By Tararith
វស្សាភ្លៀងធ្លាក់មកជោកជាំ ទ្រូងចម្បែងគ្រាំព្រោះបាត់ដី
ឆ្នាំមុនក្នុងស្រែស្រូវដុះថ្មី ឆ្នាំនេះគ្មានអ្វីភ្ជួររាស់សោះ។
ស្រែអើយដីស្រែក្បែរព្រំដែន គេវាស់បត់បែនប្ដូរទាំងអស់
ស្រែធ្លាប់ស្ទូងដកច្រូតស្រស់ៗ ស្គាល់គ្មានចន្លោះទួលត្នោតព្រីង។
មានដើមក្រសាំងនិងដើមភ្នៅ គេកាប់ផ្ដួលទៅអស់រលីង
អស់ទាំងដើមស្ដៅរសជាតិល្វីង ដោយម៉ែតជញ្ជីងវាស់វែងខុស។
កំណើតដូនតាភាសាខ្មែរ ស្លាប់កើតហូរហែមកករកុះ
ទៀនធូបបំភ្លឺលាយចន្លុះ ទៅមកឡើងចុះដុះជាខ្មែរ។
បុណ្យទានមានធម៌ពុទ្ធសាសនា សំនួនវោហារសំនៀងដែរ
ខុសពីពូជជនស៊ីសាច់ឆ្កែ ហេតុអ្វីស្រែប្រែមានម្ចាស់ថ្មី។
សំឡេងកង្កែបហ៊ីងរងំ រណ្ដំសូរយំរាល់រាត្រី
ហ៊ីងអើយស្រែប្រែប្ដូរដែនដី ខ្ញុំគ្មានសិទ្ធិអ្វីឆ្លើយវិញឡើយ។
មានតែកូនចិត្តអាណិតនឹក ស្ដាយដីស្ដាយទឹកស្រែនោះហើយ
ព្រំដាំដោតថ្មីជាចម្លើយ គ្មានថ្ងៃវិលឡើយស្រែអភ័ព្វ។
អភ័ព្វទាំងដីនិងទាំងម្ចាស់ ចង់រើបំរះគេគាបជាប់
បានត្រឹមសម្លឹងតាមទម្លាប់ ទៅស្រែជាទ្រព្យគាប់ឱរ៉ា។
រដូវវស្សាខ្លោចផ្សាក្រៃ ឈឺចាប់រាល់ថ្ងៃធ្វើយ៉ាងណា
ស្រស់ៗគេច្បាមដោយចេតនា អនិច្ចារដីស្រែប្រែឈ្មោះថ្មី៕
No comments:
Post a Comment