by C write
បាយល្ងាចទើបតែហើយ។ គ្រួសារខ្ញុំដែលមានសមាជិកជិតម្ភៃនាក់ អង្គុយ មើលទូរទស្សន៍ជុំគ្នា។ ម៉ែខ្ញុំយកចិត្តទុកដាក់នឹងព័ត៌មាន នយោបាយណាស់ ព្រោះគាត់ធ្លាប់គេចាប់ដាក់គុកនៅសម័យ ក៥ នាឆ្នាំ១៩៨៦។
ព័ត៌មានអំពីការចុះសួរសុខទុកគ្រួសារជនរងគ្រោះ ដែលទទួល មរណៈភាព នៅលើស្ពានកោះពេជ គឺពេញនិយមជាងគេ ទូរទស្សន៍ណាក៏មានដែរ និង មានព៌ត័មានអំពីគម្រោងរៀបចំការ បោះឆ្នោត ដែលរៀបចំដោយ គ. ជ. ប។ អ្នកផ្ទះខ្ញុំយករឿងការ បោះឆ្នោតមកជជែកគ្នា ដែលធ្វើឲ្យខ្ញុំគិតច្រើន ពីការបោះឆ្នោត កាលពីអណត្តិមុនៗ។
រាល់ពេលដែលកាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តជិតមកដល់ គណៈបក្សខ្លះខំខ្នះខ្នែងចុះពង្រឹងមូលដ្ឋាន តាមការណែនាំរបស់ ថ្នាក់លើ ដើម្បីគៀងគរប្រជាជនឲ្យបោះឆ្នោតឲ្យ។ សន្លឹកឆ្នោតមាន តម្លៃ មនុស្សមានតម្លៃ ហើយការចុះសាកសួរប្រជាពលរដ្ឋក៏កាន់ តែមានតម្លៃណាស់ទៅទៀត ព្រោះមន្រ្ដីសកម្មទាំងឡាយ មានឧកាសដើរលេង ដើរស៊ីចាយប្រាក់របស់បក្ស និងមានឧកាស បង្ហាញសេចក្ដីទុកចិត្តដល់មេបក្សផង។
អ្នកឃោសនា តែងតែនាំយកទៅជាមួយនូវសម្ភារៈដែលមានតម្លៃថោកៗ ដូចជាប៊ីចេង ចានឆ្នាំង សម្លៀកបំពាក់ជជុះ សារ៉ុង ក្រម៉ា យកទៅជូនប្រជាជនដល់ភូមិឃុំ ដល់ផ្ទះ បើមិនជួប ក៏ផ្ញើទុកឲ្យមេភូមិចែកជំនួសដែរ។ ទង្វើទាំងនេះសម្ដែងឲ្យឃើញពីការយកចិត្តទុកដាក់ របស់មន្រ្ដីរាជការ ដែលស្មោះត្រង់នឹងបក្ស ចង់ឲ្យបក្សមានជោគជ័យក្នុងការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ។
មានមន្រ្ដីខ្លះទៀត កាន់តំណែងធំគួរសម តែប្រាក់បៀវត្សតិច តែត្រូវបក្សកំណត់ទិសដៅ ឲ្យទៅទទួលបន្ទុក ទៅឈរជាប្រធាន ផ្នែកឃោសនា ឬ ហៅថាប្រធានប្រចាំតំបន់ ដែលមិនមែនជា បេក្ខជនតំណាងរាស្រ្ដ ក៏តាំងភ័យព្រួយ ព្រោះខ្លួនខ្វះខាតថវិការ ក៏តាំងខ្ចីបុលគេយ្ទៅទិញសារ៉ុង ប៊ីចេង សម្រាប់ចុះចែកប្រជាជន បើមិនធ្វើអីចឹងទេ ខ្លាចបោះឆ្នោតចាញ់ បក្សដកសេចក្ដីទុកចិត្ត ឈប់ឲ្យការងារធ្វើ ឬដកតំណែង ពិសេសខ្លាចក្រុមប្រឆាំងអំពើពុក រលួយណាស់ ព្រោះខ្លួនក៏មានឈ្មោះល្ហៀងៗដែរ។
រាល់ឆ្នាំខ្ញុំបានអំណោយ ដែលបក្សហៅថារបស់អនុស្សាវរីយ អំណោយនោះមានលុយ ២០,០០០៛ និងសារ៉ុងមួយ និងបានរាំធុងបាសកម្សាន្តផងដែរ។ អ្នកដែលធ្វើការនៅមន្ទីរជាមួយខ្ញុំសុទ្ធតែទទួលបានលុយ ២០,០០០៛ និងសារ៉ុងមួយដូចគ្នា។ បងប្អូនទាំងប្រាំពីរនាក់ និងក្មួយៗទាំង៥នាក់ ម្នាក់ៗសុទ្ធតែបានទទួលអំណោយពីគណបក្សប្រចាំខេត្ត។ប្រាក់ទាំងអស់ម៉ែខ្ញុំប្រាប់ថា កុំចាយ សារ៉ុង ក៏មិនគួរប្រើដែរ ត្រូវយកទៅឲ្យអ្នកក្រៗជាងយើងវិញ។
ក្មួយរបស់ខ្ញុំតែងតែសួរទៅយាយរបស់ខ្លួនថា ហេតុអ្វីមិនឲ្យចាយប្រាក់ ដែលបានមកពីអំណោយដ៏សប្បុរសរបស់គណបក្សនយោបាយ? ម៉ែខ្ញុំប្រាប់ទៅចៅរបស់គាត់ថា ប្រាក់នេះមិនល្អទេ។ ម៉ែក៏ពន្យល់ពីហេតុផលថា ពួកអ្នកឲ្យប្រាក់ ឲ្យសារ៉ុងយើង គ្នាពិបាករកណាស់ ចៅគិតមើលមនុស្សទូទាំងស្រុក ខ្មែរប៉ុន្មានលាននាក់ដែលទទួលអំណោយរាល់ៗពេលមុនបោះឆ្នោត? ហើយលុយដែលគេឲ្យយើងមិនមែនជប់បានទេ គឺប្រឹងធ្វើការណាស់ទើបបាន។
ម៉េចក៏លោកយាយទៅយកមកផ្ទះធ្វើអី បើយកមករាល់ដងមិនចាយ មិនប្រើ សូម្បីប៊ីចេងក៏មិនបង់សម្លរដែរអីចឹងនោះ។
យាយមិនចង់ទៅយកទេ តែអ្នកឲ្យយើងគេចាំតែសម្គាល់ បើមិនឃើញយើងទៅយក គ៏ចោទថាយ់ងជាមនុស្សក្នុងបក្សផ្សេង។ បើគេចោទយើងហើយ យើងរស់មិនបានសុខទេណាចៅ។
តែការជួបសំណេះសំណាល និងឲ្យអំណាយនេះ អ្នកឲ្យគេថាមិនមែនដើម្បីបង្ខំឲ្យបោះឆ្នោតឲ្យបក្សគេនោះទេ គឺឲ្យយើងកុំភ្លេចទៅបោះឆ្នោត និងបោះតាមសម្រួលទេតើ។
ចៅឮគេថា “អស់លោកប្រហែលទទួលបានការណែនាំខ្លះៗហើយពីលោកមេភូមិ ថាត្រូវគូសយ៉ាងម៉េចលើសន្លឹកឆ្នោត គូសលេខប៉ុន្មាន និងផ្ដល់អនុសាសន៍ផ្សេងៗសម្រាប់ពេលបោះឆ្នោតផងដែរ”។ ហើយអ្នកទៅទទួលអំណោយម្នាក់ៗតាមមើលទៅ ដូចជារីករាយណាស់ នាំគ្នាទះដៃលាន់ប្រាវៗគ្រប់ៗគ្នា។
ចៅនៅក្មេងណាស់ ពេលចៅចូលរៀនមហាវិទ្យល័យ ចៅនឹងដឹងហើយ ថាអ្នកនយោបាយគេគិត គេធ្វើ គេបានប្រាក់ពីណា យកមកទិញសារ៉ុង ប៊ីចេង និងចែកលុយទាំងក្ដាប់ៗឲ្យប្រជាជននោះ។
មានអីក្រៅពីពុករលួយកូន។ ពួកនេះ បានប្រាក់មកឲ្យយើង គឺដោយសារអំពើពុករលួយរបស់គេហ្នឹងឯង(បងប្រុសខ្ញុំប្រាប់កូនរបស់គាត់)។
កុំប្រាប់ក្មេងអីចឹង មិនល្អទេកូន(ម្ដាយខ្ញុំនិយាយកាត់សម្ដីបងខ្ញុំ)។
តែកូនមិនជឿទេ បើមានមន្រ្ដីទាំងនោះពុករលួយមែន ម៉េចក៏ផ្នែកកំចាត់អំពើពុករលួយមិនចាប់ពួកគេ?
ស្រេចតែចៅយល់ទៅចុះ តែយាយសុំយកអំណោយដែលនឹងបានខាងមុខនេះ ទៅប្រគេនព្រះសង្ឃ ឬយកទៅចែកក្មេងរើសអេតចាយទៀតហើយណាចៅ។
ក្មួយខ្ញុំមិននិយាយអីទៀតទេ គេលាន់មាត់ថា អ្នកនយោបាយដែលតែងតែ ចែកអំណោយ មុនពេលបោះឆ្នោតប្រហែលជាមានឧបាយសម្ងាត់ច្រើនហើយ ដែលត្រូវតាមរកឲ្យបានដឹង មុននឹងផ្ដល់សន្លឹកឆ្នោតទៅគណបក្សណាមួយ។
ខ្ញុំគ្មានយោបល់ ព្រោះរង្វាន់ពីអ្នកនយោបាយ មិនដែលបានស៊ី បានចាយម្ដងណាឡើយ ម៉ែប្រមូលយកទៅឲ្យគេហ្មត់។ តែបាន រាំធុងបាសដែរ ឯសន្លឹកឆ្នោតវិញអត់បោះឲ្យទេ ព្រោះឃើញធ្វើបាបប្រជាជននឹងមុខៗ។ ប្រាំឆ្នាំម្ដងឲ្យប៊ីចេងមួយកញ្ចប់ សារ៉ុងមួយ ប្រាក់២០,០០០រៀល អត់លក់សន្លឹកឆ្នោតឲ្យទេ!!!
យ៉ាប់ហើយៗ ប្រជាធិបតេយ្យកម្ពុជា...
ReplyDeleteមុនពេលបោះឆ្នោត ហាសៗៗ ចែកអំណោយ...
ក្រោយពេលបោះឆ្នោត ហាសៗៗ ប្រមូលថ្លៃអំណោយទាំងដើមទាំងការតែម្តង...
បើនិយាយពីការបោះឆ្នោតវិញ ពេលខ្លះក៏មានផលវិបត្តិដែរ ចំពោះអ្នកដែលអត់មានឯកសារគ្រប់គ្រាន់។ ធុញអើយធុញ... ខ្ញុំធ្វើអត្តសញ្ញាណបណ្ណជិតម៉ាឆ្នាំហើយ អត់ទាន់បាន... ពេលទៅសួរ ថាចៅហ្វាយក្រុង អត់ទាន់ចុះហត្ថលេខា (ព្រោះមិនទាន់បង់ថ្លៃហត្ថលេខា!!!)
We must change.
ReplyDelete