Thursday, October 22, 2026

អូននៅតែស្រឡាញ់

 By Tararith

ខ្ញុំឈ្មោះអែន ជាស្រីឡាវរស់នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន ខ្ញុំជាស្ត្រីដែលមានសំណាង ព្រោះខ្ញុំមានរូបសម្រស់ស្រស់ស្អាត មានការងារល្អ មានការសិក្សាខ្ពង់ខ្ពស់ មានផ្ទះផ្ទាល់ខ្លួន និងរថយន្តថ្មីទំនើប សម្រាប់ប្រើប្រាស់ផងដែរ។ ប៉ុន្តែគ្មាននរណាម្នាក់ដឹងឡើយថា នៅក្នុងបេះដូងរបស់ខ្ញុំ មានផ្នែកមួយ ដែលនៅតែមិនអាចបំពេញបាន ទោះបីជាខ្ញុំមានអ្វីៗគ្រប់យ៉ាងក្នុងជីវិតក៏ដោយ នោះគឺសេចក្ដីស្នេហាចំពោះបងកុសល។

ខ្ញុំបានជួបកុសលជាលើកដំបូងនៅរោងចក្រផលិតគ្រឿងពេទ្យ នៅទីក្រុងបេរីកា ក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ពេលនោះ យើងទាំងពីរនាក់ជាកម្មករនៅរោងចក្រតែមួយ។ ខ្ញុំខំធ្វើការដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រនៅពេលយប់ផងដែរ។ ចំណែកកុសល ជាបុរសខ្មែរក្រោមម្នាក់ដែលមានរូបរាងសង្ហា សម្បុរស្រអែម សក់ខ្មៅ ភ្នែកមុត និងរហ័សរហួន  ឯទឹកមុខរបស់គាត់វិញ គឺជាអ្នកដែលមានការគិតគូរពិចារណាវែងឆ្ងាយ។

គាត់មិនមែនជាមនុស្សដែលចូលចិត្តនិយាយច្រើនទេ។ គាត់មកធ្វើការទាន់ពេល បំពេញការងាររបស់គាត់យ៉ាងម៉ត់ចត់ ហើយតែងតែជួយមិត្តរួមការងារដោយមិនរង់ចាំឱ្យគេសុំឡើយ។ នៅពេលអ្នកណាម្នាក់មានបញ្ហា គាត់តែងតែជួយជាលុយកាក់តាមលទ្ធភាព ទោះបីជាខ្លួនគាត់ផ្ទាល់មិនទទួលបានប្រាក់ម៉ោងច្រើនក៏ដោយ។ អ្នកនៅក្នុងក្រុមរបស់ខ្ញុំ មិនមាននរណាម្នាក់និយាយមិនល្អពីគាត់ឡើយ មានតែគេសរសើរ អាណិត ស្រឡាញ់គាត់គ្រប់ៗគ្នា។

ខ្ញុំបានចាប់អារម្មណ៍នឹងគាត់តាំងពីពេលនោះមក។ ការចាប់អារម្មណ៍ចំពោះកុសល មិនមែនដោយសារគាត់មានរថយន្តថ្លៃជិះ មានទូរស័ព្ទល្អប្រើ ឬពាក់នាឡិកាម៉ាកល្បីនោះទេ។ តាមពិតទៅ កុសលមិនដែលអួតអាងអំពីអ្វីដែលគាត់មានឡើយ។ គាត់មិនដែលនិយាយពីលុយ មិនដែលនិយាយពីស្រាថ្លៃ មិននិយាយអំពីស្ត្រីដែលគាត់ធ្លាប់ស្គាល់ ហើយក៏មិនដែលយកទ្រព្យសម្បត្តិរបស់អ្នកដទៃមកប្រៀបធៀបនឹងខ្លួនឯងដែរ ផ្ទុយទៅវិញ បុរសជាច្រើនដែលតាមចែចង់ខ្ញុំតែងតែចូលចិត្តបង្ហាញពីអ្វីៗដែលពួកគេមាន។ បូយចូលចិត្តអួតអំពីរថយន្តថ្មីរបស់គេ។ ឡានចូលចិត្តនិយាយអំពីទូរស័ព្ទស៊េរីថ្មីដែលគេទើបតែទិញ។ ចំណែកមុយវិញ តែងតែអញ្ជើញខ្ញុំទៅភោជនីយដ្ឋានថ្លៃៗ ហើយប្រាប់ខ្ញុំថា គេអាចផ្តល់ជីវិតដ៏ប្រណីតឱ្យខ្ញុំបាន។

ពួកគេសុំខ្ញុំរៀបការម្តងហើយម្តងទៀត ប៉ុន្តែខ្ញុំមិនដែលមានចិត្តលើពួកគេ ឬឆ្លើយយល់ព្រមចំពោះនរណាម្នាក់ឡើយ មូលហេតុគឺខ្ញុំបានយកចិត្តទុកដាក់លើបុរសម្នាក់ ដែលមិនដែលព្យាយាមធ្វើឱ្យខ្ញុំចាប់អារម្មណ៍សោះ ប៉ុន្តែបែរជាធ្វើឱ្យបេះដូងខ្ញុំរំភើបរាល់ពេលដែលបានឃើញគាត់ រាល់ពេលដែលគេនិយាយពីគាត់ ឬគេចំអែចំអន់ខ្ញុំនឹងគាត់។ បុរសនោះគឺកុសល។

ថ្ងៃមួយ ខ្ញុំបានទិញកាហ្វេមួយកែវ និងនំមួយដុំយកទៅឱ្យគាត់។

“កុសល! ខ្ញុំទិញកាហ្វេមកឱ្យ។ ផឹកបន្តិចទៅ ហើយកុំប្រឹងធ្វើការពេក។”

គាត់ងាកមកមើលខ្ញុំ ហើយញញឹមតិចៗ។

“អរគុណអែន ប៉ុន្តែអ្នកទុកញ៉ាំខ្លួនឯងទៅ។ ខ្ញុំមានកាហ្វេហើយ។”

ខ្ញុំមើលទៅលើតុរបស់គាត់។ គ្មានកាហ្វេណាមួយនៅទីនោះទេ។

ខ្ញុំដឹងថា គាត់កំពុងរកហេតុផលដើម្បីបដិសេធអំណោយរបស់ខ្ញុំ។

ខ្ញុំមានអារម្មណ៍អន់ចិត្តបន្តិច ប៉ុន្តែខ្ញុំមិនបោះបង់ឡើយ។

“បើមិនចង់ផឹកកាហ្វេ យកនំនេះទៅ។ ខ្ញុំទិញមកឱ្យដោយមិនបាច់សងលុយខ្ញុំទេ។”

គាត់ស្ងៀមមួយសន្ទុះ មុននឹងឆ្លើយថា៖

“អែន ខ្ញុំអរគុណ តែខ្ញុំមិនចង់ឱ្យអែនចំណាយមកលើខ្ញុំទេ។ អ្នកក៏ត្រូវប្រឹងប្រែងដើម្បីអនាគតរបស់អ្នកដែរ។”

ពាក្យសាមញ្ញទាំងនោះធ្វើឱ្យខ្ញុំគិតមិនឈប់។

បុរសផ្សេងៗតែងតែចង់ទទួលអំណោយពីខ្ញុំ ប៉ុន្តែកុសលបែរជាបដិសេធដោយមិនចង់ឱ្យខ្ញុំចំណាយលើគាត់ទៅវិញ។ ចាប់ពីថ្ងៃនោះមក ខ្ញុំចាប់ផ្តើមចង់ដឹងថា តើបុរសម្នាក់នេះមានអ្វីលាក់នៅក្នុងចិត្ត ទើបធ្វើឱ្យគាត់ខុសពីបុរសទាំងអស់ដែលខ្ញុំធ្លាប់ស្គាល់។

ខ្ញុំមិនទាន់ដឹងទេថា ចម្លើយដែលខ្ញុំនឹងទទួលបាននៅពេលក្រោយ នឹងក្លាយជាហេតុផលដែលធ្វើឱ្យខ្ញុំស្រឡាញ់គាត់អស់មួយជីវិត ហើយក៏ជាហេតុផលដែលធ្វើឱ្យខ្ញុំត្រូវបាត់បង់គាត់ជារៀងរហូតផងដែរ។

ខ្ញុំបានចាប់ផ្តើមសង្កេតកុសលកាន់តែច្រើន។

រាល់ពេលសម្រាកពីការងារ ខ្ញុំតែងតែឃើញគាត់អង្គុយម្នាក់ឯងនៅកន្លែងស្ងប់ស្ងាត់ ដោយមានសៀវភៅភាសាខ្មែរមួយក្បាល ឬឯកសារខ្លះៗនៅក្នុងដៃ។ ពេលខ្លះ គាត់អានអ្វីមួយហើយកត់ត្រាទុកក្នុងសៀវភៅតូចមួយ។ ពេលខ្លះទៀត គាត់និយាយទូរស័ព្ទជាភាសាខ្មែរដោយសំឡេងតិចៗ។

ខ្ញុំមិនសូវយល់ភាសាខ្មែរទេ ប៉ុន្តែខ្ញុំចាប់អារម្មណ៍ថា រាល់ពេលគាត់និយាយអំពីស្រុកកំណើត ទឹកមុខរបស់គាត់តែងតែផ្លាស់ប្តូរ។ ភ្នែកគាត់ឡើងក្រហមនៅពេលនិយាយពីវត្តអារាម ពីភូមិដ្ឋាន ពីកុមារដែលត្រូវការរៀនភាសាខ្មែរ និងពីប្រជាជនខ្មែរក្រោមដែលត្រូវយួនចាប់ ឬសម្លាប់។

ថ្ងៃមួយ ខ្ញុំសម្រេចចិត្តសួរគាត់ដោយផ្ទាល់។

“កុសល តើបងតែងតែនិយាយអំពីកម្ពុជាក្រោមឬ? តើទីនោះមានអ្វីពិសេសខ្លះ?»

គាត់ឈប់សរសេរ ហើយមើលមកខ្ញុំ។

“ទីនោះជាទឹកដីកំណើតរបស់ខ្ញុំណាអែន។ ទីនោះមានភាសារបស់ខ្ញុំ មានវប្បធម៌របស់ខ្ញុំ មានប្រវត្តិសាស្ត្ររបស់បុព្វបុរសខ្ញុំ។ ទោះបីខ្ញុំរស់នៅអាមេរិកសំបូរអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏ខ្ញុំមិនអាចបំភ្លេចកន្លែង ដែលផ្ដល់កំណើតអោយខ្ញុំបានដែរ។”

ខ្ញុំសួរបន្ត៖

ហេតុអី?

ព្រោះបងប្អូនខ្មែររស់នៅទីនោះវេទនាណាស់។ វេទនាដោយសារតែយួនបំបិទសិទ្ធិសេរីភាពពួកយើង។ យើងមិនអាចរស់នៅលើទឹកដីដូនតាយើងបានដោយសុខស្រួល នេះជាមូលហេតុចម្បង។

“តែបងរស់នៅអាមេរិកហើយ។ បងអាចធ្វើការរកលុយ ទិញផ្ទះ ទិញឡាន ហើយបង្កើតគ្រួសារដ៏មានសុភមង្គលបាន។ ហេតុអ្វីអ្នកត្រូវខ្វល់ខ្វាយពីដែនដីកម្ពុជាក្រោមខ្លាំងដល់ថ្នាក់នេះ?»

កុសលញញឹមតិចៗ ប៉ុន្តែភ្នែករបស់គាត់ហាក់ដូចជាពោរពេញដោយការឈឺចាប់។

“ព្រោះការរស់នៅរបស់ខ្ញុំមិនមែនមានន័យត្រឹមតែដើម្បីរកសុភមង្គលឱ្យខ្លួនឯងទេណាអែន។ បើកូនចៅខ្មែរក្រោមមិនអាចរៀនភាសារបស់ខ្លួនបាន បើពួកគេមិនអាចថែរក្សាវប្បធម៌របស់ខ្លួនបាន ហើយបើគ្មានអ្នកណាជួយរក្សាអ្វីដែលបុព្វបុរសបានបន្សល់ទុក តើថ្ងៃក្រោយពួកគេនឹងមាននៅសល់អ្វីទៀត? គឺខ្មែរក្រោមពិតជាអស់ព្រលឹងជាខ្មែរហើយ។»

ខ្ញុំស្ងៀមស្តាប់។

គាត់បន្តថា៖

“ខ្ញុំមិនមែនជាអ្នកមានអំណាចទេ។ ខ្ញុំគ្រាន់តែជាកម្មករម្នាក់។ ប៉ុន្តែខ្ញុំអាចជួយទិញសៀវភៅឱ្យក្មេងៗ អាចជួយគ្រូបង្រៀនភាសាខ្មែរ អាចចូលរួមកិច្ចប្រជុំសមាគមខ្មែរក្រោម និងអាចចូលរួមជួយកសាងវត្តអារាមតាមលទ្ធភាព។ ប្រសិនបើមនុស្សម្នាក់ៗគិតថាខ្លួនតូចពេកមិនអាចធ្វើអ្វីបានទេ នោះគ្មាននរណាធ្វើអ្វីសោះឡើយ ការមិនធ្វើអ្វីសោះ មានន័យថា ខ្មែរក្រោមជំនាន់ខ្ញុំ មិនបានសងគុណជាតិទឹកដី បណ្ដោយអោយយួនកំទេចវប្បធម៌ជាតិសាសន៍តាមចិត្ត បើដូច្នេះ មិនយូរទេ ឈ្មោះជាខ្មែរក្រោមនឹងរលាយបាត់មិនខាន។”

ស្ដាប់កុសលនិយាយពីជាតិរបស់គាត់ ខ្ញុំមានអារម្មណ៍ថា បុរសដែលខ្ញុំបានស្គាល់ម្នាក់នេះ មិនមែនជាមនុស្សធម្មតាដូចដែលខ្ញុំធ្លាប់គិតនោះទេ។ គាត់មិនមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែគាត់មានអ្វីមួយដែលមនុស្សជាច្រើនមិនមាន គឺមនសិការចំពោះជាតិ និងមាតុភូមិ។ ផ្ទុយទៅវិញខ្ញុំបានស្គាល់បុរសឡាវជាច្រើននាក់ដែលតាមចែចង់ខ្ញុំ។ ពួកគេចេះនិយាយពីសេចក្តីស្រឡាញ់ចំពោះខ្ញុំ តែខ្ញុំមិនដែលឮពួកគេនិយាយអំពីប្រទេសឡាវឡើយ។ ខ្ញុំមិនមែនចង់ឱ្យពួកគេដូចកុសលគ្រប់យ៉ាងនោះទេ ប៉ុន្តែខ្ញុំចង់ឃើញពួកគេចងចាំឫសគល់របស់ខ្លួន ដូចដែលកុសលបានចងចាំឫសគល់របស់គាត់ដែរ។

ថ្ងៃនោះ ខ្ញុំបានយល់កាន់តែច្បាស់ថា មូលហេតុដែលខ្ញុំស្រឡាញ់កុសល មិនមែនដោយសារតែរូបរាងសង្ហារបស់គាត់ទេ។ ខ្ញុំស្រឡាញ់គាត់ ព្រោះខ្ញុំគោរពទឹកចិត្ត និងបេះដូងគាត់ ដែលមានចំពោះសាវតាជាំខ្មែរក្រោមរបស់គាត់។ បេះដូងដែលមិនបានគិតតែពីខ្លួនឯង តែគិតតែពីអ្នកដទៃ និងសម្រាប់មាតុភូមិដែលនៅឆ្ងាយ តើមានបុរសប៉ុន្មាននាក់ដែលមានឆន្ទៈបែបនេះ។

ក្រោយមក ខ្ញុំបានដឹងថា កុសលធ្លាប់បួសជាព្រះសង្ឃនៅស្រុកកំណើតរបស់គាត់។

ពេលនៅជាព្រះសង្ឃ គាត់បានជួយបង្រៀនភាសាខ្មែរដល់កុមារខ្មែរក្រោមនៅក្នុងវត្ត។ គាត់ចង់ឱ្យក្មេងៗចេះអាន ចេះសរសេរ និងចេះដឹងពីប្រវត្តិសាស្ត្ររបស់ជាតិខ្លួន។ គាត់ជឿថា ភាសាជាមរតកអត្តសញ្ញាណជាតិមួយដ៏សំខាន់ ដែលមនុស្សជំនាន់ក្រោយត្រូវតែរៀនបន្ត ព្រោះភាសាជាគ្រឹះនៃអារ្យធម៌ ដែលជាតិសាសន៍មួយបានកសាងមក ហើយនឹងមិនត្រូវអោយបាត់បង់ឡើយ។ តែការបង្រៀនរបស់គាត់មិនតែងតែមានភាពងាយស្រួលទេ។

គាត់ធ្លាប់ប្រាប់ខ្ញុំថា នៅពេលគាត់បង្រៀនក្មេងៗ មានពេលខ្លះអាជ្ញាធរយួនមកសួរនាំ និងដាក់សម្ពាធលើសកម្មភាពរបស់គាត់។ គាត់ក៏បានចូលរួមតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិរបស់ព្រះសង្ឃ និងសហគមន៍ខ្មែរក្រោមផងដែរ ដែលការទាមទារសិទ្ធិទាំងនេះបានធ្វើឱ្យគាត់ប្រឈមនឹងការគំរាមកំហែង និងការបៀតបៀនដល់អាយុជីវិត។

ថ្ងៃមួយ គាត់ប្រាប់ខ្ញុំថា គាត់ត្រូវបានយួនចាប់ខ្លួន ផ្សឹក និងបញ្ជូនទៅពន្ធនាគារ។

ពេលខ្ញុំបានឮរឿងនេះ ខ្ញុំកាន់តែអាណិតគាត់ ដែលមានជីវិតឆ្លងកាត់ការលំបាករាប់ជំពូក។

“កុសល! បងបានឆ្លងកាត់រឿងទាំងនេះ និងអាចរស់បានដោយរបៀបណា?»

គាត់ងើបមុខយឺតៗមើលមកខ្ញុំ។

“អែន។ វាជារឿងដែលខ្ញុំបានឆ្លងកាត់ និងមិនអាចបំភ្លេចបានឡើយ។ នៅក្នុងគុកយួនវាយបង្ខំ ធ្វើទារុណកម្ម ខ្ញុំសន្លប់ វិះនឹងស្លាប់ម្ដងៗ តែនេះប្រហែលនៅសល់ព្រេងសំណាងត្រូវមកជួបនឹងអែន ទើបខ្ញុំមិនស្លាប់។”

ខ្ញុំលួចញញឹមក្នុងចិត្ត ហើយសួរគាត់បន្ថែម។

“តើបងមិនខ្លាចទេឬ?»

គាត់ស្ងៀមមួយសន្ទុះ មុននឹងឆ្លើយថា៖

“ខ្ញុំខ្លាច។ ខ្ញុំជាមនុស្សធម្មតា មានការឈឺចាប់ មានការភ័យខ្លាច ហើយក៏ចង់រស់នៅដូចមនុស្សទូទៅដែរ។ ប៉ុន្តែអ្វីដែលខ្ញុំខ្លាចជាងការជាប់ពន្ធនាគារ ខ្លាចជាងការធ្វើទារុណកម្ម គឺខ្លាចនៅថ្ងៃណាមួយកូនចៅខ្មែរក្រោម មិនអាចនិយាយភាសាខ្មែររបស់ខ្លួនបាន។”

គាត់និយាយដោយសំឡេងអួលអាក់។ ខ្ញុំអាចមើលឃើញការឈឺចាប់នៅក្នុងកែវភ្នែករបស់គាត់។

“ខ្ញុំមិនចង់ឱ្យនរណាម្នាក់រងទុក្ខដោយសារតែខ្ញុំទេ។ ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សគ្រប់គ្នាមានសិទ្ធិរៀនភាសារបស់ខ្លួន គោរពសាសនារបស់ខ្លួន និងរក្សាវប្បធម៌របស់ខ្លួន ដោយមិនត្រូវភ័យខ្លាចតែប៉ុណ្ណោះ។”

ខ្ញុំមិនដឹងថាត្រូវឆ្លើយយ៉ាងណាទេ។ ខ្ញុំគ្រាន់តែអង្គុយក្បែរគាត់ ហើយស្តាប់ការរៀបរាប់ដ៏ឈឺចាប់មួយនេះ។

ក្រោយពីចេញពីពន្ធនាគារ កុសលបានស្វែងរកទីសុវត្ថិភាព ហើយនៅទីបំផុតបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ គាត់គិតថា ទីនេះអាចផ្តល់ឱកាសឱ្យគាត់រស់នៅដោយសុវត្ថិភាព និងបន្តការងារសហគមន៍របស់គាត់បានដោយមិនមានការភ័យខ្លាច។

ទោះបីជាគាត់បានឆ្លងកាត់ព្រំដែន និងមហាសមុទ្រយ៉ាងឆ្ងាយមកនៅទីនេះក៏ដោយ ក៏ចិត្តរបស់គាត់មិនដែលឃ្លាតឆ្ងាយពីដែនដីកម្ពុជាក្រោមម្ដងណាឡើយ។

ពេលមានដំណឹងអំពីព្រះសង្ឃ ឬសកម្មជនខ្មែរក្រោមត្រូវបានចាប់ខ្លួន ឬទទួលរងការបៀតបៀន កុសលតែងតែមានទឹកមុខស្រងូតស្រងាត់។ គាត់តាមដានព័ត៌មាន សរសេរលិខិតអំពាវនាវ សហការជាមួយសមាគមខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម ជាមួយកាសែតនគរវត្ត និងចូលរួមសកម្មភាពនានា ដើម្បីអំពាវនាវឱ្យមានការគោរពសិទ្ធិមនុស្ស ក៏ដូចសិទ្ធិខ្មែរក្រោមដែរ។

មានយប់មួយ ខ្ញុំបានឃើញគាត់អង្គុយម្នាក់ឯងនៅក្នុងបន្ទប់។ នៅមុខគាត់មានទូរស័ព្ទបើកព័ត៌មាន និងរូបថតព្រះសង្ឃមួយអង្គ។ ខ្ញុំដើរចូលទៅជិត។

“កុសល មានរឿងអ្វីទៀតហើយ?»

គាត់មិនឆ្លើយភ្លាមទេ។ គាត់គ្រាន់តែបិទភ្នែក ហើយជូតទឹកភ្នែកដែលហូរចុះមកតាមថ្ពាល់តិចៗ។ ខ្ញុំមិនដែលឃើញបុរសម្នាក់យំដោយសាររឿងដែលកើតឡើងចំពោះអ្នកដទៃបែបនេះទេ។

“ខ្ញុំមិនអាចធ្វើអ្វីបានច្រើនទេអែន» គាត់និយាយទាំងសំឡេងអួលអាក់។ “ខ្ញុំអាចជួយជាលុយកាក់បានតិចតួច ហើយខ្ញុំមិនអាចទៅដល់ទីនោះដើម្បីជួយពួកគេបានទាំងស្រុងឡើយ។”

ខ្ញុំដាក់ដៃលើស្មាជាការលួងលោមគាត់។

“បងបានធ្វើអ្វីៗច្រើនហើយកុសល។ សូមកុំបន្ទោសខ្លួនឯងអី។”

គាត់ងើយមុខមើលខ្ញុំ។

“តែខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនទាន់បានធ្វើគ្រប់គ្រាន់ទេ។”

នៅពេលនោះ ខ្ញុំបានយល់ថា សេចក្តីស្រឡាញ់របស់កុសលចំពោះជាតិមាតុភូមិ មិនមែនជាពាក្យសម្តីសម្រាប់និយាយអួតអាងនោះទេ។ វាជាអារម្មណ៍ដែលរស់នៅក្នុងគ្រប់ដង្ហើមរបស់គាត់រហូតមក។

ខ្ញុំបានសម្រេចចិត្តប្រាប់កុសលពីអារម្មណ៍របស់ខ្ញុំ។

ថ្ងៃនោះជាថ្ងៃសៅរ៍។ យើងទាំងពីរនាក់បានឈប់សម្រាកពីការងារ។ ខ្ញុំបានបបួលគាត់ទៅដើរលេងនៅមាត់សមុទ្រ។ នៅមាត់សមុទ្រនៃទីក្រុងបុស្តុន ខ្ញុំចំណាយពេលជាច្រើនម៉ោងដើម្បីរៀបចំពាក្យសម្តីដែលចង់និយាយ ប៉ុន្តែពេលឃើញមុខគាត់ ខ្ញុំបែរជាមិនដឹងថាត្រូវចាប់ផ្តើមពីណា។

“កុសល ខ្ញុំចង់និយាយរឿងមួយជាមួយបង។”

“មានរឿងអ្វីអែន?»

ខ្ញុំដកដង្ហើមវែងៗ រួចនិយាយចេញពីចិត្ត។

“អឺ! អូនស្រឡាញ់បង។”

គាត់ស្ងៀម...

ខ្ញុំបន្តទៀត៖

“ខ្ញុំមិនដឹងថាបងមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំទេ។ ខ្ញុំដឹងថាបងមិនដូចបុរសដទៃ ហើយខ្ញុំក៏មិនចង់ឱ្យបងក្លាយជាមនុស្សដូចពួកគេដែរ។ ខ្ញុំស្រឡាញ់បង ខ្ញុំគោរពបង និងគោរពនូវអ្វីដែលបងកំពុងតែធ្វើចំពោះជាតិមាតុភូមិរបស់បង។”

កុសលឱនមុខ។ គាត់មិនបាននិយាយអ្វីមួយសន្ទុះធំ។

ទីបំផុត គាត់និយាយថា៖

“អែន អូនល្អណាស់ តែខ្ញុំមិនចង់ឱ្យអូនមានការឈឺចាប់ដោយសារបងទេ។”

ពាក្យទាំងនោះធ្វើឱ្យបេះដូងខ្ញុំរញ្ជួយ...

“ហេតុអ្វីបានជាបងនិយាយដូច្នេះ? តើបងមិនស្រឡាញ់ខ្ញុំទេ?»

គាត់មើលមកខ្ញុំដោយភ្នែកសោកសៅ។

“បងស្រឡាញ់អូនណាស់ អែន។”

ពាក្យនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា សមុទ្រទាំងមូលកំពុងមានរលកបោកនាំមកនូវសេចក្ដីរីករាយ តែសេចក្តីរីករាយរបស់ខ្ញុំមិនបាននៅស្ថិតស្ថេរឡើយ។

កុសលនិយាយបន្តថា៖

“តែបងមិនអាចសន្យាថា នឹងផ្តល់នូវជីវិតរីករាយអោយអូន អោយសមនឹងអូនបានទទួលតាមបំណងទេ។”

“ហេតុអ្វី? យើងអាចធ្វើការជាមួយគ្នា អាចសន្សំលុយជាមួយគ្នា អាចទិញផ្ទះ ហើយរស់នៅជាមួយគ្នាបាន។ អូនមិនត្រូវការឱ្យបងក្លាយជាអ្នកមានទេ។”

កុសលគ្រវីក្បាល។

“បញ្ហាមិនមែនលុយទេអែន។ បញ្ហាគឺពេលវេលា និងជីវិតរបស់បង។ បងមានការងារជាច្រើនដែលត្រូវបន្តធ្វើសម្រាប់សហគមន៍ខ្មែរក្រោម។ បងត្រូវជួយទៅសាលាបង្រៀនភាសាខ្មែរ ត្រូវចូលរួមសមាគម ត្រូវជួយវត្តអារាម និងត្រូវតាមដានស្ថានការណ៍នៅមាតុភូមិ។ ពេលខ្លះ បងត្រូវចំណាយប្រាក់សន្សំទាំងអស់ដែលបងមាន ដើម្បីជាតិរបស់បង។”

ខ្ញុំឆ្លើយទាំងទឹកភ្នែក៖

“អូនអាចជួយបងបាន។ អូនអាចចូលរួមជាមួយបងបាន។ ហេតុអ្វីបងមិនអនុញ្ញាតឱ្យអូនរួមដំណើរជាមួយបង?»

គាត់ស្ងៀមមួយស្របក់ មុននឹងឆ្លើយ៖

“ព្រោះបងខ្លាចថាថ្ងៃណាមួយ អូននឹងសោកស្តាយដែលបានជ្រើសរើសបង។”

ខ្ញុំចាប់ដៃគាត់យ៉ាងតឹង។

“អូនសោកស្តាយតែម្យ៉ាងគត់ គឺការមិនបានស្រឡាញ់បងឱ្យបានលឿនជាងនេះ។”

កុសលបិទភ្នែក។ ខ្ញុំឃើញទឹកភ្នែកមួយតំណក់ហូរកាត់លើថ្ពាល់របស់គាត់។

គាត់ក៏ស្រឡាញ់ខ្ញុំដែរ។ ខ្ញុំដឹងច្បាស់។

ប៉ុន្តែបុរសដែលខ្ញុំស្រឡាញ់មិនបានរស់នៅដើម្បីបេះដូងរបស់ខ្លួនឯងទេ។ គាត់មានមាតុភូមិដ៏កម្សត់នៅក្នុងចិត្ត ហើយខ្ញុំមិនដឹងថា តើសេចក្តីស្រឡាញ់របស់ខ្ញុំអាចមានទំហំធំល្មមដើម្បីចែករំលែកកន្លែងនោះជាមួយមាតុភូមិរបស់គាត់បានឬអត់ទេ។

ខ្ញុំមិនបានបោះបង់កុសលឡើយ។

ទោះបីជាគាត់មិនព្រមទទួលយកសេចក្តីស្រឡាញ់របស់ខ្ញុំដោយពេញលេញក៏ដោយ ខ្ញុំនៅតែព្យាយាមនៅក្បែរគាត់។ ខ្ញុំទិញបាយឱ្យគាត់ពេលគាត់ធ្វើការថែមម៉ោងរហូតយប់ជ្រៅ។ ខ្ញុំទិញកាហ្វេឱ្យគាត់ពេលអាកាសធាតុត្រជាក់។ ខ្ញុំសួរពីសុខទុក្ខរបស់គាត់ ហើយពេលខ្លះក៏ផ្ញើសារទៅគាត់ ថានឹកគាត់នៅពេលយប់ដែរ។

កុសលមិនដែលបង្ហាញការមិនពេញចិត្តចំពោះខ្ញុំទេ ប៉ុន្តែគាត់តែងតែប្រយ័ត្នប្រយែង ដោយឱ្យខ្ញុំយល់ថា គាត់បានទទួលយកសេចក្តីស្រឡាញ់របស់ខ្ញុំហើយ។

ពេលខ្លះ គាត់និយាយថា៖

“អែន សូមផ្តោតលើការសិក្សារបស់អូនអោយបានច្រើន។ អូននៅមានអនាគតដ៏ល្អនៅខាងមុខ។”

ខ្ញុំតែងតែឆ្លើយថា៖

“អនាគតរបស់អូនមិនអាចសម្រេចបានទេ បើគ្មានបង។”

គាត់មិនឆ្លើយតបសោះ។

ខ្ញុំបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រនៅពេលយប់ ដោយធ្វើការនៅរោងចក្រនៅពេលថ្ងៃ។ ជីវិតរបស់ខ្ញុំហត់នឿយខ្លាំង ប៉ុន្តែខ្ញុំមិនដែលចង់បោះបង់ឡើយ។ ខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិត ព្រោះខ្ញុំចង់ជួយអ្នកជំងឺ ជាពិសេសកុមារដែលមិនទាន់ចេះការពារខ្លួនឯងបាន។

ខ្ញុំក៏ចង់ឱ្យកុសលមានមោទនភាពចំពោះខ្ញុំផងដែរ។ ពេលខ្ញុំរៀនចប់ ខ្ញុំបានប្រាប់គាត់ដោយក្តីរំភើប។

“កុសល! អូនប្រឡងជាប់ហើយ។”

គាត់ញញឹមយ៉ាងស្រស់ស្រាយអបអរខ្ញុំ។

“អបអរសាទរអែន! បងដឹងថាអូនអាចធ្វើបាន។”

ខ្ញុំមើលទៅគាត់ ហើយនិយាយថា៖

“ថ្ងៃដែលខ្ញុំក្លាយជាវេជ្ជបណ្ឌិត បងនឹងនៅក្បែរអូនទេ?»

ស្នាមញញឹមរបស់គាត់រលាយបាត់បន្តិចម្តងៗ។

“បងសង្ឃឹមថា អូននឹងក្លាយជាវេជ្ជបណ្ឌិតដ៏ល្អម្នាក់។”

“អូនមិនបានសួរអំពីរឿងនោះទេ។ អូនសួរថា តើបងនឹងនៅក្បែរខ្ញុំទេ?»

គាត់សម្លឹងមើលទៅឆ្ងាយ។

“អែន បងមិនអាចសន្យាបានទេ។”

ពាក្យនេះដូចជាកាំបិតមួយចាក់ចូលក្នុងបេះដូងខ្ញុំ។

ខ្ញុំបានងាកចេញ ដើម្បីលាក់មុខដ៏ក្រញ៉ូវ ខឹងនឹងគាត់រហូតហូរទឹកភ្នែក។ ខ្ញុំមិនយល់ទេ។ បើគាត់ស្រឡាញ់ខ្ញុំ ហេតុអ្វីគាត់មិនព្រមរស់នៅជាមួយខ្ញុំ? តើការជួយមាតុភូមិត្រូវការឱ្យគាត់លះបង់សេចក្តីស្នេហាទាំងស្រុងឬ? តើមនុស្សម្នាក់មិនអាចមានគ្រួសារ មានតែមនសិការចំពោះជាតិរបស់ខ្លួនឬ?

ខ្ញុំបានសួរខ្លួនឯងសំណួរទាំងនេះរាប់រយដង ប៉ុន្តែមិនដែលរកឃើញចម្លើយដែលធ្វើឱ្យខ្ញុំស្ងប់ចិត្តឡើយ។

ថ្ងៃមួយ ខ្ញុំបានជួបបូយ ឡាន និងមុយន។ ពួកគេនៅតែព្យាយាមបញ្ចុះបញ្ចូលខ្ញុំឱ្យជ្រើសរើសម្នាក់ក្នុងចំណោមពួកគេ។

បូយនិយាយថា៖

“អែន បើអូនព្រមរៀបការជាមួយបង អូននឹងមិនចាំបាច់ព្រួយបារម្ភអំពីអនាគតទេ។ បងមានផ្ទះ មានឡាន ហើយ ការងារបងក៏ល្អ បងជិតបានឡើងតំណែងជាប្រធានផ្នែកហើយ។”

ខ្ញុំញញឹមស្រាលៗ។

“អរគុណ បូយ។ តែខ្ញុំមិនអាចរៀបការជាមួយបងបានទេ។”

ឯឡានវិញសួរខ្ញុំថា៖

“តើអូននៅតែរង់ចាំកុសលមែនទេ? វាមិនដែលអោយអ្វីដល់អូនសោះ។”

ខ្ញុំមើលទៅគាត់ ហើយឆ្លើយថា៖

“ឯងប្រហែលមិនយល់ទេថា មនុស្សម្នាក់អាចមានតម្លៃចំពោះយើងដោយមិនចាំបាច់មានទ្រព្យសម្បត្តិអ្វីច្រើន។ ខ្ញុំមិនស្រឡាញ់កុសលដោយសារអ្វីដែលគាត់អាចផ្តល់ឱ្យខ្ញុំទេ។ ខ្ញុំស្រឡាញ់គាត់ដោយសារអ្វីដែលគាត់ជឿ និងអ្វីដែលគាត់ព្យាយាមធ្វើ។”

មុយគ្រវីក្បាល។

“តែគាត់មិនបានជ្រើសរើសអូនឯណា។”

ខ្ញុំស្ងៀម។

ពាក្យនោះឈឺចាប់ណាស់ ព្រោះវាជាការពិតមួយដែលខ្ញុំមិនចង់ទទួលស្គាល់។

កុសលស្រឡាញ់ខ្ញុំ ប៉ុន្តែគាត់មិនបានជ្រើសរើសរស់នៅជាមួយខ្ញុំឡើយ។

ហើយខ្ញុំមិនអាចបង្ខំឱ្យបុរសដែលខ្ញុំស្រឡាញ់បំផុតក្នុងជីវិត ផ្លាស់ប្តូរជំនឿ និងការសម្រេចចិត្តរបស់គាត់បានទេ។

ខែឆ្នាំចេះតែកន្លងផុតទៅ។ ខ្ញុំបានបន្តការសិក្សា ហើយកុសលក៏បន្តការងារសម្រាប់សហគមន៍ខ្មែរក្រោម។

គាត់ចូលរួមប្រជុំសមាគមខ្មែរក្រោមនៅអាមេរិកមិនដែលខានសោះឡើយ។ គាត់ជួយរៃអង្គាសប្រាក់សម្រាប់ជួយទ្រទ្រង់វត្តអារាម ជួយផ្គត់ផ្គង់សម្ភារៈសិក្សាដល់សាលាភាសាខ្មែរនៅកម្ពុជាក្រោម និងធ្វើការងារថែមម៉ោងដើម្បីរកកម្រៃបន្ថែម ។ ពេលខ្ញុំសួរគាត់ថា ហេតុអ្វីគាត់ត្រូវធ្វើការច្រើនយ៉ាងនេះ គាត់តែងតែឆ្លើយថា៖

“ខ្ញុំមិនអាចជួយមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែខ្ញុំអាចធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។”

ខ្ញុំចាប់ផ្តើមយល់កាន់តែច្បាស់ថា ការស្រឡាញ់របស់កុសលចំពោះមាតុភូមិមិនមែនជាអារម្មណ៍ដែលកើតឡើងតែពេលគាត់សប្បាយចិត្តនោះទេ។ វាជាកាតព្វកិច្ចដែលគាត់ដាក់លើខ្លួនឯងរាល់ថ្ងៃ។

ទោះបីជាយើងមិនបានក្លាយជាគូស្វាមីភរិយាក៏ដោយ យើងនៅតែមានឱកាសជួបគ្នាម្តងម្កាល ជាពិសេសនៅថ្ងៃបុណ្យអុំទូករបស់សហគមន៍ខ្មែរនៅទីក្រុងឡូវែល។

ខ្ញុំចូលចិត្តពិធីបុណ្យនោះណាស់។ ខ្ញុំចូលចិត្តសំឡេងស្គរឆៃយ៉ាំ សំឡេងមនុស្សសើចសប្បាយ ក្លិនម្ហូបខ្មែរ ម្ហូបឡាវ និងសំឡេងភាសាខ្មែរដែលខ្ញុំស្តាប់ហើយមិនសូវយល់ ប៉ុន្តែធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ។ ខ្ញុំតែងតែទៅជួប កុសលនៅទីប្រណាំងទូក នាមាត់ស្ទឹងឡូវែល។

ខ្ញុំបានឃើញគាត់កំពុងជួយរៀបចំតុនៅតង់របស់វត្តខ្មែរក្រោម គាត់ស្លៀកពាក់ពាក់សាមញ្ញ ជួយលើករបស់របរជាមួយយុវជនខ្មែរក្រោមជាច្រើននាក់។ ខ្ញុំឈរមើលគាត់ពីចម្ងាយ។ នៅក្នុងចិត្តខ្ញុំគិតថា បើគាត់ជាស្វាមីរបស់ខ្ញុំ ប្រហែលជាខ្ញុំនឹងមានឱកាសជួយគាត់រៀបចំអ្វីៗទាំងនេះ ហើយយើងនឹងទៅទិញម្ហូបអាហារជាមួយគ្នា ហើយអង្គុយមើលការប្រណាំងទូកជាមួយគ្នាផងដែរ។ ប៉ុន្តែព្រហ្មលិខិតមិនបានផ្តល់ពេលវេលានោះឱ្យខ្ញុំទេ។

ពេលគាត់មើលឃើញខ្ញុំ គាត់ដើរមកជិត។

“អែន! អូនមកយូរហើយឬនៅ?។”

ខ្ញុំញញឹម។

“មែនហើយ។ ខ្ញុំមកយូរដែរហើយ ខ្ញុំមកមើលបងរៀបចំតង់។ »

គាត់ស្ងៀមបន្តិច។

“អូន មិនចាំបាច់ធ្វើបែបនេះទេ។ បើមកហើយ ម៉ោះ! រកអីញ៉ាំបន្តិចសិនទៅ។»

ខ្ញុំសើចតិចៗ ទោះបីជាចិត្តខ្ញុំបៀមនូវការឈឺចាប់ក៏ដោយ។

យើងដើរតាមមាត់ស្ទឹងឡូវែលជាមួយគ្នា។ ខ្យល់ត្រជាក់បក់មកប៉ះមុខខ្ញុំ ហើយទូកប្រណាំងចប់មួយគូដល់មួយគូទៀត។ អ្នកចែវទូកប្រឹងណាស់ ប្រឹងចែវក្រោមក្រោមពន្លឺថ្ងៃដ៏ចាំងចែស។

ខ្ញុំសួរគាត់ថា៖

“កុសល តើបងធ្លាប់គិតទេថា បើបងមិនសូវខ្វល់ខ្វាយអំពីកម្ពុជាក្រោម បងប្រហែលជាមានគ្រួសារមួយរួចទៅហើយ?»

គាត់ឈប់ដើរ។

“បងធ្លាប់គិតដែរ។”

“ហើយបងមិនសោកស្តាយទេឬ?»

គាត់មើលទៅទឹកស្ទឹង។

“បងសោកស្តាយដែលធ្វើឱ្យផ្លូវចិត្តអូនឈឺចាប់អែន។ ប៉ុន្តែបងមិនសោកស្តាយដែលបងបានព្យាយាមជួយជាតិរបស់បងទេ។”

សម្ដីនេះនាំអោយខ្ញុំមានអារម្មណ៍ថា ទឹកភ្នែកខ្ញុំចេញមកហៀហូរទប់មិនជាប់ ។

“ចុះសេចក្តីស្រឡាញ់របស់យើងវិញ?»

គាត់បែរមកមើលខ្ញុំ។

“សេចក្តីស្រឡាញ់នោះពិតប្រាកដណាស់អែន។ តែពេលខ្លះ ការស្រឡាញ់មិនមានន័យថា យើងត្រូវតែរស់នៅជាមួយគ្នានោះឡើយ។”

ទឹកភ្នែកខ្ញុំមកលើសមុន។

ខ្ញុំបានឱបគាត់មួយភ្លែត។ គាត់មិនបានរុញខ្ញុំចេញទេ ហើយក៏គាត់ក៏មិនបានវិញដែរ។ ពេលនោះ ខ្ញុំបានដឹងថា ការបែកគ្នាដែលឈឺចាប់បំផុត មិនមែនជាការបែកគ្នារវាងមនុស្សពីរនាក់ ដែលឈប់ស្រឡាញ់គ្នាទេ តែវាជាការបែកគ្នារវាងមនុស្សពីរនាក់ ដែលនៅតែស្រឡាញ់គ្នា ប៉ុន្តែពួកយើងមានផ្លូវជីវិតដែលត្រូវដើរខុសគ្នា។

ខ្ញុំបានបញ្ចប់ការសិក្សាដោយការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ។ ពីកម្មកររោងចក្រម្នាក់ ខ្ញុំបានបន្តដំណើររហូតក្លាយជាវេជ្ជបណ្ឌិតឯកទេសជំងឺកុមារ។

ថ្ងៃដែលខ្ញុំទទួលបានដំណឹងថាខ្ញុំបានសម្រេចគោលដៅដ៏ធំបំផុតក្នុងជីវិត ខ្ញុំបានយំ ជាការយំព្រោះតែក្ដីរំភើប។ ខ្ញុំមានផ្ទះមួយ មានរថយន្តBMWថ្មីមួយគ្រឿង មានការងារដែលខ្ញុំស្រឡាញ់ និងមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់រស់នៅយ៉ាងសុខស្រួល។ មិត្តរួមការងាររបស់ខ្ញុំបានអបអរសាទរ។ មនុស្សជាច្រើននិយាយថា ខ្ញុំជាស្ត្រីដែលទទួលបានជោគជ័យម្នាក់។ ប៉ុន្តែមនុស្សតែម្នាក់ដែលខ្ញុំចង់ឱ្យមកអបអរសាទរខ្ញុំបំផុត គឺកុសល។

ខ្ញុំបានទូរស័ព្ទទៅគាត់។

“បងកុសល! ខ្ញុំបានរៀនចប់ និងក្លាយជាវេជ្ជបណ្ឌិតហើយ។”

សំឡេងរបស់គាត់ពោរពេញដោយក្តីរីករាយ។

“អែន! បងចូលរួមអបអរសាទរផងណា! បងពិតមានមោទនភាពចំពោះអូនណាស់។ អូនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតអូនបានសម្រេចក្តីស្រមៃរបស់អូនហើយ។”

ខ្ញុំស្ងៀមមួយភ្លែត រួចនិយាយថា៖

“អូនចង់ជួបបង តើយើងអាចជួបគ្នាបានទេ?»

គាត់យល់ព្រម។

យើងបានជួបគ្នានៅហាងកាហ្វេ។ ខ្ញុំស្លៀកពាក់ស្អាត ហើយមានអារម្មណ៍ថា ជីវិតខ្ញុំបានឈានដល់ដំណាក់កាលថ្មីមួយ។ កុសលមកដល់យឺតបន្តិច ដោយសារគាត់ជាប់រវល់នឹងការងារនៅវត្ត។ គាត់អង្គុយទល់មុខខ្ញុំ ហើយញញឹម។

“អូនមើលទៅស្រស់ស្អាតណាស់អែន។”

ខ្ញុំញញឹមតប។

“អរគុណ។ អូនចង់ឱ្យបងដឹងថា អូនបានសម្រេចក្តីស្រមៃរបស់អូនហើយ។ ឥឡូវនេះ អូនមានការងារល្អ មានផ្ទះ មានឡាន ហើយអូនអាចមើលថែខ្លួនឯងបាន។ អូនមិនឱ្យបងព្រួយបារម្ភអំពីអនាគតរបស់អូនទៀតទេ។”

កុសលមិននិយាយអ្វី។

ខ្ញុំចាប់ដៃគាត់។

“បងកុសល ឥឡូវនេះបងអាចទទួលយកអូនបានហើយឬនៅ? អូនមិនត្រូវការឱ្យបងផ្តល់ជីវិតប្រណីតឱ្យអូនទេ។ អូនគ្រាន់តែចង់រស់នៅជាមួយបងប៉ុណ្ណោះ។ អូនអាចជួយបងក្នុងការងារសង្គមបាន។ អូនអាចចូលរួមជួយ ខ្មែរក្រោម និងជួយអ្នកដែលត្រូវការការព្យាបាលបាន។”

គាត់ដកដង្ហើមវែងៗ។

“អែន អូនជាមនុស្សដ៏អស្ចារ្យម្នាក់។ បងមិនដែលមានការសង្ស័យពីសេចក្តីស្រឡាញ់របស់អូនទេ។”

“បើដូច្នោះ ហេតុអ្វីបានជាបងមិនព្រមរៀបការជាមួយអូន?»

គាត់ដកដៃចេញយឺតៗ។

“ព្រោះបងមិនចង់ឱ្យអូនចំណាយជីវិតរបស់អូនដើម្បីរង់ចាំមនុស្សម្នាក់ដែលមិនអាចផ្តល់អ្វីដែលអូនចង់បាន។”

ខ្ញុំស្រក់ទឹកភ្នែក។

“តើការរស់នៅជាមួយខ្ញុំ ជាការប្រឆាំងនឹងមាតុភូមិរបស់បងមែនទេ?»

“មិនមែនទេអែន។ អូនមិនមែនជាឧបសគ្គចំពោះការងាររបស់បងឡើយ។ អូនជាមនុស្សដែលបងស្រឡាញ់ តែបងបានជ្រើសរើសរបៀបរស់នៅមួយ ដែលត្រូវការការលះបង់យ៉ាងខ្លាំង បងមិនដឹងថាបងអាចផ្តល់ពេលវេលា និងការយកចិត្តទុកដាក់ ដែលអូនសមនឹងទទួលបានឬអត់ទេ។”

ខ្ញុំឆ្លើយតបទៅគាត់ដោយសំឡេងញ័រៗបន្តិច៖

“អូនមិនចង់បានបុរសដែលអាចផ្តល់អ្វីៗគ្រប់យ៉ាងឱ្យអូននោះទេ។ អូនចង់បានតែបងប៉ុណ្ណោះ។”

គាត់សម្លឹងមើលខ្ញុំយ៉ាងយូរ។

“នោះហើយជាមូលហេតុដែលបងឈឺចាប់ណាំអែន។ បងដឹងថាអូនស្រឡាញ់បងប៉ុណ្ណា។ ហើយបងក៏ស្រឡាញ់អូនណាស់ដែរ។ ប៉ុន្តែបងមិនចង់ចងអូនឱ្យនៅជាប់នឹងជីវិត ដែលបងមិនអាចធានាថានឹងមានសុភមង្គលសម្រាប់អូនឡើយ។”

ខ្ញុំយំខ្សឹកខ្សួលដោយមិនខ្មាសអៀន។

“បងមិនអាចសម្រេចជំនួសអូនបានទេ បងកុសល។ អូនជាមនុស្សពេញវ័យ។ អូនអាចជ្រើសរើសជីវិតរបស់អូនបាន។”

គាត់ងក់ក្បាល។

“បងដឹង។ តែបងក៏ត្រូវសម្រេចចិត្តអំពីជីវិតរបស់បងដែរ។”

ពាក្យចុងក្រោយនោះបានបិទទ្វារនៃក្តីសង្ឃឹមរបស់ខ្ញុំជិតឈឹង។ ខ្ញុំច្បាស់ក្នុងចិត្តថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តគាត់បានទេ។ ការក្លាយជាវេជ្ជបណ្ឌិតមិនអាចធ្វើឱ្យគាត់ប្តូរការសម្រេចចិត្តបានឡើយ។ ការមានផ្ទះ និងរថយន្តមិនអាចទិញបាននូវសេចក្តីស្រឡាញ់ដែលត្រូវការ ការរស់នៅជាមួយគ្នាបានដែរ។ យើងបានចាកចេញពីហាងកាហ្វេនោះដោយមិនមានពាក្យសន្យាអ្វីថ្មីឡើយ។ ខ្ញុំត្រឡប់ទៅផ្ទះដែលខ្ញុំបានខិតខំសាងសង់ដោយខ្លួនឯង ហើយអង្គុយម្នាក់ឯងក្នុងបន្ទប់ទទួលភ្ញៀវ។ ខ្ញុំមានអ្វីៗដែលខ្ញុំធ្លាប់សុបិនចង់បាន។ ប៉ុន្តែខ្ញុំមិនមានបុរសដែលខ្ញុំស្រឡាញ់នៅជាមួយខ្ញុំឡើយ។

ក្រោយពីថ្ងៃនោះមក ខ្ញុំបានព្យាយាមបន្តជីវិតរបស់ខ្ញុំ។ ខ្ញុំទៅធ្វើការនៅមន្ទីរពេទ្យរៀងរាល់ថ្ងៃ ពិនិត្យជំងឺកុមារ ផ្តល់ការព្យាបាល និងលួងលោមឪពុកម្តាយ ដែលតែងតែព្រួយបារម្ភអំពីសុខភាពកូនរបស់ពួកគេ។ ខ្ញុំបានរៀនថា ការជួយមនុស្សដែលកំពុងឈឺចាប់ គឺជាការងារដ៏មានតម្លៃមួយ។ ពេលខ្ញុំឃើញកុមារដែលឈឺធ្ងន់ចាប់ផ្តើមជាសះស្បើយ ខ្ញុំមានអារម្មណ៍ថា ជីវិតរបស់ខ្ញុំមានន័យ។ ប៉ុន្តែរាល់ពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញ ភាពស្ងប់ស្ងាត់នៅក្នុងផ្ទះ តែងតែរំឭកខ្ញុំអំពីកុសល។ ខ្ញុំមិនបានឈប់ស្រឡាញ់គាត់ទេ។ ខ្ញុំគ្រាន់តែរៀនរស់នៅដោយគ្មានគាត់តែប៉ុណ្ណោះ។ មួយឆ្នាំម្តង ខ្ញុំនៅតែទៅពិធីបុណ្យអុំទូកនៅឡូវែល។ ខ្ញុំដឹងថា កុសលនឹងមកចូលរួម ព្រោះគាត់តែងតែជួយការងារសហគមន៍ខ្មែរក្រោម។

ពេលខ្លះ ខ្ញុំបានឃើញគាត់ពីចម្ងាយ។ គាត់នៅតែជួយរៀបចំពិធីបុណ្យ នៅតែសន្ទនាជាមួយយុវជនខ្មែរក្រោម និងនៅតែចូលរួមសកម្មភាពផ្សេងៗដើម្បីថែរក្សាវប្បធម៌ ប្រពៃណីខ្មែរក្រោម។ គាត់មើលទៅមិនសូវខុសពីមុនឡើយ គាត់មានសក់ស្កូវបន្តិច ហើយទឹកមុខរបស់គាត់កាន់តែជ្រីវជ្រួញជាងមុន។

ខ្ញុំមិនដើរទៅរំខានគាត់ទេ។ ខ្ញុំគ្រាន់តែឈរមើល ហើយនឹកឃើញដល់ថ្ងៃដែលខ្ញុំធ្លាប់ទិញកាហ្វេឱ្យគាត់ កាលនៅធ្វើការងារនៅរោងចក្រ នឹកឃើញដល់ថ្ងៃដែលខ្ញុំប្រាប់គាត់ថា ខ្ញុំស្រឡាញ់គាត់ នឹកឃើញដល់ថ្ងៃដែលយើងដើរជាមួយគ្នានៅមាត់ស្ទឹងឡូវែល ហើយនិយាយអំពីសេចក្តីស្រឡាញ់ ដែលមិនអាចនាំយើងទៅរកអាពាហ៍ពិពាហ៍បាន។

ថ្ងៃមួយ ខ្ញុំបានជួបគាត់ម្តងទៀតនៅក្បែរស្ទឹង។ គាត់កំពុងឈរមើលទឹកស្ទឹងហូរ។ ខ្ញុំដើរទៅជិតដោយមិនបានប្រាប់ជាមុន។

“បង កុសល។”

គាត់ងាកមក ហើយញញឹម។

“អែន។ សុខសប្បាយទេ?»

“ខ្ញុំសុខសប្បាយទេ។ ចុះបងវិញ?»

“ខ្ញុំក៏សុខសប្បាយដែរ។”

យើងឈរស្ងៀមមួយសន្ទុះ។ ខ្ញុំចង់សួរគាត់ពីរឿងជាច្រើន ប៉ុន្តែចុងក្រោយ ខ្ញុំបានសួរតែសំណួរមួយប៉ុណ្ណោះ។

“កុសល តើបងសប្បាយចិត្តនឹងជីវិតដែលអ្នកបានជ្រើសរើសទេ?»

គាត់មើលទៅទឹកស្ទឹង មុននឹងឆ្លើយថា៖

“ខ្ញុំមានពេលខ្លះសប្បាយចិត្ត ហើយមានពេលខ្លះក៏ឯកោដែរ។ ខ្ញុំមិនអាចនិយាយថា ខ្ញុំមិនដែលសោកស្តាយចំពោះអ្វីដែលខ្ញុំបានលះបង់ទេ។ ប៉ុន្តែខ្ញុំជឿថា ខ្ញុំបានធ្វើអ្វីដែលខ្ញុំគិតថាត្រឹមត្រូវ។”

ខ្ញុំងក់ក្បាល។

“ខ្ញុំយល់ហើយ។”

គាត់ងាកមកមើលខ្ញុំ។

“អែន បងចង់ឱ្យអូនមានសុភមង្គល។ បងចង់ឱ្យអូនមានគ្រួសារល្អ មានមនុស្សម្នាក់ដែលអាចនៅក្បែរអូនពេលអូនឈឺ ពេលអូននឿយហត់ និងរាល់ពេលដែលអូនត្រូវការនរណាម្នាក់។”

ខ្ញុំញញឹមទាំងទឹកភ្នែក។

“ខ្ញុំក៏ចង់ឱ្យអ្នកមានសុភមង្គលបែបហ្នឹងដែរ បងកុសល។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ បងនឹងមិនមានអារម្មណ៍ថាត្រូវទទួលបន្ទុកគ្រប់យ៉ាងតែម្នាក់ឯងទៀតទេ។”

គាត់មិនឆ្លើយ។

ខ្ញុំសម្លឹងមើលបុរសដែលខ្ញុំស្រឡាញ់អស់រយៈពេលជាច្រើនឆ្នាំ។ ខ្ញុំដឹងថា ខ្ញុំមិនអាចទាមទារឱ្យគាត់ផ្លាស់ប្តូរជីវិតដើម្បីខ្ញុំបានទេ។ ហើយគាត់ក៏មិនអាចសុំឱ្យខ្ញុំរង់ចាំដោយគ្មានទីបញ្ចប់បានដែរ។

មុនពេលចាកចេញទៅ ខ្ញុំបាននិយាយថា៖

“បងកុសលសល អូនចង់ឱ្យបងដឹងរឿងមួយ។ អូនមិនដែលសោកស្តាយដែលបានស្រឡាញ់បងឡើយ។ ទោះបីជាយើងមិនបានរស់នៅជាមួយគ្នាក៏ដោយ ក៏បងបានបង្រៀនអូនឱ្យយល់ថា សេចក្តីស្រឡាញ់មិនមែនមានតែការទទួលបានអ្វីមួយពីមនុស្សដែលយើងស្រឡាញ់ទេ។ ពេលខ្លះ វាក៏ជាការគោរពការសម្រេចចិត្តរបស់គេ ទោះបីជាការសម្រេចចិត្តនោះធ្វើឱ្យយើងឈឺចាប់ក៏ដោយ។”

ភ្នែករបស់គាត់ចាប់ផ្តើមប្រែទៅជាក្រហម។

“អរគុណអែន។ បងក៏មិនដែលភ្លេចអូនដែរ។”

ខ្ញុំញញឹមជាលើកចុងក្រោយ ហើយដើរចេញពីគាត់យឺតៗ។ ខ្ញុំមិនងាកក្រោយទេ ព្រោះខ្ញុំខ្លាចថា បើខ្ញុំងាកក្រោយ ខ្ញុំនឹងមិនអាចដើរចេញពីទីនោះបានឡើយ។

ចាប់តាំងពីថ្ងៃនោះមក ខ្ញុំមិនបានព្យាយាមសុំឱ្យកុសលរៀបការជាមួយខ្ញុំទៀតទេ។ ខ្ញុំបានទទួលស្គាល់ថា ផ្លូវជីវិតរបស់យើងបានបែកចេញពីគ្នា ហើយសេចក្តីស្រឡាញ់តែមួយមុខ មិនអាចធ្វើឱ្យផ្លូវទាំងពីរនោះរួមបញ្ចូលគ្នាបានឡើយ។

ខ្ញុំមានផ្ទះមួយដែលខ្ញុំអាចត្រឡប់ទៅសម្រាក មានរថយន្តមួយគ្រឿងដែលអាចនាំខ្ញុំទៅគ្រប់ទីកន្លែង និងមានការងារជាវេជ្ជបណ្ឌិតដែលខ្ញុំមានមោទនភាព។ ខ្ញុំមានជីវិតដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។ តែអ្វីដែលខ្ញុំមិនអាចទិញបានដោយប្រាក់កាក់ គឺការរស់នៅជាមួយបុរសដែលខ្ញុំស្រឡាញ់។ ពេលខ្លះ ខ្ញុំសួរខ្លួនឯងថា តើបើកុសលជ្រើសរើសខ្ញុំ ជីវិតរបស់យើងនឹងទៅជាយ៉ាងណា? តើយើងនឹងមានផ្ទះតូចមួយ ដែលពោរពេញដោយសំណើចដែរឬទេ? តើយើងនឹងអង្គុយញ៉ាំអាហារពេលល្ងាចជាមួយគ្នា ហើយនិយាយអំពីរឿងដែលបានកើតឡើងក្នុងមួយថ្ងៃដែរឬទេ? តើយើងនឹងមានកូន ដែលខ្ញុំជាវេជ្ជបណ្ឌិតអាចមើលថែ ហើយកុសលអាចបង្រៀនកូនឱ្យចេះភាសា និងវប្បធម៌របស់បុព្វបុរសខ្មែរក្រោមដែរឬទេ? ខ្ញុំមិនដឹងចម្លើយនោះឡើយ។ ខ្ញុំគ្រាន់តែដឹងថា កុសលបានជ្រើសរើសផ្លូវមួយដែលគាត់ជឿថាមានតម្លៃជាងសុភមង្គលផ្ទាល់ខ្លួន។ គាត់បានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាក់កាសរបស់គាត់ ដើម្បីជួយថែរក្សាភាសា វប្បធម៌ និងសិទ្ធិរបស់ប្រជាជនខ្មែរក្រោម។ ខ្ញុំមិនអាចនិយាយថា ការសម្រេចចិត្តរបស់គាត់ជាការសម្រេចចិត្តត្រឹមត្រូវសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ប៉ុន្តែខ្ញុំដឹងថា វាជាការសម្រេចចិត្ត ដែលគាត់បានជ្រើសរើសដោយស្មោះត្រង់ចំពោះមនសិការរបស់គាត់ ហើយខ្ញុំក៏បានជ្រើសរើសគោរពការសម្រេចចិត្តនោះ ទោះបីជាត្រូវរស់នៅជាមួយការឈឺចាប់ក៏ដោយ។

សព្វថ្ងៃ នៅពេលខ្ញុំឈរមើលទឹកស្ទឹងឡូវែល ខ្ញុំនៅតែនឹកឃើញស្នាមញញឹមរបស់កុសល។ ខ្ញុំនឹកឃើញដល់បុរសម្នាក់ដែលមិនចេះអួតអាង មិនចេះសំញែងទ្រព្យសម្បត្តិ ហើយមិនដែលសន្យាអ្វីដែលគាត់មិនអាចធ្វើបាន។ គាត់ជាបុរសដែលស្រឡាញ់មាតុភូមិរបស់គាត់ដោយបេះដូងទាំងមូល។ ហើយខ្ញុំជាស្ត្រីម្នាក់ដែលបានស្រឡាញ់បុរសនោះ ដោយបេះដូងទាំងស្រុងដូចគ្នា។

យើងមិនបានក្លាយជាប្តីប្រពន្ធ។ យើងមិនបានរស់នៅក្រោមដំបូលផ្ទះតែមួយ។ យើងមិនបានចាស់ជរាជាមួយគ្នាដូចដែលខ្ញុំធ្លាប់ស្រមៃឡើយ តែសេចក្តីស្រឡាញ់នោះនៅតែមាននៅក្នុងការចងចាំរបស់ខ្ញុំ។ ខ្ញុំធ្លាប់គិតថា សេចក្តីស្រឡាញ់ដែលពិតប្រាកដ គឺជាសេចក្តីស្រឡាញ់ដែលអាចនាំមនុស្សពីរនាក់ឱ្យរស់នៅជាមួយគ្នារហូតដល់ចាស់ជរា។ ក្រោយមក ខ្ញុំបានយល់ថា សេចក្តីស្រឡាញ់មួយចំនួនមិនបានបញ្ចប់ដោយអាពាហ៍ពិពាហ៍ទេ។ សេចក្តីស្រឡាញ់ខ្លះនៅសល់ត្រឹមជាអនុស្សាវរីយ៍ ជាមេរៀនជីវិត និងជាស្នាមជ្រៅមួយដៅជាប់នៅក្នុងបេះដូង។

ប្រសិនបើមាននរណាម្នាក់សួរខ្ញុំថា តើខ្ញុំសោកស្តាយដែលបានស្រឡាញ់កុសលឬអត់ ខ្ញុំនឹងឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ “ខ្ញុំមិនសោកស្តាយដែលបានស្រឡាញ់គាត់ទេ។ ខ្ញុំគ្រាន់តែសោកស្តាយដែលជីវិតមិនបានផ្តល់ឱកាសឱ្យយើងរស់នៅជាមួយគ្នាប៉ុណ្ណោះ។”

កុសលបានជ្រើសរើសបូជាជីវិតរបស់គាត់ដើម្បីជួយមាតុភូមិខ្មែរក្រោម។ ចំណែកខ្ញុំបានជ្រើសរើសបន្តជីវិតរបស់ខ្ញុំ ដោយយកការឈឺចាប់នោះធ្វើជាកម្លាំងដើម្បីជួយអ្នកជំងឺ និងកុមារដែលត្រូវការជំនួយ។

ខ្ញុំមានអ្វីៗស្ទើរតែគ្រប់យ៉ាងក្នុងជីវិត ប៉ុន្តែខ្ញុំមិនដែលមានបុរសម្នាក់ដែលខ្ញុំចង់ចែករំលែកអ្វីៗទាំងអស់ជាមួយគាត់ឡើយ។ បុរសនោះនៅតែរស់នៅក្នុងការចងចាំរបស់ខ្ញុំ ដូចជាទឹកស្ទឹងដែលហូរមិនឈប់។ នៅពេលខ្ញុំគិតដល់គាត់ ខ្ញុំនៅតែចង់និយាយពាក្យមួយដែលខ្ញុំមិនធ្លាប់មានឱកាសនិយាយឱ្យគាត់ស្តាប់៖

“កុសល! ប្រសិនបើជាតិក្រោយមានពិត សូមឱ្យយើងបានជួបគ្នាម្តងទៀត។ នៅជាតិនោះ សូមឱ្យបងនៅតែអាចបំពេញកាតព្វកិច្ចចំពោះមាតុភូមិរបស់បង ហើយក៏មានពេលគ្រប់គ្រាន់សម្រាប់សេចក្តីស្រឡាញ់របស់យើងផងដែរ។”


No comments:

Post a Comment