Thursday, December 9, 2010

បោះឆ្នោតស្រុកយើង

by C write
បាយល្ងាចទើបតែហើយ។ គ្រួសារខ្ញុំដែលមានសមាជិកជិតម្ភៃនាក់ អង្គុយ មើលទូរទស្សន៍ជុំគ្នា។ ម៉ែខ្ញុំយកចិត្តទុកដាក់នឹងព័ត៌មាន នយោបាយណាស់ ព្រោះគាត់ធ្លាប់គេចាប់ដាក់គុកនៅសម័យ ក៥ នាឆ្នាំ១៩៨៦។ 

ព័ត៌មានអំពីការចុះសួរសុខទុកគ្រួសារជនរងគ្រោះ ដែលទទួល មរណៈភាព នៅលើស្ពានកោះពេជ គឺពេញនិយមជាងគេ ទូរទស្សន៍ណាក៏មានដែរ និង មានព៌ត័មានអំពីគម្រោងរៀបចំការ បោះឆ្នោត ដែលរៀបចំដោយ គ. ជ. ប។ អ្នកផ្ទះខ្ញុំយករឿងការ បោះឆ្នោតមកជជែកគ្នា ដែលធ្វើឲ្យខ្ញុំគិតច្រើន ពីការ​បោះឆ្នោត កាលពីអណត្តិមុនៗ។

រាល់ពេលដែលកាបោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្តជិត​មក​ដល់ គណៈបក្ស​ខ្លះ​ខំ​ខ្នះខ្នែង​ចុះ​ពង្រឹងមូលដ្ឋាន តាមការណែនាំរបស់ ថ្នាក់លើ ដើម្បី​គៀង​គរប្រជាជន​ឲ្យបោះ​ឆ្នោតឲ្យ។ ​សន្លឹកឆ្នោតមាន តម្លៃ មនុស្ស​មាន​តម្លៃ ហើយការចុះសាកសួរប្រជា​ពល​រ​ដ្ឋ​ក៏កាន់ តែមាន​តម្លៃ​ណាស់ទៅទៀត ព្រោះមន្រ្ដីសកម្មទាំងឡាយ មាន​ឧកាសដើរលេង ដើរស៊ីចាយប្រាក់របស់បក្ស និងមានឧកាស បង្ហាញសេចក្ដី​ទុកចិត្ត​ដល់មេបក្សផង។ 

អ្នកឃោសនា តែងតែនាំយកទៅជាមួយនូវសម្ភារៈដែលមានតម្លៃ​ថោកៗ ដូចជា​ប៊ីចេង ចានឆ្នាំង សម្លៀកបំពាក់ជជុះ សារ៉ុង ក្រម៉ា យកទៅជូនប្រជាជន​ដល់​ភូមិឃុំ ដល់ផ្ទះ បើមិនជួប ក៏ផ្ញើទុកឲ្យមេ​ភូមិ​ចែកជំនួសដែរ។ ទង្វើទាំងនេះ​សម្ដែង​ឲ្យឃើញពីការយកចិត្តទុក​ដាក់ របស់មន្រ្ដីរាជការ ដែលស្មោះត្រង់នឹង​បក្ស ​ចង់ឲ្យបក្សមាន​ជោគជ័យក្នុងការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ។ 

មានមន្រ្ដីខ្លះទៀត កាន់តំណែងធំគួរសម តែប្រាក់បៀវត្សតិច តែ​ត្រូវបក្ស​កំណត់​ទិសដៅ ឲ្យទៅទទួលបន្ទុក ទៅឈរជាប្រធាន ផ្នែកឃោសនា ឬ ហៅ​ថាប្រធានប្រចាំ​តំបន់ ដែលមិនមែនជា បេក្ខជនតំណាងរាស្រ្ដ ក៏តាំងភ័យ​ព្រួយ ព្រោះខ្លួនខ្វះខាតថវិការ ក៏​តាំងខ្ចីបុលគេយ្ទៅទិញសារ៉ុង ប៊ីចេង សម្រាប់ចុះចែក​ប្រជា​ជន បើ​មិនធ្វើអីចឹងទេ ខ្លាចបោះឆ្នោតចាញ់ បក្ស​ដកសេចក្ដីទុកចិត្ត ឈប់​ឲ្យការងារធ្វើ ឬដកតំណែង ពិសេសខ្លាចក្រុមប្រឆាំង​អំពើ​ពុក រលួយ​ណាស់ ព្រោះខ្លួនក៏មានឈ្មោះល្ហៀងៗដែរ។ 

រាល់ឆ្នាំខ្ញុំ​បាន​អំណោយ​ ដែល​បក្ស​ហៅថារបស់​អនុស្សាវរីយ អំណោយ​​នោះ​មាន​លុយ ២០,០០០៛ និង​សារ៉ុង​មួយ និងបានរាំធុង​បាសកម្សាន្តផងដែរ។ អ្នក​ដែល​ធ្វើការ​នៅ​មន្ទីរជាមួយ​ខ្ញុំសុទ្ធ​តែ​ទទួល​បាន​លុយ ២០,០០០៛ និង​សារ៉ុង​មួយ​ដូចគ្នា។ បងប្អូន​ទាំងប្រាំ​ពីរនាក់ និងក្មួយៗទាំង៥នាក់ ម្នាក់ៗសុទ្ធតែបានទទួល​អំណោយពី​គណបក្សប្រចាំខេត្ត។ប្រាក់ទាំងអស់ម៉ែខ្ញុំប្រាប់ថា កុំចាយ សារ៉ុង​ ក៏​មិនគួរប្រើដែរ ត្រូវយកទៅឲ្យអ្នកក្រៗជាងយើងវិញ។

ក្មួយរបស់ខ្ញុំតែងតែសួរទៅយាយរបស់ខ្លួនថា ហេតុអ្វីមិនឲ្យចាយ​ប្រាក់ ដែល​បាន​មកពីអំណោយដ៏សប្បុរសរបស់គណបក្ស​នយោ​បាយ? ម៉ែខ្ញុំប្រាប់​ទៅ​ចៅ​របស់គាត់ថា ប្រាក់នេះមិនល្អទេ។ ម៉ែក៏​ពន្យល់ពីហេតុផលថា ពួកអ្នកឲ្យ​ប្រាក់ ឲ្យសារ៉ុងយើង គ្នាពិបាករក​ណាស់ ចៅគិតមើលមនុស្សទូទាំងស្រុក ខ្មែរ​ប៉ុន្មានលាននាក់ដែល​ទទួល​អំណោយរាល់ៗពេលមុនបោះឆ្នោត? ហើយលុយ​ដែលគេ​ឲ្យយើងមិនមែនជប់បានទេ គឺប្រឹងធ្វើការណាស់ទើបបាន។

ម៉េចក៏លោកយាយទៅយកមកផ្ទះធ្វើអី បើយកមករាល់ដងមិន​ចាយ មិនប្រើ សូម្បី​ប៊ីចេង​ក៏មិនបង់សម្លរដែរអីចឹងនោះ។

យាយមិនចង់ទៅយកទេ តែអ្នកឲ្យយើងគេចាំតែសម្គាល់ បើមិន​ឃើញ​យើង​ទៅ​យក គ៏ចោទថាយ់ងជាមនុស្សក្នុងបក្សផ្សេង។ បើគេ​ចោទយើងហើយ យើង​រស់មិនបាន​សុខទេណាចៅ។

តែការជួប​សំណេះសំណាល និងឲ្យអំណាយនេះ អ្នកឲ្យគេថាមិន​មែន​​ដើម្បី​​បង្ខំ​ឲ្យ​បោះឆ្នោត​ឲ្យ​បក្សគេ​នោះ​ទេ គឺ​ឲ្យ​យើងកុំភ្លេចទៅ​បោះឆ្នោត និង​បោះ​​តាម​​សម្រួលទេតើ។

ចៅឮគេថា អស់លោក​ប្រហែលទទួលបានការ​ណែនាំខ្លះៗហើយ​ពី​លោកមេ​ភូមិ ​ថា​ត្រូវគូស​យ៉ាងម៉េច​លើ​សន្លឹកឆ្នោត គូស​លេខ​ប៉ុន្មាន និង​ផ្ដល់​អនុ​សាសន៍​ផ្សេងៗ​​សម្រាប់​ពេល​បោះឆ្នោត​ផង​ដែរ។​ ហើយអ្នកទៅទទួលអំណោយម្នាក់ៗ​តាម​​មើលទៅ ដូច​ជារីក​រាយណាស់ នាំគ្នាទះដៃលាន់ប្រាវៗគ្រប់ៗគ្នា។

ចៅនៅក្មេងណាស់ ពេលចៅចូលរៀនមហាវិទ្យល័យ ចៅនឹងដឹង​ហើយ​ ថា​អ្នក​នយោបាយគេគិត គេធ្វើ គេបានប្រាក់ពីណា យក​មកទិញសារ៉ុង ប៊ីចេង និងចែកលុយទាំងក្ដាប់ៗឲ្យប្រជាជននោះ។​

មានអីក្រៅពីពុករលួយកូន។ ពួកនេះ បានប្រាក់មកឲ្យយើង គឺ​ដោយ​សារអំពើ​ពុក​រលួយរបស់គេហ្នឹងឯង(បងប្រុសខ្ញុំប្រាប់កូន​របស់​គាត់)។

កុំប្រាប់ក្មេងអីចឹង មិនល្អទេកូន(ម្ដាយខ្ញុំនិយាយកាត់សម្ដីបងខ្ញុំ)។

តែ​កូនមិនជឿទេ បើមានមន្រ្ដីទាំងនោះពុករលួយមែន ម៉េចក៏ផ្នែក​កំចាត់​អំពើ​ពុករលួយមិនចាប់ពួកគេ?

ស្រេចតែចៅយល់ទៅចុះ តែយាយសុំយកអំណោយដែលនឹងបាន​ខាង​មុខ​នេះ ទៅប្រគេនព្រះសង្ឃ ឬយកទៅចែកក្មេងរើសអេត​ចាយ​ទៀតហើយណាចៅ។

ក្មួយខ្ញុំមិននិយាយអីទៀតទេ គេលាន់មាត់ថា អ្នកនយោបាយដែល​តែង​តែ ចែកអំណោយ មុនពេលបោះឆ្នោត​ប្រហែលជាមាន​ឧបាយ​សម្ងាត់​ច្រើនហើយ ដែលត្រូវតាមរកឲ្យបានដឹង មុននឹង​ផ្ដល់​សន្លឹកឆ្នោតទៅគណបក្សណាមួយ។

ខ្ញុំគ្មានយោបល់ ព្រោះរង្វាន់ពីអ្នកនយោបាយ មិនដែលបានស៊ី បានចាយម្ដងណាឡើយ ម៉ែប្រមូលយកទៅឲ្យគេហ្មត់។ តែបាន រាំធុងបាសដែរ ឯសន្លឹកឆ្នោតវិញអត់បោះឲ្យទេ ព្រោះឃើញធ្វើ​បាបប្រជាជននឹងមុខៗ។ ប្រាំឆ្នាំម្ដងឲ្យប៊ីចេងមួយកញ្ចប់ សារ៉ុងមួយ ប្រាក់២០,០០០រៀល អត់លក់សន្លឹកឆ្នោតឲ្យទេ!!!


2 comments:

  1. យ៉ាប់​ហើយ​ៗ ​ប្រជា​ធិប​តេយ្យ​កម្ពុជា...
    មុន​ពេល​បោះ​ឆ្នោត ហាសៗៗ ចែក​អំណោយ​...
    ក្រោយ​ពេល​បោះ​ឆ្នោត​ ហាសៗៗ ​ប្រមូល​ថ្លៃ​​អំណោយ​ទាំង​ដើម​ទាំង​ការ​តែ​ម្តង​...
    បើ​និយាយ​ពី​ការ​បោះ​ឆ្នោត​វិញ ពេល​ខ្លះ​ក៏​មាន​ផល​វិបត្តិ​ដែរ​ ចំពោះ​អ្នក​ដែល​អត់​មាន​ឯកសារ​គ្រប់​គ្រាន់​។​ ធុញអើយ​ធុញ​... ​ខ្ញុំ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ជិត​ម៉ា​ឆ្នាំ​ហើយ អត់​ទាន់​បាន​... ពេល​ទៅសួរ​ ថា​ចៅ​ហ្វាយ​ក្រុង​ អត់​ទាន់​​ចុះ​ហត្ថលេខា (​ព្រោះ​មិន​ទាន់​បង់​ថ្លៃ​ហត្ថលេខា​​!!!)

    ReplyDelete