By Tararith
បំប៉ោងគេផ្លុំ ដល់ពេលបានធំ តោងអួតក្អេងក្អាង
ថាខ្លួនពិតខ្លាំង ចែងចាំងគ្រប់យ៉ាង មានខ្យល់សំអាង
សាងបុណ្យយ៉ាងងាយ។
ខ្លួនធំព្រោះខ្យល់ មិនដែលខ្វាយខ្វល់ ដល់ថ្ងៃបែកធ្លាយ
ធាតុដើមតូចស្វិត ជីវិតទន់ជ្រាយ វត្ថុរងរាយ
ងាយតាមគេផ្លុំ។
ប៉េងប៉ោងណែនខ្យល់ ហែលហាលរចល់ មិនអាចក្ដោបរុំ
អ្នកនៅកៀកជិត ជីវិតអ្នកធំ ពេលផ្ទុះពូតផ្ដុំ
គំជាប់បញ្ហា៕
No comments:
Post a Comment