By Tararith
អាពាលនេះណា ជីវិតថ្លៃថ្លា តែម្ហាកោងកាច
ក្រៅពីម្ចាស់វា ផ្ដន្ទាមិនខ្លាច ព្រើលព្រុះបាចសាច
សំឡេងឆ្លងស្រុក។
ចង្កូមដ៏មុត ឌឺដងសម្លុត ស្រយ៉ុតចាប់ចុក
មាឌមាំធំខ្ពស់ ពេលឈ្លោះសម្រុក បំផ្លាញក្ដីសុខ
គេតាមវាចង់។
ប្រវត្តិអាពាល ពីតូចងងាល មិនស្គាល់ផូរផង់
ក្បែរចិញ្ចើមផ្លូវ ត្រូវម្ចាស់បោះបង់ ដំបៅក្រញ៉ង់
ស្ទើរខ្វង់ខ្វិនប្រាណ។
ពេលមនុស្សដើរកាត់ ប្រឹងរត់លូនស្កាត់ សុំបាយមួយចាន
ជួនគេមិនឲ្យ ធ្លោយស្ទុះទៅច្រាន គេទ្រាំមិនបាន
វាយវាត់ស្ទើរស្លាប់។
អាពាលសព្វថ្ងៃ ជីវិតថ្លាថ្លៃ ថ្វីដៃចំណាប់
រឿងខាំបាញ់បោះ ឈ្នះអស់សូមប្រាប់ ព្រុសដេញចងចាប់
សម្លាប់មិនស្ដាយ។
ចំកំពូលឆ្កែ ខាំអ្នកក្រុងស្រែ ហូរហែអន្តរាយ
បើក្រាញតតាំង រឹតញ៉ាំងកោសកាយ មនុស្សយំប្រញាយ
ដោយដៃអាពាល។
អាពាលឡើងកូដ ដីផ្ទះដកហូត ព្រៃទៅជាវាល
វាតទីឲ្យម្ចាស់ មិនខ្មាស់ដំនៀល បណ្ដាសារាល
ដល់កំពូជវា។
អាពាលខ្លាំងណាស់ ស្មោះបម្រើម្ចាស់ ទោះជាតិផ្សេងគ្នា
ម្ចាស់ស្រែកបង្អៅ សខ្មៅស្ទុះស្ទា ចង្កូមផ្ដន្ទា
ម្ចាស់វាសប្បាយ។
អាពាលសំណព្វ ម្ដងម្កាលម្ចាស់ស្អប់ វាយតប់អត់បាយ
ដឹងខ្លួនខ្លះដែរ ចង់កែចិត្តកាយ តែខ្លាចអន្តរាយ
ឆ្ងាយសុខទ្រនុំ។
ខ្លាចតែម្ចាស់មួយ អ្នកឯទៀតព្រួយ រញ្ជួយទាំងភ្នំ
ពេញមួយនគរ ពុះពរយែកយំ ទាំងតូចទាំងធំ
ក្រោមដៃអាពាល។
អាសូរកំប្រុក រត់ចោលសំបុក ស្រែស្រុកព្រៃវាល
ខ្លះទៅស្រុកក្រៅ ដំបៅរីករាល ចង្កូមអាពាល
ដិតដាមជាប់សាច់៕
No comments:
Post a Comment