនហួសស្មាន ឃើញគ្រប់ដាមដានដិតទុក្ខា
ថ្ងៃរះចន្ទរះទោះពេលណា បួងសួងប្រាថ្នាផុតទុក្ខភ័យ៕
No comments:
Post a Comment