By Tararith
ជនជាតិខ្មែរទោះនៅទីណា ដំណែលដូនតាតែងនាំទៅ
មិនដែលទម្លាក់ចោលតាមផ្លូវ លុះលង់ឥឡូវនៅគោរព។
ជាខ្មែរនៅថែនៅរក្សា មរតកថ្លៃថ្លាតែងប្រារព្វ
រម្លឹកគុណបុណ្យធ្វើសព្វគ្រប់ មិនថាថ្ងៃយប់តៗគ្នា។
ឥឡូវចូលឆ្នាំថ្មីមកដល់ បុណ្យទានមគ្គផលមានរៀងរា
ទោះបីឆ្ងាយដែនកម្ពុជា ខ្មែរមានវិហារអារាមវត្ត។
សាងទុកសម្រាប់ជំនាន់ថ្មី ឲ្យដឹងសេចក្ដីយល់ប្រវត្តិ
ទោះបីរសាត់ឆ្ងាយចាកព្រាត់ វត្តដូចជារដ្ឋកំណើតមួយ។
ភាសាធម៌អាថ៌គឺជាគ្រឹះ ជាខ្មែរមានឫសពន្លកត្រួយ
ទោះដុះទីណាខ្មែរតែមួយ សូមជួយបីបាច់ថែរក្សា។
ចូលឆ្នាំថ្មីប្រពៃណីជាតិ រវល់ក៏ឆ្លៀតសែនទេវតា
ឡូវែល[1]មិនខ្វះឡើយវត្តវ៉ា នាំក្រុមគ្រួសារទៅអបអរ។
ខ្មែរអាមេរិកមិនភ្លេចម្ដង បុណ្យទានរាល់ដងធ្វើឈូឆ
ទទួលទេវតាតាំងលម្អ ទំនៀមមានតជំនាន់ថ្មី។
យើងអភិរក្សវប្បធម៌ ឲ្យគង់ជាពណ៌ប្រពៃណី
ខំរៀនភាសាពាក្យសម្ដី អត់ធ្មត់ខន្ដីខ្មែរដូចគ្នា។
បំណងយើងមានរៀនឲ្យចេះ ចេះយកចំណេះទៅគាំពារ
ទឹកដីខេមរាលែងរងា ដែនកម្ពុជានឹងសុខសាន្ដ៕
No comments:
Post a Comment