Friday, November 4, 2016

គឺគេ


By Tararith

គេមេគំនិត                    បំផ្លាញស្រុកពិត          ជាងបីទសវត្ស
ញើសឈាមជាតិខ្មែរ      តែងតែជញ្ជាត់             លេសអភិវឌ្ឍន៍
វាត់យកគ្រប់គ្នា។           
គេធ្វើទាំងអស់               រឹបដីស្រស់ៗ               ថាស្មោះប្រជា
ក្រុមគេរលួយ               លើកស្ទួយគ្នីគ្នា           រុកគួនផ្ដន្ទា
អ្នកហ៊ានប្រឆាំង។
គេមានគ្រប់សព្វ            រួមទាំងសំអប់              ប្រសព្វប្រណាំង
ប្រជែងមានបាន             រំខានតតាំង                 ម៉ាត់ណាក៏ខ្លាំង
ច្បាំងឈ្នះអស់ខ្មែរ។
ធនធានធម្មជាតិ             រឹបយកព្រោងព្រាត      បំផ្លាញហូរហែ
ដីព្រៃនឹងប្រេង               ប្រជែងបូមដែរ            ឯអ្នកអត់ខ្សែរ
រស់តាមតែកម្ម។
កម្មអីក៏ក្រាស់                ក្រីក្រពេកណាស់         ខ្វះរាល់ខែឆ្នាំ
អ្នកចែកអំណោយ         គេឲ្យហើយផ្ដាំ             យកអំណោយចាំ
បោះឆ្នោតឲ្យផង។
អំបិលប៊ីចេង                 ឲ្យបំណងផ្សេង            មានភ្ជាប់ចំណង
គំរាមមុខក្រោយ            ហ៊ានឲ្យស៊ីសង            បែបនេះរាល់ដង
អ្នកផងនៅលង់។                                          
សញ្ញាបត្រច្រើន            ទ្រព្យគេក៏កើន             មាសប្រាក់ទាំងជង់
នៅតែកាប់គាស់            វែងវាស់វាតវង់            ពុំមានអ្វីគង់
លើដែនខ្មែរទេ។                                            
ដើមឈើគេកាប់            មនុស្សគេសម្លាប់         ច្បាប់នៅលើគេ
គេជានរណា                 ខ្លាំងក្លាលើសគេ          ឮតែរាស្រ្តជេរ
ប្រទេចផ្ដាសារ។
គេជាមន្រ្ដី                     បំផ្លាញទឹកដី                ដោយចេតនា
រំលោភបំពាន                គ្មានលោះផ្ដាច់ការ        មិនចូលសាលា
មហាកោងកាច។
គឺគេនេះឯង                   ម្ដងម្កាលសម្ដែង          ចេញឫកកំណាច
បាញ់សម្លាប់ឆៅ            ចិត្តខ្មៅបិសាច             ជាតិឯងមិនខ្លាច
ខ្លាចជាតិដ៏ទៃ៕

No comments:

Post a Comment